ក្រសួងយុត្តិធម៌ ៖ ច្បាប់ថ្មីនឹងជួយលុបបំបាត់ និងទប់ស្កាត់ការឆបោកអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងយុត្តិធម៌ ៖ ច្បាប់ថ្មីនឹងជួយលុបបំបាត់ និងទប់ស្កាត់ការឆបោកអនឡាញ

ក្រសួងយុត្តិធម៌ ៖ ច្បាប់ថ្មីនឹងជួយលុបបំបាត់ និងទប់ស្កាត់ការឆបោកអនឡាញ

ខណៈដែលរដ្ឋសភាជាតិគ្រោងបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅដើមសប្ដាហ៍ក្រោយ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជឿជាក់ថា ច្បាប់ថ្មីនេះនឹងបង្កើនប្រសិទ្ធភាពក្នុងការលុបបំបាត់ និងទប់ស្កាត់បទល្មើសឆបោកតាមអនឡាញនៅកម្ពុជា។

Advertisement

បន្ទាប់ពីបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ឆ្នាំ២០២៥ និងកំណត់ទិសដៅអាទិភាពឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឯកឧត្តមឧប្បនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលបំណងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកអនឡាញ និងធានាថា បទល្មើសប្រភេទនេះមិនអាចវិលត្រឡប់មកកម្ពុជាវិញបានឡើយ។

ឯកឧត្តមបានបន្ថែមថា បញ្ហាស្គេមអនឡាញមិនមែនត្រឹមតែជាបទល្មើស ឬបញ្ហាសន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិផងដែរ។ ដូច្នេះការដាក់ចេញច្បាប់នេះ គឺជាការចាំបាច់ណាស់។
ឯកឧត្តម កើត រិទ្ធ បានឱ្យដឹងថា ច្បាប់ថ្មីនឹងបង្កើតឱ្យមានបទល្មើសចំនួន៥បន្ថែមទៀត ដែលបន្ថែមទម្ងន់ទោស ធ្ងន់ជាងមុន។ ក្រៅពីនេះ នីតិវិធីពិសេសមួយនឹងត្រូវបង្កើតឡើង ដើម្បីសម្របឱ្យត្រូវនឹងបញ្ហា Scam Online។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានរំលឹកថា កម្ពុជាបានដាក់ចេញវិធានការ២ព្រមគ្នាចំពោះបញ្ហាឆបោកអនឡាញ៖ គឺទី១ប្រតិបត្តិការបោសសម្អាតទូទាំងប្រទេស ដែលមកដលល់ពេលនេះ ទទូលបានលទ្ធផលល្អ។ ទី២ គឺការកសាងក្របខ័ណ្ឌច្បាប់នេះ ដែលនឹងជួយលើកម្ពស់ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាងនេះទៅទៀត ក្រោយយុទ្ធនាការបោសសម្អាត ច្បាប់ថ្មីក៏នឹងជួយមួយចំណែក ដល់ការទប់ស្កាត់ Scam Online មិនឲ្យវិលត្រឡប់មកកម្ពុជាវិញ។ ឯកឧត្តម កើត រិទ្ធ សង្កត់ធ្ងន់ថា ការធ្វើច្បាប់នេះគឺបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្រ្កាប និងទប់ស្កាត់ការឆបោកអនឡាញ ដោយមិនបន្ធូរដៃឡើយ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ក្រសួងយុត្តិម៌បានទទួលចាត់ការបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះរួចមកហើយ ហើយកំពុងដំណើរការនីតិវិធីជាបន្តបន្ទាប់។ ជាមួយគ្នានេះ ក្រសួងកំពុងជំរុញឱ្យព្រះរាជអាជ្ញា និងចៅក្រម ចាត់ទុករឿងក្តីឆបោកអនឡាញជាសំណុំរឿងអាទិភាពមួយ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ហើយត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែងដាច់ខាត៕

ដោយ៖​ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា