ធនាគារជាតិមានផែនការជំរុញដល់គ្រឹះស្ថានធនាគារឱ្យបើកប្រាក់បៀវត្សដល់បុគ្គលិកជាប្រាក់រៀលចាប់ពីឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារជាតិមានផែនការជំរុញដល់គ្រឹះស្ថានធនាគារឱ្យបើកប្រាក់បៀវត្សដល់បុគ្គលិកជាប្រាក់រៀលចាប់ពីឆ្នាំនេះ

ធនាគារជាតិមានផែនការជំរុញដល់គ្រឹះស្ថានធនាគារឱ្យបើកប្រាក់បៀវត្សដល់បុគ្គលិកជាប្រាក់រៀលចាប់ពីឆ្នាំនេះ

ភ្នំពេញ៖ វិស័យធនាគារនឹងរៀបចំនូវយុទ្ធនាការជំរុញដល់គ្រឹះស្ថានធនាគារទាំងអស់ ឱ្យមានការបើកប្រាក់បៀវត្សដល់បុគ្គលិក​ជាប្រាក់រៀល ចាប់ពីឆ្នាំ២០២៦នេះតទៅ ក្នុងគោលបំណងដើម្បីរួមចំណែកបង្កើនទំនុកចិត្តប្រាក់រៀលដល់អ្នកប្រើប្រាស់ ។

Advertisement

នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៦) នៅថ្ងៃទី២០ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដើម្បីឱ្យ​សេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ក្នុងនោះក៏មានគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ។

ឯកឧត្តម យឹម លាត បន្តថា ការប្រើប្រាស់ប្រាក់រៀល មិនមែនគ្រាន់តែជាការចាយវាយប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្ត​រូប​នៃអធិបតេយ្យជាតិ បង្ហាញអំពីមោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ។ នៅពេលប្រជាជន​ប្រើប្រាស់​ប្រាក់រៀលកាន់តែច្រើន វាបានបង្ករលក្ខណៈឱ្យធនាគារជាតិនៃកម្ពុជា (NBC) មានលទ្ធភាពក្នុងការគ្រប់គ្រងអត្រាការប្រាក់ និងបង្កើនបរិមាណចរន្តសាច់ប្រាក់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជំរុញការវិនិយោគ និងលើកកម្ពស់ផលិតកម្មក្នុងស្រុក គាំទ្រសហគ្រាសធុនតូច និងមធ្យម ដោយផ្តល់នូវកម្ចីដែលមានអត្រាការប្រាក់ទាបជាប្រាក់រៀល ខណៈការចរាចរប្រាក់រៀល​បច្ចុប្បន្ន មានការកើនឡើងរហូតដល ១២% ក្នុងមួយឆ្នាំ ។ ការចរាចរប្រាក់រៀលកាន់តែច្រើន នឹងជំរុញប្រសិទ្ធភាពគោល​នយោបាយ​រូបិយវត្ថុ ។

ឯកឧត្តមទេសាភិបាលរង បន្តថា សម្រាប់វិស័យកាងារបច្ចុប្បន្នឃើញថា នៅតាមបណ្តារោងចក្រ សហគ្រាសនានា ភាគ​ច្រើនបើកប្រាក់បៀវត្សទៅឱ្យបុគ្គលិករបស់ខ្លួនជាប្រាក់ដុល្លារ ក្នុងនោះ សម្រាប់វិស័យធនាគារ ក៏មានការបើក​ប្រាក់បៀវត្ស​ទៅឱ្យបុគ្គិលជាប្រាក់ដុល្លារផងដែរ ដោយនៅក្នុងឆ្នាំ២០២៦នេះ ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគម​ធនាគារ​នៅកម្ពុជា(ABC) រួមទាំងសមាគមមីក្រូហិរញ្ញវត្ថុ (CMA) នឹងចាប់ផ្តើមរៀបចំនូវយុទ្ធនាការជំរុញដល់គ្រឹះស្ថានធនាគារទាំងអស់ ឱ្យមានការបើកប្រាក់បៀវត្សដល់បុគ្គលិកជាប្រាក់រៀល និងការជំរុញឱ្យមានឥណទានប្រាក់រៀលកាន់តែច្រើន ក្នុងគោលដៅ​ជំរុញដល់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ដើម្បីរួមចំណែកបង្កើន ទំនុកចិត្តប្រាក់រៀលដល់អ្នកប្រើប្រាស់ ។

ឯកឧត្តម យឹម លាត បញ្ជាក់ថា កន្លងមក ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រាក់រៀល នៅតាមបណ្តារាជធានី-ខេត្តជាបន្តបន្ទាប់ ដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងសិស្សានុសិស្ស ជួយផ្សព្វផ្សាយបន្តអំពីសារៈសំខាន់នៃការ ប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិ ។

ជុំវិញបញ្ហាប្រាក់រៀលនេះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានបង្ហាញពីប្តេជ្ញាចិត្តចូលរួម​អនុវត្តដោយ​បានជជែកជាមួយធនាគារដែលជាសមាជិកសមាគម ក្នុងការបើកបៀវត្សបុគ្គលិកនៅតាមស្ថាប័នៗជាប្រាក់រៀល នាថ្ងៃទី២០ ខែមីនា នេះផងដែរ។ បើតាមលោក សោភ័ណ សមាគមធនាគារនៅកម្ពុជា កំពុងរៀបចំផែនទីផ្លូវរយៈពេល ៣ឆ្នាំ ក្នុងការជំរុញ​លើការបើកបៀវត្សបុគ្គលជាប្រាក់រៀលឱ្យបាន ១០០ភាគរយ ដែលចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៦ តទៅ ខណៈឆ្នាំនេះ យើងចង់​ចាប់ផ្តើមឱ្យបានយ៉ាងតិចក៏ ២៥ភាគរយដែរ នៃប្រាក់ខែបុគ្គលិកក្នុងវិស័យធនាគារ ជាប្រាក់រៀល ។

ចំណែកប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ វឿន បានលើកឡើងថា ទាក់ទិនការបើកប្រាក់​បៀវត្ស​នេះឃើញថា សមាជិកនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ការបើកប្រាក់ដុល្លារនៅមានចំនួនច្រើន ឯការជំរុញឱ្យមានការបើក​ប្រាក់បៀវត្សជាប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជានេះ ក្នុងនាមរូបលោកតំណាងឱ្យសមាគមហិរញ្ញមីក្រូហិរញ្ញវត្ថុកម្ពុជា គាំទ្រគម្រោងនៃ ការរៀបចំយុទ្ធនាការនេះទាំងស្រុង ដើម្បីរួមគ្នាលើកកម្ពស់ប្រាក់រៀល ឱ្យមាននិន្នាការនៃការប្រើប្រាស់ប្រាក់​រៀលកើនឡើងជាបន្តបន្ទាប់ ។

គិតត្រឹមដំណាច់ឆ្នាំ២០២៥ សមតុល្យឥណទានមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ ៦ពាន់លានដុល្លារអាម៉េរិក។  ក្នុងនោះ មាន ២៣,២៩ភាគរយ (ប្រហែល ១,៤ ពាន់លានដុល្លារ) ត្រូវបានផ្តល់ជាប្រាក់រៀល ដោយបានបម្រើអតិថិជនចំនួន ១,៥៣ លាននាក់។ នេះបើយោងតាមទិន្នន័យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។ ដោយឡែក វិស័យធនាគារ គឺមានទំហំឥណទានដល់ជាង ៦២ពាន់ដុល្លារ ត្រឹមដំណាច់ឆ្នាំ២០២៥ ក្នុងនោះមាន ១១,៦០ភាគរយ គឺឥណទានជាប្រាក់រៀល ៕ 

អត្ថបទ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា