អង្គការសហប្រជាជាតិសាទរកម្ពុជា ទទួលបានជោគជ័យ លើការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការសហប្រជាជាតិសាទរកម្ពុជា ទទួលបានជោគជ័យ លើការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

អង្គការសហប្រជាជាតិសាទរកម្ពុជា ទទួលបានជោគជ័យ លើការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានសរសើរ និងសាទរកម្ពុជា ដែលនឹងទទួលបានជោគជ័យ ជា បន្តបន្ទាប់ ក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ខណៈដែលឆ្នាំ២០២៤ កម្ពុជា សម្រេចបានគោលដៅ ៩២-១០០-៩៨ ធៀបនឹងគោលដៅ ៩៥-៩៥-៩៥ ដែលកំណត់ដោយអង្គការសហប្រជាជាតិ UNAIDS នៅឆ្នាំ២០៣០ ។

Advertisement

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបញ្ជាក់ថា កម្ពុជា ប្តេជ្ញាធ្វើការជាមួយអង្គការសហប្រជាជាតិ ព្រោះកម្ពុជា មានការជឿជាក់លើ​ប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ពឹងផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងជឿទុកចិត្តលើ​ច្បាប់អន្តរជាតិ ។ការបញ្ជាក់នេះ​នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក​ជំទាវ វ្លាដង់កា អានដ្រេវ៉ា (Vladanka Andreeva )អ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិប្រចាំកម្ពុជា អមដោយលោកស្រី ប៉ាទ្រីស្យា អ៊ុងពីន(Patricia Ongpin) នាយិកាអង្គការយូអិនអេដស៍​ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើភាពជាដៃគូជាមួយអង្គការយូអិនអេដស៍ ដែលក្នុងនោះ កម្ពុជា ត្រូវការនូវភាពជាដៃគូ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ។ ឯកឧត្តមសង្កត់ធ្ងន់ថា ដោយមានការគាំទ្រយ៉ាងរឹងមាំពីសម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ កាលពីឆ្នាំ២០២៤ ព្រមទាំងបានរៀបចំរបាយការណ៍ ស្តីពីគោលនយោបាយនេះ ក្នុងឆ្នាំ២០២៥កន្លងទៅ ។

ចំណែកលោកជំទាវ វ្លាដង់កា អានដ្រេវ៉ា បានកោតសរសើរចំពោះកម្ពុជា ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ថា ជាប្រទេស​ឈានមុខមួយ ប្រកបដោយការច្នៃប្រឌិត និងធ្វើឱ្យមានវឌ្ឍនភាព។ លោកជំទាវ បានអបអរសាទរចំពោះការដាក់ចេញ នូវគោល​នយោបាយជាតិបញ្ចប់អេដស៍ សមាជិកភាពរបស់កម្ពុជា ក្នុងក្រុមប្រឹក្សាសម្របសម្រួលអង្គការយូអិនអេដស៍ (PCB) និងទស្សនកិច្ច​ដោយជោគជ័យរបស់លោកជំទាវនាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ នៅកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៥កន្លង​ទៅ ។

បើតាមឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីសាទរសមិទ្ធផលថ្មីៗដែលកម្ពុជា សម្រេចបាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ​អេដស៍ រៀបចំទស្សនកិច្ចរបស់លោក អេម៉ូន ម៉ួផៃ(Eamonn Murphy) នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិច នៃអង្គការយូអិន​អេដស៍ មកកម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំឭកថា ដោយជឿជាក់លើប្រព័ន្ធ កម្ពុជា បានចូលរួមថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិកជាមួយអង្គការយូអិនអេដស៍ កាលពីឆ្នាំ២០២៥ កន្លងទៅ ។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ក្នុងការឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ ។

បើតាមឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការ​ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឈានទៅសម្រេចគោលដៅរួម ក្នុងការបញ្ចប់អេដស៍នៅកម្ពុជា ក្នុងនោះ ក្រសួង​សុខាភិបាល ក៏បានរៀបចំសមាហរណកម្មការងារអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល ពង្រឹងកម្លាំងការងារ ផ្តល់សេវាអេដស៍​ប្រកបដោយប្រសិទ្ធភាព ព្រមទាំងវិនិយោគលើអង្គភាពផ្អែកលើសហគមន៍ផងដែរ ។

យោងតាមរយៈរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ កាលពីខែធ្នូ ឆ្នាំ២០២៥ បង្ហាញថា នៅឆ្នាំ២០២៤ កម្ពុជា សម្រេចបាន ៩២-១០០-៩៨ ធៀបនឹងគោលដៅ ៩៥-៩៥-៩៥ ដែលកំណត់​ដោយអង្គការ UNAIDS នៅឆ្នាំ២០៣០ ។ នៅត្រីមាសទី៣ ឆ្នាំ២០២៥ មានអ្នកផ្ទុកមេរោគអេដស៍ កំពុងទទួលការព្យាបាល​ដោយឱសថប្រឆាំងមេរោគអេដស៍ចំនួន ៧១៧១៦នាក់ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៣៨២១នាក់ ស្មើនឹង៧៥% បានទទួលបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស.) នៅតាមមូលដ្ឋានសុខាភិបាលទូទាំង ២៥ រាជធានី ខេត្ត ។

របាយការណ៍ដដែលបញ្ជាក់ថា សន្ទស្សន៍ នៃការរើសអើង មាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ មានការថយ​ចុះខ្លាំង គួរជាទីមោទនៈ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា