គណៈកម្មាធិការ ICC-ព្រះវិហារ ពិភាក្សាពីការខូចខាត និងវិធានការសង្រ្គោះប្រាសាទព្រះវិហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈកម្មាធិការ ICC-ព្រះវិហារ ពិភាក្សាពីការខូចខាត និងវិធានការសង្រ្គោះប្រាសាទព្រះវិហារ

គណៈកម្មាធិការ ICC-ព្រះវិហារ ពិភាក្សាពីការខូចខាត និងវិធានការសង្រ្គោះប្រាសាទព្រះវិហារ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកជំទាវ LI Ji កុងស៊ុលស្ថានទូតចិន ជាសហប្រធានចិន និង លោកជំទាវបណ្ឌិត Tanu PRIYA អនុប្រធានបេសកកម្មនៃស្ថានទូតឥណ្ឌា ជាសហប្រធានឥណ្ឌា។

Advertisement

កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមានប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ប្រធានលេខាធិការដ្ឋាន អ្នកជំនាញការអាដហុក ស្ថាប័នជាតិ និងអន្តរជាតិ ដែលរួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបប្រមាណ១៥៨រូប ដើម្បីតាមដាន និងត្រួតពិនិត្យ ការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយ អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។

នៅពេលព្រឹក បន្ទាប់ពីបានស្តាប់សុន្ទរកថាបើកអង្គប្រជុំដោយសហប្រធានចិន និងឥណ្ឌា និងរបាយការណ៍លទ្ធផលការងាររួមរបស់ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិព្រះវិហាររួច អង្គប្រជុំបានបន្តស្តាប់របាយការណ៍លទ្ធផលការងារអភិរក្ស និងការស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានអនុវត្តដោយអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ និងដៃគូសហប្រតិបត្តិការអន្តរជាតិនៅប្រាសាទក្រចាប់ ប្រាសាទក្រហម ការជួសជុលបដិមាព្រះឥសូររាំ ការស្រាវជ្រាវស្ថានីយ៍ឡបុរាណនៅកោះកេរ និងការសិក្សាអំពីសត្វកណ្តៀរនៅតាមប្រាសាទនានា។

នៅពេលរសៀល អង្គប្រជុំបានស្ដាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារ ផលប៉ះពាល់លើសហគមន៍ ប្រជាជន និងវិស័យទេសចរណ៍ បណ្តាលមកពីព្រឹត្តិការណ៍ទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ។ ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារក៏បានបង្ហាញអំពីលទ្ធផលនៃការសិក្សាហានិភ័យបឋម និងការលើកផែនការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតធ្ងន់ធ្ងរ។ ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារដោយសារជម្លោះប្រដាប់អាវុធទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ សរុបចំនួន៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់ រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងការបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។

នៅមុនកិច្ចប្រជុំនេះ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការ ICC-ព្រះវិហារ បានបំពេញទស្សនកិច្ច និងពិភាក្សាការងារអភិរក្សនិងជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែមីនា ឆ្នាំ២០២៦ ជាពិសេសការចុះពិនិត្យមើលការខូចខាតប្រាសាទ ព្រះវិហារ និងផលប៉ះពាល់លើវិស័យទេសចរណ៍ និងសហគមន៍ ដើម្បីរៀបចំរបាយការណ៍ និងអនុសាសន៍ សម្រាប់កិច្ចប្រជុំ ICC-ព្រះវិហារ។

ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានជូនដំណឹងអំពីបេសកកម្មប្រឹក្សាយោបល់បច្ចេកទេសរបស់អង្គការ យូណេស្កូ និង ICOMOS ចុះមកពិនិត្យប្រាសាទព្រះវិហារនៅសប្តាហ៍ទីមួយ ក្នុងខែមីនាកន្លងមក តាមការ អញ្ជើញរបស់កម្ពុជាស្របតាមគោលការណ៍ប្រតិបត្តិសម្រាប់ការអនុវត្តអនុសញ្ញាបេតិកភណ្ឌពិភពលោក។ គោលបំណងនៃបេសកកម្មនេះគឺដើម្បីវាយតម្លៃស្ថានភាពអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្តល់ យោបល់បច្ចេកទេសដើម្បីគាំទ្រដល់ការងារអភិរក្សរយៈពេលវែង ស្របតាមគោលបំណងរបស់អនុសញ្ញា បេតិកភណ្ឌពិភពលោក និងគោលការណ៍ប្រតិបត្តិ។ របាយការណ៍នៃបេសកកម្មនេះនឹងផ្ញើជូនភាគីកម្ពុជា ស្របតាមបេសកកម្មផ្តល់យោបល់បច្ចេកទេស ដែលធ្លាប់បានអនុវត្តកន្លងមក។

លទ្ធផលជារួមរបស់អង្គប្រជុំនេះ លោកជំទាវ សហប្រធានចិន និងឥណ្ឌា ព្រមទាំងបណ្តាប្រទេសជា សមាជិក រួមជាមួយអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារនិង ថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជាពិសេសសហប្រធាន ទាំងពីរបានបង្ហាញអំពីជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នេះ នៅពេល ដែលស្ថានភាពវិលមកប្រក្រតីភាពវិញ។

អង្គប្រជុំនេះ ក៏បានពិភាក្សាគ្នាអំពីវិធានការបន្ទាន់នានា ដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារមានដូចជា៖

  • អនុវត្តការងារបន្ទាន់មួយចំនួនដូចជាការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីធានាដល់ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ
  • ការរៀបចំឯកសារវិភាគហានិភ័យប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូល
  • ការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការសង្គ្រោះបន្ទាន់។

អង្គប្រជុំបានកំណត់កាលបរិច្ឆេទរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១១ របស់គណៈកម្មាធិការ ICC-ព្រះវិហារ នៅសប្តាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២៦៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា