បន្ទាប់ពីបញ្ចប់ការដា្ឋនប្រឡាយទឹកបុរាណចំនួន២ បានផ្ដល់ពហុប្រយោជន៍ដល់អ្នកស្រុកពួក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បន្ទាប់ពីបញ្ចប់ការដា្ឋនប្រឡាយទឹកបុរាណចំនួន២ បានផ្ដល់ពហុប្រយោជន៍ដល់អ្នកស្រុកពួក

បន្ទាប់ពីបញ្ចប់ការដា្ឋនប្រឡាយទឹកបុរាណចំនួន២ បានផ្ដល់ពហុប្រយោជន៍ដល់អ្នកស្រុកពួក

សៀមរាប៖ មិនមែនជាការស្រមើស្រមៃ ពេលនេះប្រជាជនចំនួន៩ភូមិ ក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បាននិងកំពុងទទួលផល
ដោយផ្ទាល់ ដោយប្រយោលពីប្រឡាយទឹកបុរាណ២ ខ្សែប្រវែងជាង៤គីឡូម៉ែត្រ បន្ទាប់ពីប្រឡាយទឹកបុរាណទាំង២ បានបញ្ចប់
ការស្តារយ៉ាងមមាញឹក។

Advertisement

អាជ្ញាធរជាតិអប្សរាបានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារទី២៤ ខែមីនាថា រយៈពេល២ឆ្នាំមកនេះ គម្រោងគ្រប់គ្រងទឹកអង្គរ​ប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេសនូវែលសេឡង់(New Zealand) បានយកចិត្តទុកដាក់ទៅលើការងារស្ដារប្រឡាយទឹកបុរាណចំនួន២ខ្សែ មានប្រវែង សរុប៤.៣៩០ម៉ែត្រ ស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

បើតាមអាជ្ញាធរដដែលឱ្យដឹងថា ប្រឡាយទឹកបុរាណទាំងពីរខ្សែនេះ បានបញ្ចប់រួចរាល់ជាស្ថាពរ និងបានរួមចំណែក​ក្នុង​ការងារអភិរក្ស​​ប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងជាប្រព័ន្ធរំដោះទឹកជំនន់ចេញពីតំបន់អង្គរ និងក្រុងសៀមរាប ព្រម​ទាំងជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋផង។ ប្រឡាយ២ខ្សែនេះ ក៏មានតួនាទី​ជួយរក្សាទឹក​ទុកសម្រាប់ពលរដ្ឋក្នុងឃុំ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ផលនេសាទ ព្រមទាំងធ្វើជាផ្លូវដីតាមខ្នងទំនប់សងខាងប្រឡាយ សម្រាប់ពលរដ្ឋ​ក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលជាដើម។

បច្ចុប្បន្នមានពលរដ្ឋក្នុងភូមិមួយចំនួន កំពុងទទួលប្រយោជន៍ដោយផ្ទាល់​ពីគម្រោងស្ដារប្រឡាយបុរាណ២ខ្សែនេះ ដូចជា ភូមិ​គោកត្នោត ភូមិប្រាសាទចារ្យ និងភូមិល្បើក។ ជាមួយគ្នានេះ មានពលរដ្ឋនៅភូមិខ្លះទៀត ក៏ទទួលផលដោយ​ប្រយោលពី​ប្រឡាយបុរាណនេះដែរ ដូចជាភូមិនគរក្រៅ ភូមិគោកបេង ភូមិគោកពោធិ៍ ភូមិរហាល ភូមិពាម និងភូមិតាស្នែ ជាដើម។

ដើម្បីជាការរួមចំណែកក្នុងការគ្រប់គ្រងទឹកនៅក្នុងភូមិសាស្រ្តឃុំដូនកែវ ស្រុកពួកនេះឱ្យកាន់តែមាន​​ប្រសិទ្ធភាព គម្រោងAWR ក៏បានធ្វើការសាងសង់សំណង់​ធារាសាស្ត្រមួយចំនួន​នៅតាមបណ្តោយ​ប្រឡាយទាំ​ងនេះថែមទៀត ដូចជាសំណង់ទ្វារ​ទឹកថ្មី​ចំនួន៤កន្លែង សំណង់បង្ហៀរ១កន្លែង និងជួសជុលទំនប់សងខាងប្រឡាយប្រវែង១គីឡូម៉ែត្រ។

សូមបញ្ជាក់ថា គម្រោង AWR ជាគំនិតផ្តួចផ្តើមឡើងរបស់អាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភពីក្រសួងការបរទេស និង​ពាណិជ្ជកម្ម(MFAT) នៃប្រទេសណូវែលសេឡង់ ហើយអនុវត្តដោយអង្គការលីវអែនលឺន Live & Learn ។ គម្រោង​មានគោល​ដៅក្នុងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសមត្ថភាពរបស់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់​ឧទ្យាន​អង្គរ ឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតទៅលើសកម្មភាពសំខាន់ៗចំនួន ៥ រួមមាន៖ ទី១ ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធទឹកបុរាណ, ទី២ ស្ថានីយបណ្តុះកូនឈើ ផលិតដីបណ្តុះ និងជីកំប៉ុស, ទី៣ កម្មវិធីលើកកម្ពស់ការយល់​ដឹង​ដល់ប្រជាសហគមន៍នៅតាមទីវត្តអារាម, ទី៤ កម្មវិធីលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្សនៅតាមសាលារៀន និងទី៥ សួនបន្លែលក្ខណៈគ្រួសារ និងដំណាំកេរដំណែល។

អាជ្ញាធរជាតិអប្សរា តែងចាត់ទុកការងារគ្រប់គ្រងទឹក នៅតំបន់អង្គរ ជាកិច្ចការសំខាន់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដោយ​បានខិតខំរៀបចំ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ មិនធ្វេសប្រហែសឡើយ ហើយប្រសិនណាបើការគ្រប់គ្រងមិនបានល្អ នោះនឹងបង្ក​គ្រោះថ្នាក់ទាំងប្រាសាទ និងគ្រោះទឹកជំនន់នៅតំបន់ប្រាសាទ រួមទាំងក្រុងសៀមរាបផង។

បុព្វបុរសខ្មែរ ដែលបានកសាងរាជធានីអង្គរ បានទាញយកទឹកពីភ្នំគូលែន ដែលគេហៅថា ជាទឹកមន្ត ជាទឹកស័ក្ដិសិទ្ធ មកប្រើ​ប្រាស់ក្នុងតំបន់ទាំងមូលបានខួបប្រាំង ខួបវស្សា តាមរយៈការរៀបចំប្រព័ន្ធធារាសាស្រ្ត គឺមានភាពប៉ិនប្រសព្វបំផុត ដែលមាន​ដូចជាប្រឡាយ ស្ទឹង ទំនប់ កសិន្ធុ និងលើកបារាយណ៍ខ្វាត់ខ្វែងដើម្បីរក្សាទឹកទុកប្រើប្រាស់ឱ្យអស់លទ្ធភាព ដោយមិនទុកឱ្យហូរ​ធ្លាក់ទៅទន្លេសាបដោយឥតប្រយោជន៍ឡើយ ។

កាលពីអតីតកាល រាជធានីអង្គរ ដោយសារមានការបោះបង់ចោល និងពុំមានការថែទាំដិតដល់ ប្រព័ន្ធធារាសាស្រ្តសម័យបុរាណ បានរងការខូចខាតស្ទើរទាំងស្រុង ដែលបាននាំឱ្យអាងស្ដុកទឹកទាំងនោះ លែងមានទឹក ខ្លះក្លាយជាព្រៃ និងក្លាយជាកន្លែងដាំដុះ​ស្រូវស្រែចម្ការដែលប្រជាជនអាស្រ័យផលជាដើម និងថែមទាំងបាននាំឲ្យរដូវវស្សានៃឆ្នាំខ្លះ ទឹកដែលហូរធ្លាក់ពីភ្នំគូលែន មិនអាចចូលអាងស្ដុកទឹកទាំងនោះបាន និងបានបង្កជាការជន់លិចតំបន់ប្រា សាទ និងក្រុងសៀមរាប ថែមទៀតផង ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ អាជ្ញាធរជាតិអប្សរា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា