កម្ពុជា ស្វែងរកប្រភពប្រេងថ្មីពីសិង្ហបុរី និងម៉ាឡេស៊ី ខណៈវៀតណាម និងចិនរឹតបន្តឹងការផ្គត់ផ្គង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ស្វែងរកប្រភពប្រេងថ្មីពីសិង្ហបុរី និងម៉ាឡេស៊ី ខណៈវៀតណាម និងចិនរឹតបន្តឹងការផ្គត់ផ្គង់

កម្ពុជា ស្វែងរកប្រភពប្រេងថ្មីពីសិង្ហបុរី និងម៉ាឡេស៊ី ខណៈវៀតណាម និងចិនរឹតបន្តឹងការផ្គត់ផ្គង់



កម្ពុជា កំពុងបង្កើនការនាំចូលប្រេងឥន្ធនៈពីអ្នកផ្គត់ផ្គង់ក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបង្គ្រប់ឱនភាពនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន។ នេះបើយោងតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ខណៈដែលសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ កំពុងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅទូទាំងសកលលោក។

Advertisement

​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រាប់ Reuters ថា ពីដំបូង ស្ថានីយប្រេងឥន្ធនៈប្រហែល ១ ភាគ ៣ ក្នុងចំណោម ៦ ៣០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា បានបិទទ្វារដោយសារភាពមិនប្រាកដប្រជានៃឥទ្ធិពលជម្លោះនៅមជ្ឈឹមបូព៌ាលើតម្លៃប្រេង ប៉ុន្តែបច្ចុប្បន្ន នៅសល់ត្រឹមតែ ៥,៧% ប៉ុណ្ណោះដែលនៅបន្តបិទទ្វារ។

វៀតណាម និងចិន បានរឹតបន្តឹងការនាំចេញប្រេងរហូតដល់យ៉ាងហោចណាស់ដំណាច់ខែមីនា ដើម្បីទប់ស្កាត់ការខ្វះខាតក្នុងស្រុក។ ខណៈដែលកម្ពុជាបានផ្អាកការនាំចូលប្រេងពីថៃ ចាប់តាំងពីមានជម្លោះព្រំដែនកាលពីខែកក្កដាឆ្នាំមុន។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) កាលពីឆ្នាំ២០២៤ ប្រទេសថៃ និងវៀតណាម រួមគ្នាផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈឱ្យកម្ពុជាជាង ៦០% នៃសមាសធាតុនាំចូលប្រចាំឆ្នាំ ខណៈដែលសិង្ហបុរី និងម៉ាឡេស៊ីមានចំណែកជិត ១ ភាគ ៣ ហើយចិនមានប្រហែល ៧%។

ឯកឧត្តម កែវ រតនៈ បានលើកឡើងថា ទោះបីជាមានការរឹតបន្តឹងការនាំចេញពីកន្លែងផ្សេងៗក៏ដោយ ក៏កម្ពុជានៅតែអាចនាំចូលបានបន្តិចបន្តួចពីចិន។ ឯកឧត្តម បានបន្ថែមថា៖ ដោយសារកម្ពុជាមានភាពជាដៃគូដ៏រឹងមាំជាមួយអ្នកផ្គត់ផ្គង់សកល ដូចជាក្រុមហ៊ុន Total ជាដើម ពួកគេអាចជួយកាត់បន្ថយហានិភ័យបានមួយចំនួន។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបានបើកការពិភាក្សាបឋមជាមួយក្រុមហ៊ុន Woodside Energy របស់អូស្ត្រាលី ដើម្បីធានាការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) សម្រាប់រោងចក្រអគ្គិសនីកម្លាំង ៩០០ មេហ្គាវ៉ាត់ ដែលរំពឹងថា នឹងចាប់ផ្តើមផលិតនៅឆ្នាំក្រោយ។ ការផ្គត់ផ្គង់ពីអូស្ត្រាលីនឹងជួយការពារហានិភ័យ ដែលកើតចេញពីបញ្ហាភូមិសាស្ត្រនយោបាយ។

បច្ចុប្បន្ន សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យការដឹកជញ្ជូន ទៅកាន់តំបន់អាស៊ីជួបការរអាក់រអួល ខណៈដែលប្រទេសកាតា ដែលជាអ្នកនាំចេញប្រេងធំលេខ ២ លើពិភពលោក បានផ្អាកការដឹកជញ្ជូនតាមផ្លូវទឹកសំខាន់ៗដែលតភ្ជាប់ពីមជ្ឈិមបូព៌ាមកកាន់តំបន់អាស៊ី។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចូលប្រេងឥន្ធនៈ នៅក្នុងអំឡុងខែ មករា និងខែកុម្ភៈ ឆ្នាំនេះ បានថយចុះមកនៅត្រឹម ៦០៦ លានដុល្លារ ពោលគឺថយចុះជាង ៧ភាគរយ បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែកក្នុងឆ្នាំ២០២៥ កម្ពុជា បាននាំចូលប្រេងឥន្ធនៈ ក្នុងតម្លៃប្រមាណជាង ៣ពាន់ ៦០០លានដុល្លារ ថយចុះជាង ៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤៕ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា