រដ្ឋសភាអនុម័តជាឯកច្ឆ័នលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋសភាអនុម័តជាឯកច្ឆ័នលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រដ្ឋសភាអនុម័តជាឯកច្ឆ័នលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះបានអនុម័តជាឯកច្ឆ័នលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្នុងសំឡេង ១១២លើ១១២សំឡេង។

Advertisement

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានគណរដ្ឋមន្ត្រីសម្រេចអនុម័ត និងដោយឥតកែប្រែកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដើម្បីស្នើសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកល ទុច្ចរិតនានា ដូចជា ការលួងលោម ឬការអូសទាញឱ្យប្រគល់នូវទ្រព្យ ឬដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគ ខ្យល់ណាមួយ ដោយមានការអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ឬការក្លែងជាការលក់ផលិតផល ឬផ្តល់ សេវាកម្មអនឡាញជាដើម។

ខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់នេះ រួមមាន ទី១-ការបង្កើតឱ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន៥បន្ថែម មានជាអាទិ៍ (១) បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (២) បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (៣) បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (៤) បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា របស់អ្នកដទៃ (៥) ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់ និង ទី២-លើផ្នែកនីតិវិធីព្រហ្មទណ្ឌ ត្រូវបាន កំណត់នូវវិធានពិសេសមួយចំនួន ដូចជា (១) រយៈពេលនៃការឃាត់ខ្លួន (២) ការផ្អាក ការឃាត់ទុក និងការបង្កក (៣) ការរឹបអូសទ្រព្យ (៤) ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ការលើកលែងឱ្យរួចផុតពីទោស និងស្ថានសម្រាលទោស (៥) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា