សិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនៅក្រុងបាត់ដំបង ទទួលបាន​សេវាព្យាបាលពីក្រុមគ្រូពេទ្យ ធីតា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនៅក្រុងបាត់ដំបង ទទួលបាន​សេវាព្យាបាលពីក្រុមគ្រូពេទ្យ ធីតា

សិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនៅក្រុងបាត់ដំបង ទទួលបាន​សេវាព្យាបាលពីក្រុមគ្រូពេទ្យ ធីតា

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោឬធីតា(TYDA)​កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានចុះ​ពិនិត្យ​និងព្យាបាល​ជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និងជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាលមក​ពីសាលាបឋម​សិក្សា​ចំនួន៥ ស្មើនឹងចំនួន ៣ ៣៩០នាក់ ក្នុងបរិវេណ​សាលាបឋមសិក្សារំចេក៣ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

Advertisement

ក្នុងកម្មវិធីខាងលើក៏មានការបណ្ដុះបណ្ដាល​អំពី​ការថែទាំសុខ​ភាពបឋម​ដល់លោកគ្រូ អ្នកគ្រូ ដើម្បីយកទៅបន្ត​អប់រំសុខភាពដល់សិស្ស​ផងដែរ។ឯកឧត្តមបណ្ឌិត ពេជ សោភន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម​ពិសេស និងជាប្រធានលេខាធិការ​ដ្ឋានគណៈ​កម្មា​ធិការជាតិជំរុញការ​អនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ.វ.អ.» តំណាង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្តេចតេជោ (TYDA) បានថ្លែងកោតសសើរ​ចំពោះក្រុមគ្រូពេទ្យ ធីតា ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត​ខិតខំចុះព្យាបាល​ជំងឺជូនប្រជាពលរដ្ឋអស់រយៈពេលជាងច្រើន​ឆ្នាំ​កន្លងមកនេះ មិនថា​ព្យុះភ្លៀង រងាក្តៅយ៉ាងណាទេ គឺដើម្បីសុខុ​មាល​ភាពប្រជាពលរដ្ឋ។ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតគណៈកម្មា​ធិការជាតិ ដើម្បីជំរុញការ​អនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈកម្មាធិការ​ជាតិនេះមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធាន។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា នៅក្នុងការ​អនុវត្ត​ការងារ លេខាធិការដ្ឋាននេះដើរតួនាទីជាសេនាធិការរបស់ (គ.វ.អ.) ក្នុងគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ ការអប់រំតាមរយៈ​ការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យ​កែលម្អកម្មវិធីសិក្សា​និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាម​តម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៍ និងឥរិយាបថសិស្ស, ការយកចិត្តទុកដាក់ លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ​ដល់កុមារ និងការត្រួត​ពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ លើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។ រចនាសម្ព័ន្ឋលេខាធិការដ្ឋាន (គ.វ.អ) រួមមានផ្នែកចំណុះចំនួន ០៤ ៖ ផ្នែកគោលនយោបាយ, ផ្នែកគាំទ្រ​សាលារៀន, ផ្នែកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, និង ផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ។ ឯកឧត្តមបណ្ឌិត បានបង្ហាញ​អំពីការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការអនុវត្តការងារនេះ និងជាពិសេសគឺការ​ជឿជាក់ និងគាំទ្ររាជរដ្ឋា​ភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាជាតិ និងការ​ថែរក្សា​សន្តិភាពយ៉ាងរឹងមាំពិតប្រាកដរបស់ជាតិ។

បើតាមឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម​គ្រូពេទ្យធីតា បានឱ្យដឹងទៀតថា សមាគម ធីតា ដឹកនាំ​ដោយសម្តេច​ធិបតី និងលោកជំទាវបណ្ឌិត អស់រយៈពេល១៤ឆ្នាំមកហើយ ប្រកបដោយ​ក្តីស្រឡាញ់យកចិត្តទុកដាក់​យ៉ាង​ជ្រាលជ្រៅចំពោះសុខភាព​របស់ប្រជា​ពលរដ្ឋទូទៅនៅទូទាំងប្រទេស។ ជាក់ស្តែងថ្ងៃនេះ ក្រោមការចង្អុល​បង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ឯកឧត្តម​វេជ្ជ​បណ្ឌិតបានដឹកនាំគ្រូពេទ្យជិត ៣០០នាក់ ចុះមកព្យាបាល​ជំងឺទូទៅ ជំងឺភ្នែក ជាពិសេសសុខភាពមាត់ធ្មេញ ជូនលោក អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលនៅទីនេះ ដោយមិនមានការគិតថ្លៃ​អ្វីទាំងអស់ ប្រកបដោយក្តីស្រឡាញ់ និងស្នាមញញឹម ក្នុងន័យជំរុញ លើកកម្ពស់​សុខភាពសហគម ជាពិសេសគឺការបង្ខិត​សេវាសុខភាពមក​កៀកផ្ទះប្រជាពលរដ្ឋតែម្តង៕
ដោយ៖វណ្ណលុក,អ៊ុក សំអាន បប.

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា