ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) សហការរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត» នៅមន្ទីរពេទ្យកាល់ម៉ែតត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) សហការរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត» នៅមន្ទីរពេទ្យកាល់ម៉ែតត្រ

ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) សហការរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត» នៅមន្ទីរពេទ្យកាល់ម៉ែតត្រ

ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់)បានចូលរួម សហការឧបត្ថម្ភ ក្នុងកម្មវិធី បរិច្ចាគឈាម ដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត  ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត»។

Advertisement

ពិធីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០  ខែមិនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងវត្តមានចូលរួម ពីសម្តេចព្រះឧត្ដមវង្សាបណ្ឌិត គូ សុភាព សមាជិកថេរសភា នៃព្រះពុទ្ធសាសនានៅកម្ពុជា  លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ គ្រុប (វីតាល់) ឯកឧត្តម សាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត  និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានថ្លែងថា ពិតណាស់ ការបរិច្ចាគឈាមមិនមែនគ្រាន់តែជាការជួយសង្គ្រោះជីវិតអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់នូវ «ក្តីសង្ឃឹម» ដល់ក្រុមគ្រួសារនៃជនរងគ្រោះគ្រប់ៗរូប។

បុព្វហេតុនេះ វីតាល់ បានចាប់ផ្តើមបេសកកម្ម លើកិច្ចការមនុស្សធម៌ជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម តាមរយៈមូលនិធិ២៥រៀល របស់វីតាល់ តាំងពីបដិសន្ធិ ជិត ២ទសវត្ស មកដល់ពេលនេះ វីតាល់នៅតែប្តេជ្ញាបន្តរួមចំណែកសកម្មភាពដ៏ប្រពៃនេះ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រោះបច្ចុប្បន្នកាល លោកជំទាវយល់ថា ឈាមមិនអាចផលិតដោយរោងចក្របានទេ មានតែការបរិច្ចាគ ការលះបង់មួយ ចេញពីក្រអៅបេះដូង និងរាងកាយរបស់មនុស្សជាតិ។ 

បើតាមលោកជំទាវ ជឹង សុគន្ធាវី, ការប៉ះទង្គិចនៅព្រំដែន គ្រូពេទ្យ (កងទ័ពអាវ ស) ពិតជាមានការលះបង់ខ្ពស់ ក្នុងការចូលរួមនៅសមរភូមិ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះដល់កងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណ ភាពដែនដី ក៏ដូចជាបានយកចិត្តទុកដាក់ក្នុងការមើលថែព្យាបាលជំងឺដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក។ដូច្នេះ ក្នុងនាម ពលរដ្ឋខ្មែរ ១រូប លោកជំទាវ សូមថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំ ខ្នះខ្នែងគ្រប់មធ្យោបាយ ដើម្បីជម្រុញការដោះស្រាយដោយសន្តិវិធី និងការមើលថែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ពលរដ្ឋនៅតាមបណ្តាយ ព្រំដែន និងតំបន់ភៀសសឹក។ 

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា
ការបរិច្ចាគឈាម គឺជាសក​ម្មភា​ពវីរភាព ព្រោះអ្នកផ្តល់ឈាមគ្រប់រូប គឺជាអ្នកផ្តល់ជីវិត និងជាអ្នកសាបព្រោះក្តីសង្ឃឹ​ម ថ្មីជូនអ្នកជំងឺដែលមានតម្រូវការ។ លោហិត ដែលចេញពីរាង្គកាយ របស់អ្នកបរិច្ចាគគ្រប់ៗរូប នឹងក្លាយជាឱសថដ៏ស័ក្តិសិទ្ធិបំផុត សម្រាប់សង្គ្រោះជីវិត បងប្អូនជនរួមជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពអាសន្ននៅតាមមន្ទីរពេទ្យនានា។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ លោកជំទាវ ជឹង សុគន្ធាវី នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) ដែលតែងតែសហការ ឧបត្ថម្ភ ដើម្បីរៀបចំកម្មវិធីពិធីបរិច្ចាគឈាម និងកោត សរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរក្សានូវប្រពៃណីដ៏ល្អប្រពៃនេះជារៀងរាល់ឆ្នាំ ជាពិសេសការបរិច្ចាគឈាមធ្វើឡើងនៅមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងជិតឈានមកដល់នាពេលខាងមុខនេះ គឺជាការសាងកុសលដ៏ថ្លៃថ្លាបំផុត ព្រោះការលះបង់នូវអ្វីដែលជាផ្នែកនៃសរីរាង្គដើម្បីជីវិតអ្នកដទៃ គឺជាទានបារមី កម្រិតខ្ពស់ ដែលនាំមកនូវសិរីសួស្តី និងផលបុ​ណ្យ​ យ៉ាងច្រើនក្រៃលែង៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា