អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​រម្លឹកឡើងវិញនូវខ្លឹមសារនៃការ​ប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជានិងថៃ តាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់GBC | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​រម្លឹកឡើងវិញនូវខ្លឹមសារនៃការ​ប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជានិងថៃ តាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់GBC

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​រម្លឹកឡើងវិញនូវខ្លឹមសារនៃការ​ប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជានិងថៃ តាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់GBC

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​រម្លឹកឡើងវិញនូវខ្លឹមសារនៃការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជានិងថៃ តាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖
កិច្ចប្រជុំនេះ៖
-បានទទួលស្គាល់ពីសារៈសំខាន់នៃការពិភាក្សាស្តីពីដំណោះស្រាយ​ជម្លោះដោយសន្តិវិធី ក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នា ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោល​បំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សំដៅបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
-រំលឹកឡើងវិញនូវសេចក្តីប្រកាសរបស់ប្រធានអាស៊ានក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ។
-បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិរបស់ប្រទេសរៀងៗខ្លួន។
-បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តពេញលេញ​ និងមានប្រសិទ្ធភាពនៃបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ដែលសម្រេចបានក្រោយបទឈប់បាញ់នេះ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗដែលសម្រេចបាននិងកិច្ចព្រម​ព្រៀង​ដែលមានស្រាប់រវាងកម្ពុជានិងថៃ។
-បញ្ជាក់ឡើងវិញនូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការ​សន្ទនាដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលធ្វើឡើងកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ ដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្ត ការស្តារប្រក្រតីភាពឡើងវិញ និការកសាងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

Advertisement

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជូនជាថ្មីថា កម្ពុជាគោរព​និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនូវបទឈប់បាញ់ នូវស្មារតីរួម និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះ ក៏ដូចជាកិច្ចព្រម​ព្រៀងពាក់​ព័ន្ធដទៃទៀត។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់​ក្នុង​ការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយ​គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា