កម្ពុជាបន្តធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបន្តធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គម
នយោបាយ 26/03/2026

កម្ពុជាបន្តធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គម

កម្ពុជា ដាក់ឱ្យដំណើការ “ផតថល IDPoor លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដែលជាការធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គម “។

Advertisement

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រកាសដាក់ឱ្យដំណើរការ ផតថល អត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដែលជាការបោះជំហានដ៏សំខាន់មួយក្នុងដំណើរការបន្តធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យគាំពារសង្គមតាមបែបឌីជីថល។

ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ផតថល IDPoor ត្រូវបានអភិវឌ្ឍន៍ឡើងជាមុខងារស្នូលមួយ នៅលើថ្នាលឌីជីថល DSPP ដែលបានចាប់ផ្តើមអនុវត្តជាដំណាក់កាល និងកំពុងបន្តពង្រីក វិសាលភាពទូទាំងប្រទេស ដើម្បីធានាឱ្យមានប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យ ដែលមានភាពសុក្រឹត សង្គតិភាព និងអាចធ្វើអន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីរួម។

តាមរយៈសមត្ថភាពរបស់ថ្នាលឌីជីថល DSPP ផតថល IDPoor អាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបដែលមានស្រាប់ រួមមាន មុខងារស្វែងរកអត្តសញ្ញាណរហ័ស (Fast Search) ដែលអាចស្វែងរកអត្តសញ្ញាណអ្នកទទួលផល តាមរយៈលេខសម្គាល់ខ្លួនមួយណាក៏បាន ដូចជា អត្តសញ្ញាណប័ណ្ណ បណ្ណសមធម៌ បណ្ណសម្គាល់ជនមានពិការភាព បណ្ណ ប.ស.ស. ឬគ្រាន់តែស្កេនខ្ចៅដៃ និងថតផ្ទៃមុខ មុខងារចាប់យកតួអក្សរចេញពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបំពេញទិន្នន័យដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធពាក់ព័ន្ធផ្សេងទៀត។

ក្រៅពីនេះ IDPoor ក៏បង្កើតលេខសម្គាល់គាំពារសង្គមតែមួយគត់ (Unique SPID) សម្រាប់ពលរដ្ឋគោលដៅ និងបានបំពាក់នូវមុខងារផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណ ជាមួយប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណកម្មប្រជាជន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដើម្បីបង្កើនសុក្រឹត្យភាព តម្លាភាពនៃការចុះបញ្ជី និងការកំណត់ អត្តសញ្ញាណក្រុមគោលដៅ បានជាក់លាក់ជាងមុន។

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានបានចាត់ទុកការធ្វើទំនើបកម្ម និងសុខដុមនីយកម្មនេះ នឹងរួមចំណែកជាកាតាលិករដ៏សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការអនុវត្ត ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ ២០២៥។ សមិទ្ធផលនាពេលនេះ ជាភស្តុតាងច្បាស់លាស់នៃកិច្ច សហការអន្តរស្ថាប័ន ប្រកបដោយសាមគ្គីភាព និងចក្ខុវិស័យរួម ក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែទំនើប ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ទិន្នន័យគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងវិស័យសុខាភិបាល កម្មវិធីជាតិជំនួយសង្គម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ការឆ្លើយតបគ្រោះអាសន្ន និងកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្សនានា។ ការណ៍នេះបញ្ជាក់ថា IDPoor មិនត្រឹមតែជាមូលដ្ឋានទិន្នន័យមួយប៉ុណ្ណោះទេ ប៉ុន្តែជាហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសង្គមដ៏ចាំបាច់ ដែលគាំទ្រដល់ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងតម្លាភាពខ្ពស់។

យោងតាមរបាយការណ៍ គិតត្រឹមឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ ៤,៨៤លាននាក់ ស្មើនឹងប្រមាណ ២៨ភាគរយ នៃពលរដ្ឋសរុប ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ២៥៧លានដុល្លារ ដើម្បីអនុវត្តកម្មវិធីមួយចំនួន រួមមាន កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលក្រសោបនូវកម្មវិធីជាតិជំនួយសង្គមចំនួន ៤ ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ជឹម ភារ៉ា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា