ប្រេងហក់ឡើង មាសដាំក្បាលចុះមកនៅត្រឹមជាង ៥ ៥០០ដុល្លារមួយតម្លឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រេងហក់ឡើង មាសដាំក្បាលចុះមកនៅត្រឹមជាង ៥ ៥០០ដុល្លារមួយតម្លឹង

ប្រេងហក់ឡើង មាសដាំក្បាលចុះមកនៅត្រឹមជាង ៥ ៥០០ដុល្លារមួយតម្លឹង

ស្របពេលដែលតម្លៃប្រេងនិងទំនិញផ្សេងៗឡើងថ្លៃយ៉ាងគំហុក តម្លៃមាសបានធ្លាក់ចុះយ៉ាងខ្លាំងពីជាង ៦ ០០០ដុល្លារក្នុងមួយតម្លឹង កាលពីសប្តាហ៍មុន មកត្រឹម ៥ ៥០០ដុល្លារ នៅថ្ងៃសុក្រនេះ។

Advertisement

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានបង្ហាញសញ្ញាធ្លាក់ចុះយ៉ាងគំហុក ខណៈអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានគូសបញ្ជាក់ថា កត្តាសេដ្ឋកិច្ចអាមេរិក និងវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា គឺជាសម្ពាធចម្បង ដែលរុញច្រានឱ្យតម្លៃលោហធាតុមានតម្លៃមួយនេះបន្តធ្លាក់ចុះ។

លោក អឿន សុខន អ្នកតាមដានទីផ្សារមាស និងជាអ្នកជំនាញហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា មូលហេតុគន្លឹះដែលធ្វើឱ្យមាសធ្លាក់ថ្លៃខ្លាំង គឺដោយសារឥទ្ធិពលនៃប្រាក់ដុល្លារ និងសេដ្ឋកិច្ចអាមេរិក។ ការងើបឡើងថ្លៃនៃលុយដុល្លារអាមេរិក រួមជាមួយរបាយការណ៍សេដ្ឋកិច្ចមួយចំនួនដែលមានភាពរឹងមាំខ្លាំង បានធ្វើឱ្យអ្នកវិនិយោគងាកទៅរកប្រាក់ដុល្លារជំនួសមាសវិញ។

ជាមួយគ្នានេះ ធនាគារកណ្ដាលអាមេរិកនៅតែបន្តរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ ចន្លោះ ៣.៥០% ទៅ ៣.៧៥% ដែលជាសម្ពាធយ៉ាងខ្លាំងដល់តម្លៃមាស។

បើតាមអ្នកជំនាញដដែល ការហក់ឡើងនៃតម្លៃប្រេងឆៅសកល ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា បានបង្កើតឱ្យមានក្ដីបារម្ភកាន់តែខ្លាំងអំពីអតិផរណា។ នៅពេលតម្លៃប្រេងឡើងខ្ពស់ ប្រទេសជាច្រើនជួបវិបត្តិអតិផរណា ដែលជាកត្តាជះឥទ្ធិពលអវិជ្ជមាន និងបន្ទាបតម្លៃមាសឱ្យធ្លាក់ចុះ។

បើទោះបីជានៅព្រឹកថ្ងៃសុក្រនេះ តម្លៃមាសកំពុងមានសញ្ញាចាប់ផ្តើមងើបឡើងវិញបន្តិច បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងកាលពីយប់មិញក៏ដោយ ប៉ុន្តែលោក អឿន សុខន នៅតែផ្តល់ព្រមានថា មាសអាចនឹងមានទំនោរបន្តធ្លាក់ចុះបន្ថែមទៀត ប្រសិនបើតម្លៃលុយដុល្លារនៅតែមានសន្ទុះល្អ ហើយសេដ្ឋកិច្ចអាមេរិកនៅតែបន្តបង្ហាញភាពរឹងមាំខ្លាំងដូចពេលបច្ចុប្បន្ន។

ដោយឡែក មាសនៅវៀតណាមក៏ធ្លាក់ថ្លៃផងដែរ។ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ តម្លៃមាសនៅប្រទេសជិតខាងកម្ពុជាមួយនេះ បានស្រកចុះជាង ៤% ដែលធ្វើឱ្យតម្លៃមាសមួយតម្លឹងធ្លាក់មកនៅត្រឹមជាង ៦ ៦០០ ដុល្លារ កាលពីថ្ងៃព្រហស្បតិ៍៕

អ្នកជំនាញ បានណែនាំឲ្យអ្នកជួញដូរមាស និងអ្នកវិនិយោគគួរតាមដានយ៉ាងយកចិត្តទុកដាក់លើសន្ទស្សន៍ប្រាក់ដុល្លារ និងស្ថានភាពនយោបាយនៅមជ្ឈិមបូព៌ា ដែលជាកត្តាកំណត់វាសនាតម្លៃមាសក្នុងរយៈពេលខ្លីខាងមុខនេះ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា