មេដឹកនាំបក្សនយោបាយ៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង Scams Online គឺពិតជាមានសារៈសំខាន់ និងបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំបក្សនយោបាយ៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង Scams Online គឺពិតជាមានសារៈសំខាន់ និងបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា

មេដឹកនាំបក្សនយោបាយ៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង Scams Online គឺពិតជាមានសារៈសំខាន់ និងបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា

ភ្នំពេញ៖ បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី១៦ ខែមីនានេះថា គណបក្សមហាសាមគ្គីជាតិខ្មែរ គាំទ្រថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ អ្វីដែលកម្ពុជាបានតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង គឺជាវត្ថុបំណងមួយនៅក្នុងបរិបទសង្គមមួយថ្មី និងជាច្បាប់ថ្មី ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងយុត្តិធម៌ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាការឆ្លើយតបទៅនឹងវិសាលភាពសង្គមកម្ពុជា ក៏ដូចជាពិភពលោក និងនៅក្នុងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។បណ្ឌិត ហ៊ាង គឹមស្រឿន បានបញ្ជាក់ថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាបំផ្លាញនៅក្នុងស្នូលសង្គមកម្ពុជា ក៏ដូចជាពិភពលោកដែលកំពុងបានគិតគូរអំពីបញ្ហាទាំងអស់នេះ ហើយជាពិសេសគឺកម្ពុជាយើងផ្ទាល់ដែលបានរៀបចំនៅក្នុងសេចក្តីព្រាងច្បាប់នេះ ដើម្បីដាក់ជាវិធនការអនុវត្តសម្រាប់ការប្រព្រឹត្តនៅក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។

Advertisement

ចំណែកលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺពិតជាមានសារៈសំខាន់ និងមានភាពចាំបាច់ និងជាពិសេសដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា និងបានធ្វើឱ្យអ្នកវិនិយោគិនមានទំនុកចិត្តកាន់តែខ្លាំងមកកម្ពុជា និងជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ហើយក៏ជាទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ លោកជំទាវសង្ឃឹមថា រដ្ឋសភា និងព្រឹទ្ធសភា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវក្នុងការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។

សូមជម្រាបជូនបន្ថែមថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅដល់រដ្ឋសភាហើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានគណរដ្ឋមន្ត្រីសម្រេចអនុម័ត និងដោយឥតកែប្រែកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ដើម្បីស្នើសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកល ទុច្ចរិតនានា ដូចជា ការលួងលោម ឬការអូសទាញឱ្យប្រគល់នូវទ្រព្យ ឬដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគ ខ្យល់ណាមួយ ដោយមានការអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ឬការក្លែងជាការលក់ផលិតផល ឬផ្តល់ សេវាកម្មអនឡាញជាដើម។

ខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់នេះ រួមមាន ទី១-ការបង្កើតឱ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥បន្ថែម មានជាអាទិ៍ (១) បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (២) បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (៣) បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (៤) បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា របស់អ្នកដទៃ (៥) ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់ និង ទី២-លើផ្នែកនីតិវិធីព្រហ្មទណ្ឌ ត្រូវបាន កំណត់នូវវិធានពិសេសមួយចំនួន ដូចជា (១) រយៈពេលនៃការឃាត់ខ្លួន (២) ការផ្អាក ការឃាត់ទុក និងការបង្កក (៣) ការរឹបអូសទ្រព្យ (៤) ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ការលើកលែងឱ្យរួចផុតពីទោស និងស្ថានសម្រាលទោស (៥) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា