សហគមន៍នេសាទនៅកំពត និងកែប ទទួលបានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគមន៍នេសាទនៅកំពត និងកែប ទទួលបានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ

សហគមន៍នេសាទនៅកំពត និងកែប ទទួលបានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ

សហគមន៍នេសាទចំនួន៥ នៅតំបន់ឆ្នេរខេត្តកំពត និងកែប ទទួលបានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

Advertisement

ឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប រួមជាមួយរដ្ឋបាលជលផល និងក្រុមការងារ LASED បានបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា នៅតាមសហគមន៍នេសាទតំបន់ឆ្នេរចំនួ៥ រួមមាន សហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ ត្រពាំងសង្កែ កំពង់សាមគ្គី ក្នុងខេត្តកំពត និងសហគមន៍នេសាទអូរក្រសារ ក្នុងខេត្តកែប។

គម្រោងវិនិយោគនេះ មានគោលបំណងបង្កើតមុខរបរបន្ថែមជូនប្រជាសហគមន៍ ដែលកន្លងមកពឹងផ្អែកលើការនេសាទតាមបែបធម្មជាតិ និងប្រពៃណី ព្រមទាំងជួយជំរុញសកម្មភាពវារីវប្បកម្មសមុទ្រ និងការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍។ ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកលំហែ និងកម្សាន្តកាន់តែច្រើននៅតំបន់ឆ្នេរ ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

អត្ថប្រយោន៍ដ៏វិសេសវិសាលនៃគម្រោងនេះត្រូវបានគូសបញ្ញាក់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍នេសាទខាងលើ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រុមការងារចុះមូលដ្ឋាន រៀបចំ និងអភិវឌ្ឍតំបន់តាមសក្តានុពលរបស់ខេត្តនីមួយៗ ដោយមានគោលដៅធ្វើឱ្យជីវភាពប្រជាពលរដ្ឋទាំងអស់កាន់តែល្អប្រសើរឡើង ជាពិសេសអ្នករស់នៅតាមសហគមន៍មូលដ្ឋានក្នុងខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។

ឆ្លើយតបតាមទស្សនៈវិស័យរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានខិតខំអនុវត្តគោលនយោបាយ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យមានប្រាក់ចំណូលកើនឡើង មានប្រាក់សន្សំ កាត់បន្ថយបំណុលគ្រួសារ មានលំនៅឋានសមរម្យ មានអាហារបរិភោគគ្រប់គ្រាន់ កូនចៅទទួលបានការអប់រំខ្ពង់ខ្ពស់ និងមានពេលវេលាសម្រាប់លំហែជួបជុំគ្រួសារផងដែរ។

ឯកឧត្តម សាយ សំអាល់ បានបង្ហាញក្តីសង្ឃឹមថា បន្ទាប់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ សហគមន៍ទាំងនេះនឹងក្លាយទៅជាសហគមន៍រឹងមាំ សុខសាន្ត មានការរីកចម្រើន ជាមួយនឹងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ទន្ទឹមនឹងនេះ សហគមន៍នេសាទនឹងក្លាយជាគោលដៅទេសចរណ៍កាន់តែទាក់ទាញ ជាមួយទេសភាពធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចល្អ ម្ហូបអាហារឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ និងមានអនាម័យខ្ពស់។

សូមបញ្ជាក់ថា លទ្ធផលនៃសិក្សាមួយរបស់ក្រសួងរៀបចំដែនដី បានចង្អុលបង្ហាញពីតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នៅក្នុងសហគមន៍នេសាទទាំង ៥ខាងលើ ដូចជាផ្លូវបេតុង ចំណតរថយន្ត ស្ពានដើរលើទឹក អគារសហគមន៍ អគារផ្តល់ព័ត៌មាន ហាងលក់ភេសជ្ជៈ កន្លែងអង្គុយលេង ប៉មមើលទេសភាព បន្ទប់ទឹក រានហាល និងសំណង់ការពារបាក់ច្រាំង ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក បង្កើតឱកាសការងារជូនប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា