ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បញ្ជូននាយទាហានមកកម្ពុជាចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បញ្ជូននាយទាហានមកកម្ពុជាចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន

ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បញ្ជូននាយទាហានមកកម្ពុជាចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ (២) រូប ក្នុងមួយប្រទេសមកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។

Advertisement

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ កម្ពុជាតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យមើលស្ថានការវិត្តន៍នៅតាមព្រំដែន និងត្រៀមទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ឆ្នាំ២០២៦ បន្តពីម៉ាឡេស៊ី ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា ថៃ ដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថេរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិកម្ពុជាគោរពយ៉ាងម៉ឹងម៉ាត់នៅបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានឯកភាពគ្នា។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន សៀម ដោយគោរពការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ អនុសញ្ញា សន្ធិសញ្ញាបារាំង សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន សៀម ព្រមទាំងកិច្ចព្រៀង និងឯកសារពាក់ព័ន្ធនានាដែលប្រទេសទាំងពីរបានឯកភាពគ្នានារយៈពេលកន្លងមក៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា