នាយករដ្ឋមន្រ្តីកម្ពុជាជំរុញឱ្យចាប់យកបញ្ញាសិប្បនិមិ្មត ជាឱកាសដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្រ្តីកម្ពុជាជំរុញឱ្យចាប់យកបញ្ញាសិប្បនិមិ្មត ជាឱកាសដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល

នាយករដ្ឋមន្រ្តីកម្ពុជាជំរុញឱ្យចាប់យកបញ្ញាសិប្បនិមិ្មត ជាឱកាសដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យចាប់យកបញ្ញាសិប្បនិម្មិតឬអេអាយ(AI)ធ្វើជាឱកាស
ទាញ​យកផលប្រយោជន៍ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបែបទំនើបដោយប្រើប្រាស់បច្ចេកវិទ្យា។

Advertisement

ក្នុងសារលិខិតសម្រាប់ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសរំលេចថា បញ្ញាសិប្បនិម្មិត កំពុងលេចធ្លោ​ជា​បច្ចេកវិទ្យាមួយ ដែលមានការផ្លាស់ប្តូរលឿនបំផុត ។ក្នុងនាយកន័យនេះសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ថា​នេះក៏ជាឱកាស​សម្រាប់កម្ពុជា ទាញយកផលប្រយោជន៍ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ជាមួយសក្តានុពលក្នុងការជំរុញកំណើនផលិតភាព និងគុណភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន ។

ជុំវិញចំណុចលើកឡើងនេះដែរ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានបង្កើតមូលនិធិស្រាវជ្រាវជាតិ ជាបរធន​បាលកិច្ច ដើម្បីគាំទ្រ​ការស្រាវជ្រាវ និងអភិវឌ្ឍន៍របស់គ្រឹះស្ថានស្រាវជ្រាវសាធារណៈ និងឯកជន សំដៅជំរុញការអភិវឌ្ឍ​ប្រព័ន្ធ​នវានុវត្តន៍​ជាតិ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព ដែលនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែង​ផ្លាស់ប្តូរដំណើរ​វិវត្តរបស់យើង ពីប្រទេសប្រើប្រាស់បច្ចេកវិទ្យា និងពឹងផ្អែកលើការទិញបច្ចេកវិទ្យាពីបរទេស ទៅជាប្រទេសអ្នក​បង្កើតចំណេះដឹង និងបច្ចេកវិទ្យានៅក្នុងតំបន់ នាពេលអនាគត ។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នឹងប្រារព្ធរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ទី២៦ ដល់ថ្ងៃសៅរ៍ទី២៨ ខែមីនា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
តាមកម្មវិធីគ្រោងទុក​ទិវាជាតិលើកទី៤ នឹងអមដោយព្រឹត្តិការណ៍ពិសេសនានាដូចជា (១) ពិព័រណ៍​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (២) វេទិកា​ជជែកពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (៣) សកម្មភាពជំរុញនវានុវត្តន៍ (៤) កម្មវិធីប្រកួត​ប្រជែង​ពានរង្វាន់វិទ្យាសាស្រ្ត ឆ្នាំ២០២៦ (៥) ពិធីប្រគល់​ពានរង្វាន់ «អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម» (៦) ពិធីប្រគល់​ពានរង្វាន់​នវានុវត្តន៍សាធារណៈ ។

ទិវាជាតិនេះត្រូវបានពណ៌នាថា ជាការបញ្ជាក់អំពីការបន្តប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយ​គុណតម្លៃ ឆ្ពោះទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់ និងជំរុញនវានុវត្តន៍ជាតិ ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីលើកឡើងក្នុងសារដដែលថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជាសេនាធិការ ដើម្បីជំរុញការអភិវឌ្ឍ​ប្រព័ន្ធនវានុវត្តន៍ជាតិ និងធ្វើយ៉ាងណា ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ឧស្សាហកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម និងប្រជាជន​កម្ពុជាទាំងអស់ ធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្ត្រ ឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យកបច្ចេកវិទ្យា​ឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យា ឱ្យបានសមស្របតាមតម្រូវការជាក់ស្ដែងរបស់កម្ពុជា ។

ទន្ទឹមនេះសម្ដេចធិបតី ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ ដៃគូអភិវឌ្ឍ និងវិស័យ​ឯកជនទាំងអស់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងចូលរួមបណ្ដុះវប្បធម៌នវានុវត្តន៍ក្នុងគ្រប់រូបភាពនៃកិច្ចការងារ និងជីវភាពប្រចាំថ្ងៃ ដើម្បីរួមគ្នាកសាងប្រព័ន្ធ​នវានុវត្តន៍ជាតិ​មួយប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា