រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលបានជួយជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលបានជួយជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំនៅកម្ពុជា

រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលបានជួយជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ពីសារសំខាន់នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ( Community Tech Center) នៅតាមវិទ្យាល័យ ដែលបានជួយជំរុញប្រសិទ្ធភាពនៃការសិក្សារបស់សិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ។ ជាក់ស្តែង លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំកន្លងទៅមានលក្ខណៈប្រសើរជាងពេលមិនទាន់មានមជ្ឈមណ្ឌលនេះ។

Advertisement

ពេញអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងដាក់ឱ្យប្រើប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យរបស់សាកលវិទ្យាល័យវ៉ាន់ដា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ដើម្បីកសាងធនធានមនុស្សឌីជីថល ក្រសួងបានផ្តល់អាហារូបករណ៍សិក្សាជំនាញឌីជីថល ទាំងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងផ្តល់ជំនួយហិរញ្ញវត្ថុ ដល់សិស្ស និស្សិតជារៀងរាល់ឆ្នាំ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឌីជីថលដល់សាធារជនផងដែរ។

លើសពីនេះ ក្រសួងក៏បានធ្វើការបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបប្រមាណ ២ម៉ឹននាក់ គិតត្រឹមបច្ចុប្បន្ន ព្រមទាំងបានផ្តល់កុំព្យូទ័រប្រមាណ ២ម៉ឹនគ្រឿងសម្រាប់គាំទ្រដល់ការធ្វើបរិវត្តកម្មីឌីថលនៅតាមក្រសួង ស្ថាប័នរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា សមិទ្ធផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើនាឱកាសនេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសាកលវិទ្យាល័យវ៉ាន់ដា ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថលនៅកម្រិតឧត្តមសិក្សានៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវ៉ាន់ដា បានលើកឡើងថា ដើម្បីជំរុញប្រសិទ្ធភាពនៃការសិក្សារបស់និស្សិតលើផ្នែកបរិវត្តកម្មឌីជីថល សាលាបានបន្ថែមចំនួនកំព្យុទ័រពី៨០០ឡើងដល់១២០០គ្រឿង ដើម្បីនិស្សិតបានរៀន និងសិក្សាស្រាវជ្រាវ។

ឯកឧត្តម បន្ថែមថា ចាប់តាំងពីឆ្នាំ២០២៣មក សាកលវិទ្យាល័យវ៉ាន់ដា បានទទួលសម្ភារៈបរិក្ខាពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគម្រោងគ្រប់គ្រង់សាកលវិទ្យាល័យ គម្រោង Verify.go.kh គម្រោងអ៊ីនធឺណេតអត់ខ្សែ និងមានខ្សែ នៅគ្រប់ការិយាល័យសិក្សា គម្រោង Digital Labe និង QR Code ព្រមទាំងមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យផងដែរ។

ចំណែកឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងថា ការបង្កើតបរិវត្តកម្មឌីជីថលនេះ នឹងមិនត្រឹមតែលើកកម្ពស់គុណភាពនៃការអប់រំតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការសិក្សារបស់សិស្សឱ្យកាន់តែរីកចម្រើននៅក្នុងពិភពឌីជីថលឱ្យកាន់តែខ្លាំងក្លាថែមទៀត។ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅកម្ពុជាអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យបាន។

ឯកឧត្តមគូសបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តលើកទឹកឱ្យសាកលវិទ្យាល័យទាំងអស់យកចិត្តទុកដាក់បន្ថែមទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៅតាមសាលារបស់ខ្លួន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះមួយក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរីកចំរើន៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា