រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា លើកពីបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា លើកពីបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចជាតិ

រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា លើកពីបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចជាតិ

Advertisement

នៅក្នុងជំនួបពិភាក្សាការងារជាមួយអនុប្រធានធនាគារពិភពលោក (World Bank) កាលពីពេលថ្មីៗនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា និងបញ្ហាប្រឈមសំខាន់ដែលកម្ពុជាកំពុងជួបប្រទះ។

បញ្ហាទាំងនោះរួមមាន ឥទ្ធិពលអវិជ្ជមាននៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសមួយចំនួន និងផលប៉ះពាល់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ។

ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីផលប៉ះពាល់ដែលកើតចេញពីសង្រ្គាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរំខានដល់សកម្មភាពពាណិជ្ជកម្មឆ្លងដែន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

ជាមួយគ្នានេះ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានរុញច្រានឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ដែលជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់ថ្លៃដើមផលិតកម្ម ការដឹកជញ្ជូន និងបង្កជាសម្ពាធអតិផរណាដល់ជីវភាពប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា បញ្ហាទាំងនេះបង្កផលប៉ះពាល់លើកម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចតូច បើកចំហ និងផ្សារភ្ជាប់ខ្លាំងជាមួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងការព្រួយបារម្ភពីបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជានេះផងដែរ ។

ដោយឡែក លោក Carlos Felipe Jaramillo អនុប្រធានធានាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ធនាគារពិភពលោក ក្នុងការបន្តផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ក្រោមក្របខ័ណ្ឌភាពជាដៃគូ 2025-2029 ដើម្បីជួយកម្ពុជាឱ្យឆ្លងផុតពីវិបត្តិទាំងនេះ និងឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

តាមរយៈជំនួបនេះ កម្ពុជា មានសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ នឹងក្លាយជាខ្នងបង្អែកដ៏សំខាន់ក្នុងការទប់ទល់នឹងព្យុះសេដ្ឋកិច្ច ដែលកំពុងកើតមាន និងធានាបាននូវកំណើនប្រកបដោយចីរភាព និងបរិយាបន្ន៕ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា