ក្រសួងរៀបចំដែនដីផ្តោតអាទិភាពលើ “ទ្រនំសុភមង្គល” ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដីផ្តោតអាទិភាពលើ “ទ្រនំសុភមង្គល” ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដីផ្តោតអាទិភាពលើ “ទ្រនំសុភមង្គល” ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តជំរុញគោលនយោបាយអភិវឌ្ឍន៍លំនៅឋាន ដោយផ្តោតលើការបង្កើត “ទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ដ និងបុរីជនបទ” ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជាមានលំនៅឋានសមរម្យ និងមានសុភមង្គលក្នុងគ្រួសារ។

Advertisement

ការជួយឲ្យប្រជាជនកម្ពុជាមានលំនៅឋានផ្ទាល់ខ្លួនសម្រាប់រស់នៅជួបជុំក្រុមគ្រួសារ ប្រកបដោយសុភមង្គល ភាពកក់ក្តៅ ព្រមទាំងមានចំណូលសមរម្យ មានប្រាក់សន្សំ និងកាត់បន្ថយបំណុលគ្រួសារ គឺជាបេសសកម្មចម្បងមួយរបស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

អាទិភាពទាំងនេះត្រូវបានគូសបញ្ជាក់សាជាថ្មីនៅក្នុងវេទិកាស្តីពី “ទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ដ និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា” ដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ក្រោមជំនួយរបស់ប្រទេសអូស្រ្តាលី នាទីស្តីការក្រសួង នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា វេទិកានេះមានសារៈសំខាន់ក្នុងការតម្រង់ទិសនៃការអភិវឌ្ឍលំនៅឋាននៅកម្ពុជា ខណៈ “បុរីជនបទ ភូមិឋានក្សេមក្សាន្ដ និងទ្រនំសុភមង្គល” ត្រូវបានចាត់ទុកថាជាត្រីវិស័យតម្រង់ទិសសង្គមជាតិកម្ពុជា។

ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍលំនៅឋាននាពេលបច្ចុប្បន្ន មិនត្រឹមតែផ្តោតលើការសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃគ្រួសារ ដើម្បីបង្កើតបរិយាកាសរស់នៅមួយ ដែលអាចឱ្យសមាជិកគ្រួសាររស់នៅជុំគ្នាបានដោយភាពកក់ក្តៅ និងមានសុភមង្គល។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ ជួយគ្នាដើម្បីឱ្យប្រជាជនកម្ពុជាអាចរក្សាប្រាក់ចំណូល បង្កើនប្រាក់សន្សំ និងបន្ថយបំណុល ដែលជាកត្តាធ្វើឱ្យលំនៅឋានរុងរឿងជាងមុន និងកកើតច្រើនជាងមុន។

វេទិកាខាងលើនេះក៏ត្រូវបានចាត់ទុកថា ជាការអនុវត្តទស្សនវិស័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលចង់ឃើញប្រជាជនគ្រប់រូបមានលំនៅឋានសមរម្យ ស្របតាមគោលនយោបាយបន្តពីអាណត្តិមុន។

បន្ថែមពីនេះ ឯកឧត្តម សាយ សំអាល់ ក៏បានលើកឡើងពីការដោះស្រាយបញ្ហាសំណង់មិនរៀបរយ ដោយផ្តល់លំនៅឋានថ្មីដល់ប្រជាពលរដ្ឋ ដើម្បីជួយពួកគាត់ចាកផុតពីបរិយាកាសអសន្តិសុខ ដូចជាអំពើហិង្សា ក្មេងទំនើង គ្រឿងញៀន និងជំងឺឆ្លងនានា ហើយឈានទៅរកជីវភាពរស់នៅថ្មី ជួបជុំគ្រួសារប្រកបដោយភាពកក់ក្តៅ ជាទ្រនំសុភមង្គល និងជៀសផុតពីការបៀតបៀនផ្សេងៗ៕

អត្ថបទ៖ វណ្ណា
រូបភាព ៖ សម្បត្តិ

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា