ធនាគារពិភពលោកបញ្ជាក់អំពីការបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារពិភពលោកបញ្ជាក់អំពីការបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោកបញ្ជាក់អំពីការបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ឱ្យក្លាយទៅជាប្រទេស​មានចំណូល​ខ្ពស់នៅឆ្នាំ២០៥០ ។ នេះបើតាមលទ្ធផលនៃជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម កាឡូស​ ហ្វេលីព ហ្សារ៉ាមីឡូ(Carlos Felipe Jaramillo) អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅវិមានសន្ដិភាពកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។

Advertisement

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្នុងជំនួបឯកឧត្តម កាឡូស​ ហ្វេលីព ហ្សារ៉ាមីឡូ អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងបង្ហាញការគាំទ្រចំពោះការដាក់ចេញនូវគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជា​ប្រទេសមាន​ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចធិបតីអំពីគម្រោងនានាដែលកំពុងបន្តអនុវត្តក្រោមការគាំទ្រពីធនាគារពិភពលោកនៅកម្ពុជា។ ធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការបង្កើត​ឱកាសការងារជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតលើវិស័យសក្ដានុពលចំនួន ៥ រួមមាន៖ ១. វិស័យកសិកម្ម និងកសិ-ពាណិជ្ជ​កម្ម ,២. វិស័យទេសចរណ៍ ,៣. វិស័យកម្មន្តសាល ,៤. វិស័យសុខាភិបាល និង ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងន័យនេះ, ធនាគារពិភពលោកនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដែលជាម៉ាស៊ីននៃកំណើនដ៏​សំខាន់ ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។

អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក៏បានបញ្ជាក់ជូនសម្ដេចធិបតី ថា ធនាគារ​ពិភពលោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត និងប្រកបដោយចីរភាព។

ចំណែកសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបឯកឧត្តមអនុប្រធានធនាគារ​ពិភព​លោក​ជាថ្មីម្ដងទៀត។សម្ដេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការ​គាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុង​ការជំរុញកម្ពុជាឱ្យ​សម្រេច​បាន​នូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមាន​ចំណូល​ខ្ពស់នៅក្នុងឆ្នាំ២០៥០។

សម្ដេចធិបតី និងឯកឧត្តម ហ្សារ៉ាមីឡូ ក៏បានពិភាក្សាបន្ថែម អំពី​អាទិភាពសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និង​អំពីការអភិវឌ្ឍ​វិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា, ការពង្រឹង​សមត្ថភាព, ការបណ្ដុះបណ្ដាលជំនាញ​វិជ្ជាជីវៈ​ដល់យុវជនកម្ពុជា និងសារៈសំខាន់ នៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន សំដៅចាប់យកកាលានុវត្តភាព និង ការជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ នៅក្នុងបរិបទនៃភាពមិនប្រាកដ​ប្រជា នៃពិភពលោកនាពេលបច្ចុប្បន្ន ។

គួររំលឹកថា កាលពីឆ្នាំ២០១៤ និងឆ្នាំ២០២៥ ធនាគាពិភពលោកបាន​អនុម័ត​គម្រោងតម្លៃ ១០៥លានដុល្លារ ដើម្បីជួយដល់កុមារ ដែលខ្សោយ​ជំនាញអក្ខរកម្ម និងគណិតវិទ្យា នៅកម្ពុជា ជួយលើកកម្ពស់គុណ​ភាពអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ផ្នែកជំនាញវិទ្យាសាស្ត្រ ឬហៅថា STEM ។ ក្រៅពីវិស័យអប់រំ ធនាគាពិភពលោក ក៏បានជួយ​ជំរុញវិស័យមួយចំនួនផ្សេងទៀត ដូចជាវិស័យសុខាភិបាល និងវិស័យ​សេដ្ឋកិច្ច​ជាដើម ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា