អ្នកនាំពាក្យ៖ បទឈប់បាញ់កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជាតាមរយៈការងារការទូត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ បទឈប់បាញ់កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជាតាមរយៈការងារការទូត

អ្នកនាំពាក្យ៖ បទឈប់បាញ់កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជាតាមរយៈការងារការទូត

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ មានរយៈពេល៣ខែគត់។ បទឈប់បាញ់នេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូត ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងសមាគមអាស៊ានដែលមានប្រទេសម៉ាឡេស៊ីជាប្រធានប្តូរវេនក្នុងឆ្នាំ២០២៥។ ដូច្នេះ នេះជាឱកាសដែលយើងគួររម្លឹកឡើងវិញពីអត្ថន័យនិងលទ្ធផលដែលកើតចេញពីបទឈប់បាញ់នេះ។

Advertisement

អ្នកនាំពាក្យបានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនជនរួមជាតិក្រោយសម្រេចបានបទឈប់បាញ់នេះថា កិច្ចខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់សបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បង និងខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក៏បានគូសបញ្ជាក់ច្បាស់ថា កម្ពុជាដើរលើផ្លូវសន្តិភាព តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរនៃប្រជាជាតិរបស់ខ្លួនបានឡើយ។

ប្រភពដដែលបានបន្តទៀតថា អាចនិយាយបានថា ការសម្រេចបាននូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលក្នុងនោះមានចែងពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀង ១៥ ចំណុចផ្សេងទៀត គឺជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដើម្បីបញ្ចៀសការស្លាប់ ការរងរបួស ការបង្ហូរឈាម និងសោកនាដកម្មដ៏មហន្តរាយមកលើប្រទេសជាតិ ដែលប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតឆ្អន់ និងបានស្គាល់រសជាតិយ៉ាងច្បាស់រួចទៅហើយ។

នេះក៏ជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងទៅ ដោយក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។ គោលដៅចម្បង គឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងបច្ចេកទេសស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

សូមរម្លឹកថា ក្រោមស្មារតីនៃសេចក្តីប្រកាសរួមនេះ យោធិនកម្ពុជា១៨នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលជនភៀសសឹកជាង ៩៤% ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយគិតមកទល់ថ្ងៃនេះ។ ប៉ុន្តែ នៅសល់ជនភៀសសឹកជាង ៣ម៉ឺន៦ពាន់នាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ ដោយសារការរារាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការដាក់រាយបន្លាលួស និងទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង និងលួចយកទ្រព្យសម្បត្តិរបស់ពួកគេ។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ប្រឈមមុខចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាបន្តបន្ទាប់ និងយ៉ាងខ្លាំងក្លាប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើឱ្យប្រែប្រួលដល់បរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែងពីសំណាក់កងកម្លាំងថៃ។ ទន្ទឹមនឹងនោះ កម្ពុជាក៏បាននិងកំពុងជំរុញឱ្យភាគីថៃអនុវត្តតាមស្មារតីចំណុចទី៣ និងទី៤ នៃសេចក្តីប្រកាសរួម ដែលភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត និងផ្តល់អាទិភាពខ្ពស់បំផុតដល់តំបន់ដែលមានជនស៊ីវិលរស់នៅ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ និងអនុញ្ញាតឱ្យជនភៀសសឹកត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈរដ្ឋលេខាធិការកិច្ចការព្រំដែនបានផ្ញើកំណត់ទូត៥លើកហើយទៅកាន់ភាគីថៃ គិតចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តន៍ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង និងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើម ដែលភាគីទាំងពីរបានឯកភាពគ្នា និងកំណត់ខ្សែព្រំដែននៅទីតាំងមួយចំនួនក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាដើម៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា