អ៊ីរ៉ង់ ទារលុយនាវាមួយគ្រឿង ២ លានដុល្លារ បើចង់ឆ្លងកាត់ច្រកសមុទ្រ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ទារលុយនាវាមួយគ្រឿង ២ លានដុល្លារ បើចង់ឆ្លងកាត់ច្រកសមុទ្រ Hormuz

អ៊ីរ៉ង់ ទារលុយនាវាមួយគ្រឿង ២ លានដុល្លារ បើចង់ឆ្លងកាត់ច្រកសមុទ្រ Hormuz

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានប្រកាសទារលុយចំនួន ២ លានដុល្លារ ក្នុងនាវាមួយគ្រឿង ជាថ្នូរនឹងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលនេះបង្ហាញពីគោលបំណងគ្រប់គ្រងផ្តាច់មុខរបស់ទីក្រុងតេហេរ៉ង់ លើផ្លូវទឹកដ៏សំខាន់របស់ពិភពលោកមួយនេះ ។

Advertisement

បើតាម The Guardian, សមាជិកសភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi នៅថ្ងៃទី២២ ខែមីនា បាននិយាយដោយឥតលាក់លៀមថា អ៊ីរ៉ង់ យកថ្លៃក្នុងនាវាមួយគ្រឿងចំនួន ២ លានដុល្លារ សម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ហើយថា ការធ្វើបែបនេះ គឺដើម្បីបង្ហាញពីភាពខ្លាំងរបស់អ៊ីរ៉ង់ ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានគំរាមនៅលើបណ្តាញសង្គម Truth Social កាលពីយប់ថ្ងៃសៅរ៍ ថា ប្រសិនបើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឱ្យបានពេញលេញ និងបញ្ឈប់ការគំរាមកំហែងក្នុងរយៈពេល ៤៨ម៉ោងទេ នោះកងទ័ពអាមេរិកនឹងចាប់ផ្តើមវាយប្រហារបំផ្លាញរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ ដោយចាប់ផ្តើមពីរោងចក្រ ដែលមានទំហំធំជាងគេបំផុតមុនគេ ។

ឆ្លើយតបការគំរាមរបស់លោក Trump ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ ដោយព្រមានថា ហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងយុទ្ធសាស្ត្រសំខាន់ៗនៅទូទាំងតំបន់មជ្ឈិមបូព៌ា នឹងក្លាយជាគោលដៅស្របច្បាប់ភ្លាមៗ នៃការវាយប្រហាររបស់អ៊ីរ៉ង់ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់រងការវាយប្រហារដូចអ្វីដែលលោក ត្រាំ គំរាមមែន ។

យោងតាម Straits Times, ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏ធំ ដោយសារតែវិបត្តិនៅជុំវិញច្រកសមុទ្រ Hormuz ។

លោកថា ស្ថានភាពបច្ចុប្បន្នអាក្រក់ជាងវិបត្តិប្រេងលើកមុនៗទៅទៀត ដោយសារមានប្រេងឥន្ធនៈ និងឧស្ម័នរបស់ពិភពលោករហូតដល់ ២០% ត្រូវដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្តែការដឹកជញ្ជូនឆ្លងកាត់ច្រកនេះ ស្ទើរតែឈប់ទាំងស្រុង ដែលបណ្តាលឱ្យប្រេងឥន្ធនៈ និងឧស្ម័នហក់ឡើងថ្លៃខ្លាំង ។

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិរូបនេះ បានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយគេចផុតពីផលប៉ះពាល់នោះទេ ប្រសិនបើវិបត្តិនេះនៅតែបន្ត ហើយលោកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការសកល ដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់ ៕

ប្រភព ៖ The Guardian និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា