កម្ពុជាឆ្នាំ២០២៤ អត្រាកើតមានជំងឺរបេងថ្មីបានថយខ្លាំង បើធៀបនឹងបណ្តាប្រទេសដទៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាឆ្នាំ២០២៤ អត្រាកើតមានជំងឺរបេងថ្មីបានថយខ្លាំង បើធៀបនឹងបណ្តាប្រទេសដទៃ

កម្ពុជាឆ្នាំ២០២៤ អត្រាកើតមានជំងឺរបេងថ្មីបានថយខ្លាំង បើធៀបនឹងបណ្តាប្រទេសដទៃ

ភ្នំពេញ៖ នៅកម្ពុជាអត្រាកើតជំងឺរបេង មានការធ្លាក់ចុះខ្លាំង ធៀបនឹងបណ្តាប្រទេសដទៃ ។ ជាក់ស្ដែង អត្រាកើតមានជំងឺរបេងថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៨៥៣ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម ២៧២ករណី ក្នុង​ចំណោម​ប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៤ គឺបានថយចុះ ៦៨% ។

Advertisement

តាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» បង្ហាញលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦​នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាបានសម្រេចសមិទ្ធ​ផល​គួរជាទីមោទនៈក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពីប្រមាណ ២០ឆ្នាំមុន ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជា បានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក ចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ។ លទ្ធផលដ៏គាប់ ប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ក្នុងនោះរាជរដ្ឋាភិបាល បានពង្រីក​សេវាពិនិត្យ និងព្យាបាលជំងឺរបេង នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំង ថ្នាក់​សហគមន៍ នៅទូទាំងប្រទេសផងដែរ ។

សម្ដេចធិបតី បានបន្ថែមថា នៅកម្ពុជា អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង មានការធ្លាក់ចុះខ្លាំងធៀបនឹងបណ្តាប្រទេសដទៃ ។ ជាក់ស្ដែង អត្រាស្លាប់ដោយសារជំងឺរបេង បានថយចុះពី ៨០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ១៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៤ ដែលមានអត្រាធ្លាក់ចុះស្មើនឹង ៧៨%។ ទោះបី​ជាទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងកម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក ។

ទន្ទឹមនេះ សម្ដេចធិបតី បានស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ប្រជាពលរដ្ឋ ត្រូវបន្តជំរុញ យកចិត្តទុកដាក់​ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្ដិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាព នៃការរស់នៅ និងត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖

ទី១- បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក ។ ទី២- ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាពស្រាវជ្រាវ រកជំងឺរបេងនៅតាមសេវាមូលដ្ឋានសុខាភិបាល សហគមន៍ និងទីកន្លែងសាធារណៈនានា ។ ទី៣- បន្តថែរក្សាឱ្យបានខ្ពស់ នូវអត្រាព្យាបាលជោគជ័យ នៃជំងឺរបេង លើសពី៩០%។ ទី៤- ខិតខំកៀរគរធនធានបន្ថែមទៀត សម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង ដែលការចូលរួម ចំណែកទាំងអស់នេះ នឹងធ្វើឱ្យការងារកំចាត់រោគរបេង ទទួលបានជោគជ័យ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា