រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់និងពិភពលោក ដែលបានរៀបចំឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់និងពិភពលោក ដែលបានរៀបចំឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់និងពិភពលោក ដែលបានរៀបចំឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងរាជរដ្ឋាភិបាលបានថ្លែងថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់ ដែលរងគ្រោះដោយសារត្រូវបានឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឧក្រិដ្ឋកម្មនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ខ្លាំងដល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ កេរ្តិ៍ឈ្មោះ និងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះ សង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មចបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្ម សម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ពាក់កណ្តាលនីតិកាលទី៧ នៃរដ្ឋសភានេះ បានចាត់វិធានការមុតស្រួចជា បន្តបន្ទាប់លើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាកិច្ចការអាទិភាព ដ៏សំខាន់នៅក្នុងរបៀបវារៈនយោបាយរបស់ខ្លួន។

Advertisement

ឯកឧត្តមបានបន្តថា បន្ថែមពីលើការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ, រាជរដ្ឋាភិបាលបានសម្រេចដំឡើងកម្រិតនៃយន្តការប្រឆាំងនឹងបទល្មើសនេះ ដោយបង្កើតនូវគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅលើកកម្ពស់ប្រសិទ្ធភាព នៃការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ជាមួយគ្នានេះ, ដើម្បីអនុវត្តការប្តេជ្ញាចិត្ត ដ៏មោះមុតខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ស្របតាម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ឆ្នាំ២០២៤ ដែលកម្ពុជាជារដ្ឋហត្ថលេខី កម្ពុជាមានភាពចាំបាច់ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំឱ្យមានច្បាប់នេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្តដ៏មោះមុត និងឥតដកថយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងលើការលើកកម្ពស់ប្រសិទ្ធភាពក្នុងការបោសសម្អាតឧក្រិដ្ឋកម្ម ឆបោកនេះ ដែលបាននិងកំពុងអនុវត្តក្នុងទម្រង់ជាយុទ្ធនាការនៅទូទាំងប្រទេសនាពេលនេះ ទាំងលើការធានាថា ឧក្រិដ្ឋកម្មនេះនឹងមិនវិលត្រឡប់មកវិញនៅកម្ពុជា ក្រោយយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មនេះទេ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា បន្ថែមពីនេះ, កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់និងពិភពលោក ដែលបានរៀបចំឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងទម្រង់ជាច្បាប់ព្រហ្មទណ្ឌពិសេសដោយឡែក ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងដែលមានការសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ, កម្ពុជាបានជួបប្រទះបញ្ហាប្រឈមសំខាន់ៗមួយចំនួន ទាំងលើទិដ្ឋភាពផ្លូវច្បាប់ ទាំងលើទិដ្ឋភាពបច្ចេកទេស រួមមានជាអាទិ៍ (១)-អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាឧក្រិដ្ឋកម្មឆ្លងដែនដែលទាមទារឱ្យមាន កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការបង្ក្រាបបទល្មើសនេះ (២)-ជនរងគ្រោះ ភាគច្រើនមិនអាចត្រូវបានកំណត់អត្តសញ្ញាណ ដោយសារភាគច្រើនជាជនរងគ្រោះនៅក្រៅប្រទេស (៣)- ការស្វែងរកទ្រព្យដែលជាផលនៃបទល្មើសទាមទារឱ្យមាននូវបច្ចេកទេសខ្ពស់ និងកិច្ចសហការពីក្រៅប្រទេស ដោយសារទ្រព្យទាំងនោះភាគច្រើនត្រូវបានបំប្លែងទៅក្នុងទម្រង់ឌីជីថល (៤)-អំពើមួយចំនួនមិនទាន់ត្រូវ បានកំណត់ជាបទល្មើសព្រហ្មទណ្ឌដោយច្បាប់ព្រហ្មទណ្ឌជាធរមាន ដែលការណ៍នេះទាមទារឱ្យមានការកំណត់ជាបទល្មើសដោយឡែក បច្ចេកវិទ្យា ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ ៥)-បទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានមិនទាន់អាចឆ្លើយតបបានគ្រប់ជ្រុងជ្រោយ នឹងប្រកបដោយប្រសិទ្ធភាពទៅនឹងស្ថានភាពជាក់ស្តែងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដែលទាមទារឱ្យមានការចាត់វិធានការឆាប់រហ័ស ជាពិសេស ពាក់ព័ន្ធនឹងការផ្អាកប្រតិបត្តិការសង្ស័យ, ការឃាត់ទុក និងការបង្កកទ្រព្យដែលជាផលនៃបទល្មើស ក៏ដូចជាតម្រូវការនូវពេលវេលាច្រើនក្នុងការឃាត់ខ្លួន ដើម្បីបម្រើ ដល់ការស៊ើបអង្កេត ដោយសារជនពាក់ព័ន្ធមានចំនួនច្រើន និង (៦)-ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាធរមាន មិនទាន់អាចគ្របដណ្តប់គ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពនូវរាល់ ទម្រង់នៃការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានរៀបចំឡើង នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមខាងលើ តាមរយៈការបង្កើតឱ្យមាន វិធានព្រហ្មទណ្ឌបំពេញចន្លោះខ្វះខាតនូវច្បាប់បច្ចុប្បន្ន ក៏ដូចជា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា