អ្នកនាំពាក្យ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬកម្មវិធី «នគរសង្ក្រាន្ត» នឹងត្រូវប្រារព្ធឡើងដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬកម្មវិធី «នគរសង្ក្រាន្ត» នឹងត្រូវប្រារព្ធឡើងដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក

អ្នកនាំពាក្យ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬកម្មវិធី «នគរសង្ក្រាន្ត» នឹងត្រូវប្រារព្ធឡើងដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬកម្មវិធី «នគរសង្ក្រាន្ត» ដែលនឹងចូលមកដល់នាពេលខាងមុខនេះ នឹងត្រូវប្រារព្ធឡើងដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ នេះបើយោងតាមការប្រកាសឱ្យដឹងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ ឯកឧត្តមបន្តថា មុននឹងប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី នឹងមានការរៀបចំបង្ហាញកម្មវិធី «នគរសង្ក្រាន្ត» ជូនបងប្អូនជនភៀសសឹក ដើម្បីជម្រាបជូនពួកគាត់ឱ្យបានដឹងអំពីការរៀបចំកម្មវិធី «នគរសង្ក្រាន្ត» ក៏ដូចជាដើម្បីបង្ហាញថា ទាំងអស់គ្នាដែលនៅសមរភូមិក្រោយមិនដែលបំភ្លេចបងប្អូនភៀសសឹកនោះឡើយ។

Advertisement

អ្នកនាំពាក្យបន្តថា ទន្ទឹមនឹងនេះ ស.ស.យ.ក. បានរៀបចំយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរដើម្បីវីរកងកម្លាំងជួរមុខ» ក្នុងគោលបំណងបង្កើតជាវេទិកាជូនសាធារណជន ក្នុងការបង្ហាញនូវក្ដីនឹករលឹក និងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងទាំងអស់ ដែលហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត។ បើតាមឯកឧត្តម ហ៊ុន ម៉ានី គ្រប់ផលិតផលរបស់ ស.ស.យ.ក. រាប់ទាំងវត្ថុអនុស្សាវរីយ៍នានា ដែលត្រូវដាក់លក់ក្នុងឱកាសនោះ សុទ្ធតែមាននិមិត្តរូបផ្សារភ្ជាប់នឹងវីរយុទ្ធជនជួរមុខ ហើយថវិកាដែលប្រមូលបានក៏នឹងត្រូវបញ្ជូនទៅឧបត្ថម្ភវីរកងកម្លាំងជួរមុខនិងពលរដ្ឋភៀសសឹក។ ជារួម ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ គឺជាការបង្ហាញស្មារតីជាតិក្នុងនាមជាខ្មែរក្នុងអត្ថន័យ មិនភ្លេចវប្បធម៌ ប្រពៃណី សាសនា ដែលជាទំនៀមទម្លាប់ពីដូនតា និងមិនភ្លេចបងប្អូនជនភៀសសឹក និងវីរយុទ្ធជនជួរមុខ។

ឯកឧត្តម ប៉ែន បូណា បានរម្លឹកថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានពន្យល់អត្ថន័យពិធីបុណ្យចូលឆ្នាំថ្មីនេះដែរថា ទោះជាមានការរៀបចំកម្មវិធី «នគរសង្ក្រាន្ត» នៅតាមរាជធានី-ខេត្ត ក៏រាជរដ្ឋាភិបាលមិនភ្លេចកាតព្វកិច្ចការពារទឹកដីនិងប្រជាជនឡើយ ជាពិសេសមិនភ្លេចវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ ផ្ទុយទៅវិញ កម្មវិធី «នគរសង្ក្រាន្ត» នឹងប្រារព្ធឡើងក្នុងអត្ថន័យដ៏ជ្រាលជ្រៅ ដោយផ្សារភ្ជាប់គ្នារវាងការលើកតម្លៃប្រពៃណីវប្បធម៌ជាតិ ដែលបន្សល់ទុកពីដូនតាផង និងរំលឹកនឹកគុណដល់វីរយុទ្ធជនដែលឈរជើងការពារបូរណភាពទឹកដីនៅជួរមុខផង ដោយមិនភ្លេចពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមជាយដែន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពន្យល់ហេតុផលដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំកម្មវិធី «នគរសង្ក្រាន្ត» ឆ្នាំនេះថា ទោះបីជាពេលនេះ ប្រទេសយើងកំពុងជួបប្រទះការបំពានលើបូរណភាពទឹកដីនៅទីតាំងមួយចំនួនតាមព្រំដែនជាមួយថៃ ក៏ប៉ុន្តែ អ្វីៗមិនត្រូវគាំងដំណើរទៅមុខលែងរួចនោះឡើយ។ ខណៈដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាតាមមធ្យោបាយការទូតយ៉ាងសកម្ម សកម្មភាពវប្បធម៌ សង្គម សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃត្រូវតែមានដំណើរទៅមុខជានិច្ចឥតឈប់ឈរ ពោលគឺយើងមិនត្រូវផ្តេកផ្តួលលើបញ្ហាព្រំដែន ហើយធ្វើឱ្យដំណើរក្នុងវិស័យផ្សេងៗទៀតជាប់គាំងនោះឡើយ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះគ្មានល្បែងបាញ់ទឹក និងប៉ាតម៉្សៅដូចឆ្នាំមុនៗឡើយ ពោលគឺ កម្មវិធីត្រូវប្រារព្ធធ្វើក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ តាមរយៈល្បែងរបាំប្រជាប្រិយ និងពិធីសាសនា ផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជួរមុខ និងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា។ ចំណែកថវិកាដែលទទួលបាននឹងត្រូវចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។ ដូច្នេះ កម្មវិធី «នគរសង្ក្រាន្ត» ឆ្នាំនេះមិនត្រឹមតែបង្ហាញពីតម្លៃវប្បធម៌ និងប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់វីរកងកម្លាំងជួរមុខក្នុងការការពារបូរណភាពទឹកដីក៏ដូចជាការចែករំលែកក្តីស្រឡាញ់ និងការរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតាមជាយដែន។

និយាយជារួម កម្មវិធី «នគរសង្ក្រាន្ត» គឺជាឱកាសបង្ហាញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងក្រោមស្មារតីនៃការ «ការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ» គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដោយរក្សាបាននូវជំហរឥតងាករេរបស់ខ្លួន គឺដំណើរឆ្ពោះទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា