អ្នកនាំពាក្យ៖ មិនថានៅទីណា ឬពេលវេលាណា រាជរដ្ឋាភិបាលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ មិនថានៅទីណា ឬពេលវេលាណា រាជរដ្ឋាភិបាលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន»

អ្នកនាំពាក្យ៖ មិនថានៅទីណា ឬពេលវេលាណា រាជរដ្ឋាភិបាលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន»

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា មិនថានៅទីណា ឬពេលវេលាណា រាជរដ្ឋាភិបាលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុតរបស់ខ្លួនឡើយ ពោលគឺ ប្រធានបទស្តីពី «ការវិវត្តន៍ថ្មីៗនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ» បានក្លាយជារបៀបវារៈដ៏សំខាន់ និងចាំបាច់មួយរបស់ថ្នាក់ដឹកនាំកម្ពុជា សម្រាប់កិច្ចពិភាក្សានានាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Shri P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើតនៃក្រសួងការបរទេសឥណ្ឌា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

Advertisement

អ្នកនាំពាក្យបានបន្តថា ក្រៅពីកិច្ចពិភាក្សាអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមិត្តភាពដ៏យូរអង្វែងនិងយ៉ាងជិតស្និទ្ធរវាងកម្ពុជានិងឥណ្ឌា និងការរិះរកមធ្យោបាយនានាពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀតក្នុងវិស័យនានា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនដៃគូសន្ទនាផងដែរ។ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងការបរទេស និងក្រសួងស្ថាប័ននានាក៏បានទទួលជួបជាមួយដៃគូបរទេសជាច្រើន ដែលក្នុងជំនួបទាំងនោះ ស្ថានការណ៍វិវត្តន៍នៅតាមព្រំដែនកម្ពុជា-ថៃ គឺជារបៀបវារៈដ៏សំខាន់មួយ។

ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងធ្វើការងារយ៉ាងសកម្មតាមវិស័យរបស់ខ្លួន ដោយមិនភ្លេចបញ្ហាព្រំដែន និងជនភៀសសឹក។ ជាក់ស្តែង តាមរយៈក្រសួងអប់រំ យុវជន និងកីឡា លោក Ian Hoskins នាយកនៃនាយកដ្ឋានទទួលបន្ទុកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអន្តរជាតិសំរាប់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងនៃស្នាក់ការកណ្ដាលសហភាពអឺរ៉ុប បានធ្វើដំណើរទស្សនកិច្ចទៅកាន់ថ្នាក់រៀនក្នុងមណ្ឌលភៀសសឹក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែងនានា ក្រោមការគាំទ្រពីសហភាពអឺរ៉ុប ដើម្បីស្តារលទ្ធភាពទទួលបានការអប់រំឡើងវិញ សម្រាប់អ្នកដែលបានបាត់បង់ឱកាស។

សហភាពអឺរ៉ុប នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាថា កុមារគ្រប់រូបនៅកម្ពុជា ទទួលបានការអប់រំប្រកបដោយគុណភាព ទោះបីស្ថិតក្នុងកាលៈទេសៈមិនច្បាស់លាស់ នៃជម្លោះឬការផ្លាស់ទីលំនៅក៏ដោយ។ សហភាពអឺរ៉ុបនៅទីនេះជាមួយអ្នកដើម្បីជួយកសាងប្រព័ន្ធអប់រំមួយ ដែលមានលក្ខណៈបរិយាបន្ន និងភាពធន់ជាងមុន។ នេះជាខ្លឹមសារដែលត្រូវបានបង្ហោះលើគេទំព័រផ្លូវការរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា។

អ្នកនាំពាក្យបានរម្លឹកថា កាលពីចុងខែកុម្ភៈកន្លងទៅថ្មីៗនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដោយបានសង្កត់ធ្ងន់ថា ការបង្កឧបសគ្គរារាំងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលកម្ពុជារាប់ម៉ឺននាក់ទៅកាន់ផ្ទះសម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ គឺជាការប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស។

សូមរម្លឹកជូនថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី នូវែលសេឡង់ និងអូស្ត្រាលី ដោយក្នុងដំណើរទស្សនកិច្ចនោះ ស្ថានការណ៍វិវត្តន៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅ ដែលអនុញ្ញាតឱ្យបណ្តាដៃគូសន្ទនាបានយល់ច្បាស់ពីសភាពការណ៍ពិត ក៏ដូចជាជំហរសន្តិភាពនិយមដោយផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជាដែលស្របនឹងការចង់បានរបស់សហគមន៍អន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសទាំងបីខាងលើរបស់ប្រមុខការទូតកម្ពុជា បានកើតឡើងបន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ថ្មីៗនេះ។

សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីភាពសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា នៅលើសមរភូមិការទូតដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលគឺ «ការការពារបូរណភាពទឹកដីនិងប្រជាជន» និងក៏បានបង្ហាញឱ្យឃើញថា សហគមន៍អន្តរជាតិបានទទួលព័ត៌មានច្បាស់លាស់ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើប្រទេសកម្ពុជា និងជនភៀសសឹកជាច្រើនម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារការរារាំងពីកងកម្លាំងថៃ ក្នុងនោះក៏មានកុមារកម្ពុជាជាច្រើនមិនបានទៅសាលារៀនរបស់ពួកគេវិញនៅឡើយ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា