កម្ពុជាមានប្រេងផ្គត់ផ្គង់គ្រប់គ្រាន់ ប៉ុន្តែប្រឈមវិបត្តិហ្កាស់ ខណៈសង្គ្រាមមជ្ឈឹមបូព៌ាបន្តអូសបន្លាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាមានប្រេងផ្គត់ផ្គង់គ្រប់គ្រាន់ ប៉ុន្តែប្រឈមវិបត្តិហ្កាស់ ខណៈសង្គ្រាមមជ្ឈឹមបូព៌ាបន្តអូសបន្លាយ

កម្ពុជាមានប្រេងផ្គត់ផ្គង់គ្រប់គ្រាន់ ប៉ុន្តែប្រឈមវិបត្តិហ្កាស់ ខណៈសង្គ្រាមមជ្ឈឹមបូព៌ាបន្តអូសបន្លាយ

ទោះបីជាសង្រ្គាមនៅមជ្ឈឹមបូព៌ាបង្កឱ្យមានភាពតានតឹងលើទីផ្សារថាមពលសកលយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច និងការប្រប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន។ ដោយឡែក សម្រាប់ឧស្ម័នហ្កាស់ LPG វិញ ការផ្គត់ផ្គង់កំពុងជួបបញ្ហាប្រឈម ហើយតម្លៃទៀតសោតក៏បានហក់ឡើងយ៉ាងខ្លាំងផងដែរ។

Advertisement

ស្ថានភាពនេះ បានធ្វើឱ្យមានការព្រួយបារម្ភដល់វិស័យឧស្សាហកម្ម សេវាកម្មដឹកជញ្ជូន និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលពឹងផ្អែកខ្លាំងលើការប្រើប្រាស់ហ្កាស់។

ទោះយ៉ាងណា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយផលប៉ះពាល់ថាមពល ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់។ បច្ចុប្បន្ន ក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងដៃគូអន្តរជាតិ ដើម្បីធានាស្ថិរភាពការនាំចូល និងចែកចាយឧស្ម័នឱ្យបានគ្រប់គ្រាន់តាមតម្រូវការ។

ឧស្ម័ន LPG ឬហ្កាស់ ត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្ម ផលិតកំប៉ុង ចម្អិនអាហារនៅតាមផ្ទះ ភោជនីយដ្ឋានធំៗ សម្រាប់ចាក់រថយន្តមួយចំនួន និងបម្រើដល់មធ្យោបាយដឹកជញ្ជូនកង់បី ជាដើម។

កាលពីសប្តាហ៍មុន ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមហ៊ុន Total Energies ដើម្បីដោះស្រាយបញ្ហាប្រេងឥន្ធនៈ និងឧស្ម័ននេះ។ ក្រុមហ៊ុនបារាំងនេះបានជំរុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃខ្ពស់បំផុតខណៈសង្គ្រាមនៅបន្ត។ ក្រុមហ៊ុនសន្យាបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជា។

ទន្ទឹមនេះ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក៏បានអំពាវឲ្យពលរដ្ឋ ប្រើប្រាស់ដោយសន្សំសំចៃប្រេងឥន្ធនៈ ជាពិសេសឧស្ម័នហ្កាស់ និងគួរងាកមកប្រើអគ្គិសនី ដែលមិនមានការឡើងថ្លៃនោះទេ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកទឹកចិត្តឱ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងហ្កាស់ រួចងាកមកប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញ ដែលជាជម្រើសដ៏ល្អបំផុតនាពេលនេះ ដោយសារតម្លៃមានស្ថិរភាព និងសមរម្យជាងថាមពលដទៃ។

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន ៧ កំពុងនាំចូលឧស្ម័នហ្កាស់ LPG។ ថ្មីៗនេះ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ការផ្គត់ផ្គង់ហ្កាស់សម្រាប់ខែមីនា និងខែមេសា នៅតែមានស្ថិរភាព ដោយក្រុមហ៊ុនទាំងនោះកំពុងបន្តដឹកជញ្ជូនចូលជាហូរហែ។ ចំពោះការប្រកាសផ្អាកផ្គត់ផ្គង់របស់ក្រុមហ៊ុន សូគីមិច ចាប់ពីថ្ងៃទី១ ខែមេសា នឹងមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ព្រោះក្រុមហ៊ុននេះក្តោបក្តាប់ចំណែកទីផ្សារនៅកម្ពុជាត្រឹមតែ ៣% ប៉ុណ្ណោះ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា