ថៃចង់ស្តារសន្តិភាពតាមព្រំដែន ខណៈកងទ័ពខ្លួនបន្តរំលោភដែនអធិតេយ្យភាពកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃចង់ស្តារសន្តិភាពតាមព្រំដែន ខណៈកងទ័ពខ្លួនបន្តរំលោភដែនអធិតេយ្យភាពកម្ពុជា

ថៃចង់ស្តារសន្តិភាពតាមព្រំដែន ខណៈកងទ័ពខ្លួនបន្តរំលោភដែនអធិតេយ្យភាពកម្ពុជា

រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហាស័ក្តិ ភួងកេតកែវ កាលពីចុងសប្តាហ៍មុន បានបង្ហាញពីបំណងចង់រក្សាបទឈប់បាញ់ឱ្យមានស្ថិរភាពនៅតាមបណ្តោយព្រំដែន និងស្តារទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជាឡើងវិញ ប៉ុន្តែ សេចក្តីប្រកាសនេះហាក់ផ្ទុយស្រឡះពីស្ថានការណ៍ជាក់ស្តែង ដែលកងទ័ពថៃកំពុងកាន់កាប់ដែនអធិបតេយ្យភាពកម្ពុជាចំនួន ១៤ទីតាំង ហើយបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានានៅលើតំបន់ ដែលខ្លួនទន្រ្ទានបាន ទោះបីមានការតវាជាបន្តបន្ទាប់ពីកម្ពុជាយ៉ាងណាក្តី។

Advertisement

ជាក់ស្តែង កាលពីថ្ងៃសុក្រ ក្រសួងការបរទេសកម្ពុជា បានជំទាស់យ៉ាងខ្លាំងក្លាចំពោះយោធាថៃ ដែលបានសាងសង់ប៉ុស្តិ៍យាម ផ្លូវបេតុង និងជីកកកាយនៅលើពយភ្នំប្រាសាទព្រះវិហារ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងឆ្នាំ២០១៣។ សាលក្រមនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ និងតំបន់ពយភ្នំជុំវិញទាំងមូល ស្ថិតក្នុងអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា។

ក្រសួងការបរទេស សង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ ក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា ៥ នៃអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កាលពីចុងឆ្នាំ២០២៥ ដែលហាមឃាត់រាល់ការប្រែប្រួលរូបរាងដីនៅតាមតំបន់ព្រំដែនដែលមិនទាន់ខណ្ឌសីមារួចរាល់។ ក្នុងន័យនេះ ក្រសួងការបរទេសបានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឯកតោភាគីទាំងឡាយណាដែលបង្កឱ្យមានភាពតានតឹង និងរារាំងដល់កិច្ចការកំណត់ព្រំដែន។

ដោយឡែក លោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការបញ្ជូនកងទ័ពថៃចូលជ្រៅក្នុងទឹកដីកម្ពុជា គឺជាទង្វើឈ្លានពាន។ ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធលើដីដែលឈ្លានពានបាន គឺជាការកាន់កាប់ ហើយការកម្ទេចផ្ទះសម្បែង និងរារាំងប្រជាជនស៊ីវិលខ្មែរ មិនឱ្យត្រឡប់ទៅគេហដ្ឋានវិញ គឺជាការសង្កត់សង្កិន។ លោកបន្ថែមថា ទង្វើទាំងនេះសរុបបញ្ចូលគ្នា គឺជាការលេបត្របាក់ទឹកដីកម្ពុជា។ លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានរិះគន់ថា ថៃគឺជាប្រទេសអាណានិគមថ្មី ដែលយកច្បាប់អន្តរជាតិមកទ្រាប់អង្គុយ។

ដូចគ្នានេះដែរ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានរិះគន់ទង្វើពុតត្បុតរបស់ថៃ ដែលនិយាយល្អតែមាត់ ប៉ុន្តែធ្វើទង្វើផ្សេង។ លោកបានជម្រាបប្រាប់សហគមន៍អន្តរជាតិថា ថៃគឺជាមេបោកប្រាស់ ព្រោះ រាល់ទង្វើបោកបញ្ឆោត ដែលថៃបានធ្វើ និងកំពុងបំពានមកលើកម្ពុជា ត្រូវបានប្រទេសនេះបង្វែរមកចោទប្រកាន់កម្ពុជាវិញ។

អ្នកវិភាគមួយចំនួនមើលឃើញថា សកម្មភាពរបស់ភាគីថៃនាពេលនេះ គឺជាយុទ្ធសាស្ត្រនយោបាយដែលព្យាយាមបន្ទន់ឥរិយាបថលើឆាកអន្តរជាតិ ដើម្បីបិទបាំងការរំលោភបំពានរបស់យោធានៅតាមព្រំដែន។ ការបន្តកាន់កាប់ទឹកដីខ្មែរ គឺជាចំណុចរាំងស្ទះដ៏ធំបំផុតមួយ ដែលធ្វើឱ្យការស្តារទំនាក់ទំនងទ្វេភាគីពិបាកធ្វើទៅបាន៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា