ថៃ ច្រានចោល ការជំទាស់របស់កម្ពុជា លើសកម្មភាពទន្រ្ទាន ដែនដីនៅតំបន់ព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃ ច្រានចោល ការជំទាស់របស់កម្ពុជា លើសកម្មភាពទន្រ្ទាន ដែនដីនៅតំបន់ព្រំដែន

ថៃ ច្រានចោល ការជំទាស់របស់កម្ពុជា លើសកម្មភាពទន្រ្ទាន ដែនដីនៅតំបន់ព្រំដែន

ភ្នំពេញ៖កងទ័ពភូមិន្ទថៃនៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធការអះអាងរបស់កម្ពុជាដែលថាប្រទេសថៃបានរំលោភលើអធិបតេយ្យភាពរបស់ខ្លួនដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជម្លោះដោយខុសច្បាប់។  
ការបដិសេធធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ក្រសួងការបរទេសកម្ពុជា បាន ធ្វើការប្រឆាំងជំទាស់ ទៅ នឹង សកម្ម ភាព ជាបន្តបន្ទាប់របស់ យោធាថៃ នៅក្នុងតំបន់ មួយចំនួន របស់ ប្រទេស កម្ពុជា ដែលក្រសួងការបរទេសចាត់ទុកថា នេះគឺជា ការឈ្លានពាន និងកាន់កាប់ ដោយខុសច្បាប់។

Advertisement

សារព័ត៌មាន Thai Enquirer បានដកស្រង់សម្តី លោក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃថា សកម្មភាពទាំងអស់នេះត្រូវបានធ្វើឡើងនៅក្នុងដែនអធិបេតយ្យភាពរបស់ថៃ និងស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥។
លោក វីនថៃ ស៊ូវ៉ារី បានលើកឡើងថា ការកែលម្អដីធ្លី និងការសាងសង់នៅក្នុងតំបន់ជម្លោះ គឺធ្វើឡើងជាចំាបាច់សម្រាប់ការឃ្លាំមើល និងសន្តិសុខ បន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេល២លើកកាលពីឆ្នាំ២០២៥។
លោកលើកឡើងថា សកម្មភាពទាំងនេះមិនមានបំណងបង្កើនភាពតានតឹងនោះទេ។  
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃពុធបាន រៀបរាប់ថា យោធាថៃធ្វើសកម្មភាពជាបន្តបន្ទាប់នៅលើតំបន់មួយចំនួនរបស់កម្ពុជា ក្រោយបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពទាំងនោះ រួមមានការឈូសឆាយដី ធ្វើផ្លូវ សង់លេណដ្ឋានបេតុងថ្មី សង់រូបសំណាកព្រះពុទ្ធ និងហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន នៅទីតាំងរួមមានតំបន់ប្រាសាទតាមាន់ធំ តំបន់មុំបី ភ្នំ៤៦៩ ភូមិថ្មដូន តំបន់ដំណាក់សេ្តច តំបន់អានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ ភ្នំ៥០០ តំបន់តាថាវ តំបន់តាសឹម ចាក់ច្រែង ភ្នំទ្រព្យ តំបន់អូរស្មាច់ និងប្រាសាទខ្នារ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា តំបន់ទាំងនោះគឺស្ថិតក្នុងដែនអធិបេតយ្យរបស់កម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីមាត្រដ្ឋាន ១:២០០០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។  
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាលើតំបន់ជម្លោះនាបច្ចុប្បន្នភាពបទឈប់បាញ់ អាចរុញច្រានទៅជាជម្លោះប្រដាប់អាវុធសាជាថ្មី ប្រសិនគ្មានការទប់ស្កាត់ និងដោះស្រាយបានទាន់ពេលវេលា។
សម្រង់សម្តី៖ សកម្មភាពយោធានៅតាមព្រំដែននៅពេលនេះ  គឺជាឧបករណ៍នយោបាយមួយបង្ហាញសាច់ដុំ ឬជាយុទ្ធសាស្ត្រសម្ពាធក្នុងអំណាចនយោបាយថៃ ដែលកម្ពុជាត្រូវតែមានការត្រៀមចិត្តខ្ពស់ និងវៃឆ្លាតក្នុងការឆ្លើយតប។
បណ្ឌិត គិន ភា ជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ភាពចលាចលនៅតំបន់មជ្ឈិបូព៌ា និងវិបត្តិប្រេងជាសកល ថៃអាចឆ្លៀតឱកាសនេះធ្វើសកម្មភាពតាមព្រំដែន ដើម្បីបើកការឈ្លានពានមកលើកម្ពុជាសាជាថ្មី។
កាលពីថ្ងៃអង្គារ៍ វិទ្យាស្ថានស៊ើបការណ៍សម្ងាត់ និងសន្តិសុខ Bloomsbury ដែលមានមូលដ្ឋាន ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានព្រមាន ពី លទ្ធភាព នៃ ការផ្ទុះជម្លោះឡើងវិញ រវាង កម្ពុជា និងថៃ ឡើងវិញ ខណៈ ដែល ប្រទេសថៃបន្តប្រាថ្នាកាន់កាប់ តំបន់ជម្លោះ៕
ដោយ៖សៅ សុខអេង

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា