ជប៉ុនសន្យាបន្តជួយបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនសន្យាបន្តជួយបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក

ជប៉ុនសន្យាបន្តជួយបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក

លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធនានា ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត ក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា -ថៃ ហើយនឹងនៅតែបន្តផ្ដល់ការគាំទ្រកម្ពុជាក្រោមទម្រង់ផ្សេងៗ។

Advertisement

ការថ្លែងរបស់លោកឯកអគ្គរាជទូតជប៉ុនបែបនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ក្នុងពិធីបើកកម្មវិធីទស្សនកិច្ចរបស់អ្នកសារពត៌មាន នៅតាមគម្រោងនានា ដែលទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន (ODA) ឆ្នាំ២០២៦។

លោកឯកអគ្គរាជទូតជប៉ុន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំម្តងទៀតចំពោះប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិតក្នុងជម្លោះព្រំដែន និងសម្តែងក្តីអាណិតអាសូរដោយស្មោះចំពោះអ្នកដែលបានរងគ្រោះក្រោមរូបភាពផ្សេងៗទាំងអស់។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ប្រទេសជប៉ុនសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ នឹងមានភាពប្រក្រតីឡើងវិញឆាប់ៗ តាមរយៈការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងឈប់បាញ់ ការអត់ធ្មត់ជាអតិបរមា និងការបន្ថយភាពតានតឹងតាមរយៈការសន្ទនាដោយសន្តិវិធី។

ចាប់តាំងពីកម្ពុជា-ថៃផ្ទុះជម្លោះនៅពាក់កណ្ដាលឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយជាច្រើនដល់ពលរដ្ឋ ភៀសសឹក ក៏ដូចជាពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃមកវិញ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បញ្ជាក់លម្អិតថា សម្រាប់ជំនួយទាក់ទងនឹងបញ្ហាព្រំដែន រដ្ឋាភិបាលជប៉ុនសហការជាមួយអង្គការ IOM និង UNICEF ផ្តល់ជំនួយសង្គ្រោះបន្ទាន់ស្មើនឹងទឹកប្រាក់ ១ លាន៨សែនដុល្លារអាម៉េរិកដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែនកាលពីខែសីហាឆ្នាំមុន។

ឯកឧត្តមបន្ថែមថា ចាប់តាំងពីខែមករាឆ្នាំ ២០២៦ ជប៉ុនបាន និងកំពុងផ្តល់ការគាំទ្រដល់ពលករ ដែលត្រឡប់មកពីប្រទេសថៃ និងជនងាយរងគ្រោះនៅតាមតំបន់ព្រំដែនផងដែរ។ ជាងនេះទៅទៀត ជប៉ុនក៏បាន និងកំពុងបន្តផ្តល់ការគាំទ្រ ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិនានា លើវិស័យមួយចំនួន ដូចជា វិធានការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

យោងតាមលោកទូតជប៉ុន ទឹកប្រាក់សរុបនៃជំនួយទាំងនេះ គឺមានប្រមាណ ១៧ លានដុល្លារអាមេរិក។

ជប៉ុនប្តេជ្ញាបន្តគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជំរុញការស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែននាពេលអនាគតផងដែរ៕

ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា