កម្ពុជាទាត់ចោលហេតុផលរបស់ថៃក្នុងការលុប MOU ឆ្នាំ២០០០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទាត់ចោលហេតុផលរបស់ថៃក្នុងការលុប MOU ឆ្នាំ២០០០

កម្ពុជាទាត់ចោលហេតុផលរបស់ថៃក្នុងការលុប MOU ឆ្នាំ២០០០

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានច្រានចោលទាំងស្រុងចំពោះហេតុផល ដែលថៃលើកឡើងជាលេស ដើម្បីលុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ពាក់ព័ន្ធនឹងការកំណត់ព្រំដែនគោកជាមួយកម្ពុជា។

Advertisement

ការប្រកាសបដិសេធ និងច្រានចោលរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយក្នុងសារព័ត៌មានថៃ កាលពីថ្ងៃទី២៤ ខែមីនា អំពីចេតនារបស់សមាជិកព្រឹទ្ធសភាថៃមួយចំនួនក្នុងការលុបចោលកិច្ចព្រមព្រៀង MoU ឆ្នាំ ២០០០ជាមួយកម្ពុជា។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ចុះថ្ងៃទី ២៤ មីនា និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ បានពន្យល់ថា MOU ឆ្នាំ២០០០ មិនមែនគ្រាន់តែជាក្រដាសស្នាមធម្មតានោះទេ ប៉ុន្តែវាមានចរិតលក្ខណៈជាសន្ធិសញ្ញាទ្វេភាគី ដែលបានចុះបញ្ជី និងតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ វាបង្កើតកាតព្វកិច្ចច្បាប់អន្តរជាតិ ដែលភាគីទាំងពីរត្រូវតែគោរព។

ផ្អែកតាមអនុសញ្ញាទីក្រុងវ្យែនឆ្នាំ ១៩៦៩ ភាគីថៃមិនអាចយកច្បាប់ផ្ទៃក្នុង ឬមូលដ្ឋាននយោបាយណាមួយមកធ្វើជាលេសដើម្បីលុបចោលសន្ធិសញ្ញាព្រំដែនដែលខ្លួនបានចុះហត្ថលេខារួចហើយនោះឡើយ។

បើតាមអ្នកនាំពាក្យដដែលនេះ កន្លងមក យន្តការគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC) ដែលផ្អែកលើ MOU ឆ្នាំ២០០០ នេះ បានសម្រេចការងារជាច្រើន ដូចជា ស្វែងរកឃើញទីតាំងបង្គោលព្រំដែនសម័យបារាំងទាំង ៧៤ បង្គោល ការជួសជុល និងថែទាំបង្គោលព្រំដែនរួមគ្នា ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតាមតំបន់មួយចំនួន។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការប៉ុនប៉ងលុបចោល MOU នេះ គឺជាទង្វើគ្មានមូលដ្ឋាន ផ្ទុយនឹងច្បាប់អន្តរជាតិ និងមានចេតនាកេងចំណេញផ្នែកនយោបាយ ដែលអាចបំផ្លាញសមិទ្ធផលដែល JBC សម្រេចបាននាពេលកន្លងមក។
លើសពីនេះទៀត ការលុបចោល MOU ឆ្នាំ២០០០ មិនត្រឹមតែរំលោភច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាឧបសគ្គរារាំងដល់ការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងពីរ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា MoU ឆ្នាំ២០០០ រវាងកម្ពុជា និងថៃ មិនអនុញ្ញាតឲ្យភាគីណាមួយលុប ឬកែប្រែ ដោយគ្មានការព្រមព្រៀងពីភាគីម្ខាងទៀតនោះទេ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា ការប៉ុនប៉ងលុបចោល MOU នេះ គឺជាចេតនាកេងចំណេញផ្នែកនយោបាយរបស់ភាគីថៃតែប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាព្រំដែន មិនអាចប្រើប្រាស់កម្លាំងយោធា ឬអាវុធបានឡើយ ហើយភាគីទាំងពីរមិនអាចបោះបង់ចោលយន្តការ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីដោះស្រាយជម្លោះនោះទេ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវដំណោះស្រាយតាមផ្លូវច្បាប់ និងសន្តិវិធី និងត្រៀមខ្លួនជានិច្ចក្នុងការបន្តការងារវាស់វែងព្រំដែនជាមួយភាគីថៃ ឱ្យបានចប់សព្វគ្រប់ជាស្ថាពរ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា