មជ្ឈដ្ឋានជាច្រើនសាទរការផ្លាស់ប្តូរពីការផាកពិន័យមកជាការអប់រំ ច្បាប់ចរចរណ៍ផ្លូវគោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មជ្ឈដ្ឋានជាច្រើនសាទរការផ្លាស់ប្តូរពីការផាកពិន័យមកជាការអប់រំ ច្បាប់ចរចរណ៍ផ្លូវគោក

មជ្ឈដ្ឋានជាច្រើនសាទរការផ្លាស់ប្តូរពីការផាកពិន័យមកជាការអប់រំ ច្បាប់ចរចរណ៍ផ្លូវគោក

ភ្នំពេញ៖ មជ្ឈដ្ឋានជាច្រើនបានសម្ដែងនូវការសាទរ និងគាំទ្រចំពោះសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ក្នុង ការផ្អាកការផាក ពិន័យលើដងផ្លូវក្នុងករណីខ្លះ ប្តូរមកជាការអប់រំណែនាំវិញ ដែលនេះគឺជាជំហានវិជ្ជមានមួយ ក្នុងការកាត់បន្ថយ សម្ពាធសេដ្ឋកិច្ច និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលកម្ពុជា និងពិភពលោក កំពុងតែប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈ ។

Advertisement

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ការផ្លាស់ប្តូរឥរិយាបថពីអ្នកដាក់ទោស មកជាអ្នកជួយសម្រួល ការអវត្តមាននៃការផាកពិន័យ មិនមែនមានន័យថា ជាការ​អវត្តមាននៃវត្តមានមន្ត្រីនោះទេ។ ផ្ទុយទៅវិញ ក្នុងដំណាក់កាលអន្តរកាលនេះ ប្រជាពលរដ្ឋកាន់តែចង់ឃើញមន្ត្រីនគរបាល​ចរាចរណ៍ បង្ហាញខ្លួនកាន់តែសកម្មជាងមុនក្នុងតួនាទីជាអ្នកអប់រំ ណែនាំពលរដ្ឋឱ្យយល់ដឹងពីច្បាប់ដោយស្មារតីយោគយល់ ។ ប្រសិនបើវត្តមានរបស់មន្ត្រីនគរបាលចរាចរណ៍ កើតមានឡើងតែនៅពេលមានការផាកពិន័យ ហើយប្រែជាស្ងប់ស្ងាត់ ឬបាត់ស្រមោលនៅពេលអប់រំ នោះវានឹងធ្វើឱ្យបាត់បង់អត្ថន័យនៃពាក្យថា «មន្ត្រីសាធារណៈ» ។ កិត្តិយសរបស់មន្ត្រីនគរបាល មិនមែនស្ថិតនៅលើចំនួនវិក្កយបត្រដែលបានផាកពិន័យនោះទេ ប៉ុន្តែស្ថិតនៅលើ សុវត្ថិភាព និង ភាពរលូន នៃចរាចរណ៍ដែល​ពលរដ្ឋទទួលបាន ។

លោកបណ្ឌិត ប៉ា ចន្ទរឿន សង្ឃឹមថា នឹងឃើញរូបភាពថ្មីៗបន្ថែមទៀត ដែលបង្ហាញពីសកម្មភាពចុះជួយសម្រួលចរាចរណ៍ និងការអប់រំដោយស្នាមញញឹមពីសំណាក់មន្ត្រីនគរបាល ។ ការកសាងវប្បធម៌គោរពច្បាប់ មិនមែនកើតចេញពីការខ្លាចរង​ការផាកពិន័យតែមួយមុខនោះទេ ប៉ុន្តែវាត្រូវកើតចេញពីការគោរព និងទុកចិត្តទៅលើមន្ត្រីអនុវត្តច្បាប់ផងដែរ ។ លោកសូម​ឱ្យស្មារតីនៃការអប់រំ និងការបម្រើ ក្លាយជាត្រីវិស័យថ្មីសម្រាប់នគរបាលចរាចរណ៍កម្ពុជា ដើម្បីឆ្ពោះទៅរកសង្គមមួយដែលមាន​សណ្តាប់ធ្នាប់ និងសុខដុមរមនា ។

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅព្រឹកថ្ងៃទី៣០ ខែមីនានេះថា នេះជារបត់ល្អ ដែលទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេស អ្នកធ្វើដំណើរ​តាមដងផ្លូវ ពីព្រោះគោលបំណងនៃច្បាប់ចរាចរណ៍ គឺដើម្បីថែរក្សាសុវត្ថិភាព អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ​តាម​ដងផ្លូវហើយការដែលនគរបាលចរាចរណ៍ អាចជួយអប់រំណែនាំ និងធ្វើជាអ្នកសម្រួលចរាចរណ៍នៅតាមដងផ្លូវ គឺជារឿងមួយ​ល្អ ត្បិតកន្លងមក មានការថ្នាំងថ្នាក់ពីបងប្អូនប្រជាពលរដ្ឋដោយសារតែមួយផ្នែក គឺមានបងប្អូននគរបាលចរាចរណ៍មួយចំនួន បានបំពេញតួនាទីបានល្អត្រឹមត្រូវហើយ តែមានបុគ្គលមួយចំនួនរួចឆ្លៀតកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ពីការអនុវត្តតួនាទី​របស់ខ្លួនអញ្ចឹងប្រសិន​បើផ្លាស់ប្ដូរពីការផាកពិន័យ មកជាការអប់រំនេះ គឺពិតជាជួយបានច្រើន ។

លោកបណ្ឌិត បន្ថែមថា ក្នុងបរិបទដែលយើងកំពុងតែមានវិបត្តិថាមពល បើសិនជានគរបាល បានជួយសម្រួលចរាចរណ៍ កុំឱ្យ​មានការកកស្ទះតាមដងផ្លូវនោះ ក៏អាចកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈបានច្រើនផងដែរ ។ ជារួមលោកសូមស្វាគមន៍ និងកោតសរសើរចំពោះការផ្លាស់ប្ដូររបត់មួយនេះ ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋសប្បាយចិត្ត ធ្វើដំណើរដោយសុវត្ថិភាព ក៏ដូចជាការស្ដារមុខមាត់របស់មន្ត្រីនគរបាលចរាចរណ៍ផងដែរ ។

ជាមួយនេះ លោកបណ្ឌិត គិន ភា ក៏បានកោតសរសើរលើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោករបស់​មន្ត្រីនគរបាលចរាចរណ៍​តាមសាលារៀន តាមទីប្រជុំជន ជាពិសេសគឺតាមដងផ្លូវតែម្ដង គឺជារឿងត្រឹមត្រូវ ព្រោះការអប់រំផង បណ្ដុះបណ្ដាលផង បញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ផង ជាចំណុចគួរបន្តធ្វើ។

លោកបណ្ឌិតក៏បានស្នើឱ្យមាននាទីចរាចរណ៍ ដើម្បីផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ឲ្យបានច្រើន តាមប្រព័ន្ធផ្សព្វផ្សាយដូចជា តាមទូរទស្សន៍ តាមវិទ្យុ ឬក៏តាមបណ្ដាញសង្គមនានា ហើយតាមទីប្រជុំជន គួរបិទនូវចំណុចសំខាន់ៗស្ដីពីច្បាប់ចរាចរណ៍ ដូចជាដាក់ផ្ទាំងប៉ាណូធំៗដោយមានបិទបង្ហាញពីច្បាប់ចរាចរណ៍ ។

លោកបណ្ឌិត គិន ភា បានស្នើបន្តថា គួររៀបចំឱ្យមានជនបង្គោលចរាចរណ៍ ដើម្បីផ្សព្វផ្សាយតាមសាលារៀន តាមភូមិ ឃុំ ស្រុកជាដើម ដើម្បីជួយអប់រំបន្តស្ដីពីច្បាប់ចរាចរណ៍នេះ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ពីច្បាប់ចរាចរណ៍ ហើយបើកបរដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ដោយឡែក បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងដែរថា កន្លងទៅប្រជាពលរដ្ឋ តែងតែរអ៊ូ ព្រោះនគរបាលចរាចរណ៍ តែងតែនៅចំណុចភ្លើងស្តុប ដែលងាយនឹងពលរដ្ឋបំពាន ហើយនៅពេលដែលពលរដ្ឋបំពានលើច្បាប់​ចរាចរណ៍ទៅ គឺនគរបាលផាកពិន័យ ។ ដូច្នេះបញ្ហានេះ ត្រូវបានគេវាយតម្លៃថា នគរបាលចរាចរណ៍ ធ្វើការងារដើម្បីតែប្រាក់​ផ្ទាល់នៅក្នុងក្រុមការងារនគរបាលចរាចរណ៍នោះ ខណៈដែលការផាកពិន័យនេះ គឺមិនមានប្រាក់ចូលរដ្ឋនោះទេ ។

បណ្ឌិត យង់ ពៅ បន្ថែមថា ការចាប់យកឱកាសអប់រំប្រជាពលរដ្ឋពីច្បាប់ចរាចរណ៍ផ្លូវគោក គឺពិតជាត្រឹមត្រូវ ព្រោះត្រូវអប់រំ​ហើយអប់រំទៀត ដោយសារមនុស្សងាយនឹងប្រព្រឹត្តខុស ដល់យូរទៅ ប្រជាពលរដ្ឋ នឹងងាកមកស្រឡាញ់ចូលចិត្ត និងឱ្យតម្លៃដល់​នគរបាលចរាចរណ៍វិញហើយ ដោយសារតែការធ្វើការងារដើម្បីបម្រើសង្គមនេះ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា