រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែមីនា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែមីនា

រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែមីនា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈមួយចំនួន។

Advertisement

ជាលទ្ធផល កិច្ចប្រជុំបានអនុម័តកំណត់យកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ពេលព្រឹក ជាកាលបរិចេ្ឆទដើម្បីបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដោយមានរបៀបវារៈចំនួនពីរ រួមមាន៖
១)ការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
២)ការពិភាក្សាអនុម័តសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បាន​អនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការនានានៃរដ្ឋសភាផងដែរ។

គួររម្លឹកឱ្យដឹងថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅរដ្ឋសភាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន ៥ជំពូក និង ២៤មាត្រា ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

ចំណែកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបញ្ជូនសេចក្តីស្នើច្បាប់ពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តតាមការគួរ។ ការសម្រេចបញ្ជូនសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការពិសេស បានដឹកនាំកិច្ចប្រជុំគណៈកម្មការពិសេស ដើម្បីពិនិត្យ និងកែសម្រួលសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឱ្យស្របតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ មុនបញ្ជូនទៅរដ្ឋសភា តាមនីតិវិធីបន្ត។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបញ្ជាក់ថា វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងជួយឱ្យសមាជិកព្រឹទ្ធសភា មានគណនេយ្យភាពខ្ពស់ជាមួយមូលដ្ឋាន។ គណៈកម្មការពិសេស មានជំនឿមុតមាំថា វិសោធនកម្មច្បាប់នេះ នឹងជួយឱ្យសមាជិកព្រឹទ្ធសភា បំពេញតួនាទីកាន់តែមានប្រសិទ្ធភាព និងមានគណនេយ្យភាពខ្ពស់ជាមួយអង្គបោះឆ្នោត និងពលរដ្ឋនៅតាមមូលដ្ឋាន៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា