អ្នកនាំពាក្យ៖ កម្ពុជាប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ កម្ពុជាប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែន

អ្នកនាំពាក្យ៖ កម្ពុជាប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែន

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងដា កម្ពុជាបានតវ៉ាជាផ្លូវការ និងជាថ្មីម្តងទៀតកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ជាក់ស្តែង ចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃ បានសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងបានសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះបានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២និងឆ្នាំ ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។

Advertisement

កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃ ក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយព្រះអង្គ នៅតំបន់បុស្សស្បូវជាំតែ ស្រុកជាំក្សាន្តខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារសាងសង់ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបព្រះពុទ្ធបដិមា ក្នុងបំណងបង្កើតជាតំបន់ទេសចរណ៍និងទីតាំងយោធា។សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និងដើមត្រាង (ខេត្តឧត្តរមានជ័យដែលនៅទីនោះកងកម្លាំងថៃបានតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។

សកម្មភាពដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌសីមាព្រំដែនគោកដែលហាមឃាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យមានការប្រែប្រួលរូបរាង ឬបរិស្ថាននៃតំបន់ព្រំដែននិងអាចរារាំងដល់ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) សកម្មភាពទាំងនេះក៏ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ និងគោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងទៀត។ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍៖ ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬដោយស្ថានការណ៍ដែលបង្កើតឡើងជាឯកតោភាគីនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនូវរាល់សកម្មភាពទាំងឡាយ ដែលកងកម្លាំងថៃបំពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយមិនរំលងសូម្បីតែមួយករណីណាឡើយ។ ការតវ៉ានេះ គឺជាភស្តុតាងដែលមានតម្លៃគតិយុត្តិដើម្បីបញ្ជាក់ប្រាប់ភាគីថៃ ថាកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះសកម្មភាពរំលោភបំពានដោយខុសច្បាប់អន្តរជាតិមកលើបូរណភាពទឹកដីកម្ពុជា។ ការតវ៉ានេះក៏ជាកំណត់ត្រាដ៏សំខាន់សម្រាប់សហគមន៍តំបន់និងអន្តរជាតិដើម្បីដឹងលឺពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជា ដែលមានប្រយោជន៍សម្រាប់ដំណើរឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើយ៉ាងសកម្ម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់និងដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំងសៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា