វិភាគ៖ ថៃអស់លេសពន្យារពេលដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិភាគ៖ ថៃអស់លេសពន្យារពេលដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា
នយោបាយ 20/03/2026

វិភាគ៖ ថៃអស់លេសពន្យារពេលដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា

ថ្ងៃទី១៩ ខែមីនា បានក្លាយជាថ្ងៃប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសថៃ ជាមួយការបោះឆ្នោតតែងតាំងលោក Anutin Charnvirakul ឲ្យបន្តតំណែងជានាយករដ្ឋមន្ត្រី។ សម្រាប់កម្ពុជា ការបង្កើតរដ្ឋាភិបាលថ្មីរបស់ថៃ ក៏ជាការបញ្ចប់នូវលេសនយោបាយ ដែលទីក្រុងបាងកកបានប្រើប្រាស់ជាខែល ដើម្បីគេចវេសពីការដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា។

Advertisement

អស់រយៈពេលជាច្រើនខែមកហើយ ដែលយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ត្រូវបានជាប់គាំង។ កម្ពុជាបានផ្ញើលិខិតអញ្ជើញផ្លូវការយ៉ាងហោចណាស់ ៥ លើក ដើម្បីឲ្យភាគីថៃចូលតុចរចារ និងបន្តការងារវាស់វែងខណ្ឌសីមាព្រំដែនឡើងវិញ។ ប៉ុន្តែរាល់សំណើរបស់កម្ពុជាតែងត្រូវបានភាគីថៃឆ្លើយបដិសេធ ក្រោមហេតុផលថា រដ្ឋាភិបាលចាំផ្ទះគ្មានសិទ្ធិសម្រេចចិត្តទេ ដោយត្រូវរង់ចាំរដ្ឋាភិបាលថ្មីសិន។

នៅពេលនេះ ភ្នែកទាំងអស់កំពុងសម្លឹងទៅរកលោក Anutin ដែលទើបទទួលបានការទុកចិត្តពីសភាឲ្យដឹកនាំរដ្ឋាភិបាលថ្មីរបស់ថៃ។ បើគ្មានការបើកកិច្ចប្រជុំ JBC ជាបន្ទាន់ទេ នោះមានន័យថា លេសកន្លងមក គឺជាយុទ្ធសាស្ត្រទិញពេលវេលា ដើម្បីឱ្យកងទ័ពថៃបន្តលេបត្របាក់ទឹកដីកម្ពុជាបន្តិចម្តងៗតែប៉ុណ្ណោះ។

កាលពីខែកុម្ភៈ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមថា ប្រទេសថៃនឹងវិលត្រឡប់មកកាន់តុចរចា ដើម្បីបន្តកិច្ចការវាស់វែង និងបោះបង្គោលព្រំដែនឡើងវិញ តាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា ការអត់ធ្មត់របស់កម្ពុជាមិនមែនជាភាពទន់ខ្សោយនោះទេ។ កម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ ការបន្តរក្សាភាពស្ងប់ស្ងាត់គឺដើម្បីស្ថិរភាពតំបន់ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលថ្មីរបស់ថៃ នៅតែបន្តមហិច្ឆតាចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរ នោះកម្ពុជាអាចនឹងគ្មានជម្រើសក្រៅពីការប្រើប្រាស់វិធានការដាច់ខាត ទាំងតាមផ្លូវច្បាប់អន្តរជាតិ និងការការពារនៅទីវាលនោះទេ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ បានមើលឃើញថា ថៃអាចនឹងបន្តប្រើយុទ្ធសាស្ត្រទិញពេល ដើម្បីបន្លំកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើដីជម្លោះ។ លោកគូសបញ្ជាក់ថា ភាគីថៃបានរៀបចំសេនារីយ៉ូគ្រប់ជ្រុងជ្រោយ ដើម្បីទប់ទល់នឹងកម្ពុជាទាំងផ្នែកនយោបាយ និងយោធា។

ចំណែកលោកបណ្ឌិត កែវ មាលា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ មើលឃើញថា កម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្រការទូតយ៉ាងសកម្ម ដើម្បីស្វែងរកការគាំទ្រពីអន្តរជាតិជុំវិញបញ្ហាព្រំដែនជាមួយថៃ។ លើសពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានធ្វើការលាតត្រដាងពីទង្វើឈ្លានពានរបស់ភាគីថៃនៅចំពោះមុខសហគមន៍អន្តរជាតិ ដើម្បីបង្ហាញពីការពិតនៃជម្លោះនេះ។

កថាខណ្ឌទី៣នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ បង្ហាញថា ការវាស់វែង និងកំណត់ព្រំដែន អាចដំណើរការទៅមុខដោយគ្មានការពន្យារពេល។

នៅក្នុង និងក្រោយការប្រយុទ្ធគ្នាជាលើកទី២រវាងកងទ័ពកម្ពុជា និងយោធាឈ្លានពានថៃកាលពីខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានចូលទន្ទ្រានកាន់កាប់តំបន់ប្រាសាទ និងទឹកដីកម្ពុជាចំនួន ១៤ទីតាំង នៅតាមបណ្តោយបន្ទាត់ព្រំដែន ព្រមទាំងបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំជាបន្តបន្ទាប់ដោយខុសច្បាប់លើដែនអធិបតេយ្យកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា កម្ពុជាមិននៅស្ងៀមឡើយចំពោះមុខនៃការឈ្លានពានរបស់យោធាថៃលើទឹកដី ប្រាសាទបុរាណ និងទីតាំងសក្ការៈក្នុងដែនអធិបតេយ្យភាពកម្ពុជា។ ដើម្បីបញ្ចៀសការបង្ហូរឈាម កម្ពុជាបានជ្រើសរើសយកយន្តការផ្លូវច្បាប់ និងការទូត ក្នុងការដោះស្រាយបញ្ហា៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា