ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ៖ គណនេយ្យភាព និងតម្លាភាព នឹងធ្វើឱ្យថវិកានិងអត្ថប្រយោជន៍ត្រូវទៅដល់ប្រជាពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ៖ គណនេយ្យភាព និងតម្លាភាព នឹងធ្វើឱ្យថវិកានិងអត្ថប្រយោជន៍ត្រូវទៅដល់ប្រជាពលរដ្ឋ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ៖ គណនេយ្យភាព និងតម្លាភាព នឹងធ្វើឱ្យថវិកានិងអត្ថប្រយោជន៍ត្រូវទៅដល់ប្រជាពលរដ្ឋ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យិនទៀង បានមានប្រសាសន៍ថា ប្រព័ន្ធ​គាំពារ​សង្គម​អាចដំណើរការបានកាន់តែប្រសើរ លុះត្រាតែមានតម្លាភាព និងគណនេយ្យភាព។តម្លាភាព និងគណនេយ្យភាព ជាសសរស្តម្ភដ៏សំខាន់២នៃអភិបាលកិច្ចល្អ ហើយមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាតែមានអត្ថន័យដាច់ពីគ្នា។

Advertisement

ថ្លែងក្នុង​ «សិក្ខាសាលាផ្សព្វផ្សាយស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា» កាលពីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ឡើងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
បានបញ្ជាក់ថា គណនេយ្យភាពជាកាតព្វកិច្ចរបស់បុគ្គល ស្ថាប័ន ក្នុងការទទួលខុសត្រូវលើការសម្រេចចិត្ត លើលទ្ធផលនៃ​សកម្មភាពរបស់ខ្លួន។ឯតម្លាភាព គឺជាការបើកចំហរព័ត៌មាន និងដំណើរការ ការងារ ដើម្បីឱ្យអ្នកពាក់ព័ន្ធ សាធារណៈជន អាច​មើលឃើញ អាចយល់បានយ៉ាងច្បាស់។ ហេតុនេះតម្លាភាព ទាក់ទងនឹងការទទួលព័ត៌មានឱ្យបានទាន់ពេល ត្រឹមត្រូវ និងងាយ​យល់មានភាពច្បាស់លាស់ មិនលាក់បាំងនូវរបៀវវារៈ ឬលាក់បាំងផលប្រយោជន៍ផ្ទាល់ខ្លួននៅពី ក្រោយការសម្រេចចិត្ត។ តម្លាភាព តម្រូវឱ្យមានការតាមដាន មានយន្តការត្រួតពិនិត្យដើម្បីធានាថាគ្មានអំពើពុករលួយ ឬការធ្វើខុស។

ឯកឧត្តម បន្ថែមថា កាលណាមានភាពមិនប្រក្រតីណាមួយ ឬអំពើពុករលួយកើតមានឡើង វានឹងអាចបំផ្លាញ និង ជះឥទ្ធិពល​អវិជ្ជមានដល់ទំនុកចិត្តរបស់សាធារណៈ និងធ្វើឱ្យអ្នកដែលត្រូវការជំនួយពិតប្រាកដ មិនទទួលបានអត្ថប្រយោជន៍ត្រឹមត្រូវ។ គណនេយ្យភាព និងតម្លាភាព គឺជាកាតព្វកិច្ចរបស់ស្ថាប័ន សាធារណៈ ក្នុងការទទួលខុសត្រូវចំពោះការប្រើប្រាស់ធនធាន និងលទ្ធផលនៃការអនុវត្ត ការងារ ក្នុងប្រព័ន្ធគាំពារសង្គម វាមានន័យថា ថវិកានិងអត្ថប្រយោជន៍ត្រូវទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការពិតប្រាកដដោយគ្មានការលេចធ្លាយនៃអំពើទុច្ចរិត។

កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង បានបន្ថែមថា«ការភ្ជាប់ការគាំពារ សង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជា​ជម្រើសទេប៉ុន្តែនោះគឺជាកាតព្វកិច្ច»។ដូច្នេះ ដើម្បីចូលរួមធានាបន្តការអភិវឌ្ឍនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែល​ជាទិសដៅ ជោគជ័យនៅទូទាំងប្រទេសកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលត្រូវ លើកកម្ពស់​គណនេយ្យភាព តម្លាភាព ចំពោះប្រព័ន្ធគាំពារសង្គមតាមស្មារតី «យើងទាំងអស់គ្នា ប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធ​ដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព»។

ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា គិតចាប់តាំងពីឆ្នាំ២០១៧, រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ លើការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាព នៃការអនុវត្តកម្មវិធីជាតិ​ជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់បន្ថែមទៀត។

កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុន ជាង ២ ដង
ខណៈ​ការគ្របដណ្តប់ពលរដ្ឋបានកើនឡើង ពីចំនួនត្រឹមតែ ៣,៣ លាននាក់ កាលពីឆ្នាំ២០១៧ រហូតដល់ជាង ៧,៩ លាននាក់ ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះរបបសន្តិសុខសង្គម បាន និងកំពុងគ្របដណ្តប់ពលរដ្ឋ សរុបប្រមាណ ៣,៩ លាននាក់។

គិតត្រឹមដំណាច់ឆ្នាំ២០២៥ កន្លងទៅនេះ, កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ ៤,៨៤ លាននាក់ (ឬស្មើនឹងប្រមាណ ២៨ % នៃពលរដ្ឋសរុប) ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ០២៧,៦ ប៊ីលានរៀល ឬស្មើនឹង ២៥៧ លានដុល្លារអាម៉េរិក ។ សម្រាប់ជ្រុងនៃការអនុវត្តរបបសន្តិសុខសង្គម, គិតត្រឹមឆ្នាំ២០២៥ របបសន្តិសុខសង្គមបានគ្របដណ្តប់ពលរដ្ឋប្រមាណ ៣,៥ លាននាក់ ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិកាជាតិប្រមាណ ១ ៧០០ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤២៥ លានដុល្លារអាម៉េរិក បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ ធំៗ រួមមាន៖ ១. របបសន្តិសុខសង្គមផ្នែកប្រាក់សោធន, ២. របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, និង ៣. របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាបព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា