ក្រសួងធម្មការណែនាំឲ្យគ្រប់វត្តអារាមរៀបចំពិធីបង្សុកូលឧទ្ទិសជូនវីរៈកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងធម្មការណែនាំឲ្យគ្រប់វត្តអារាមរៀបចំពិធីបង្សុកូលឧទ្ទិសជូនវីរៈកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំ

ក្រសួងធម្មការណែនាំឲ្យគ្រប់វត្តអារាមរៀបចំពិធីបង្សុកូលឧទ្ទិសជូនវីរៈកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំ

ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ អំពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតាមវត្តអារាមនានាទូទាំងប្រទេស ក្នុងនោះក៏មានការរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព វីរៈនគរបាលការពារទឹកដីផងដែរ។

Advertisement

នៅក្នុងសេចក្តីណែនាំមួយផ្សព្វផ្សាយនៅថ្ងៃទី៣១មីនានេះ ក្រសួងធម្មការ និងសាសនា ណែនាំឱ្យគ្រប់វត្តអារាមរៀបចំឱ្យពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព វីរៈនគរបាល ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍នៅតាមទីកន្លែង ដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋាន និងតាមវត្តអារាមនានា។

ម៉្យាងទៀត ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ប្រកបដោយភាពសប្បាយរីករាយ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិនោះ ក្រសួងក៏បានណែនាំមន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ឲ្យសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ស្រុក ព្រះចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្តអារាម ឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់សម្អាត និងតុបតែងលម្អវត្តអារាម ឱ្យស្របតាមអភិក្រម ស ៣ របស់ក្រសួង គឺវត្តស្អាត វត្តស្វាង វត្តស្ងប់។

ក្រសួងបញ្ជាក់ថា វត្តអារាមត្រូវរៀបចំឱ្យមានបរិស្ថានល្អ សមជាបូជនីយដ្ឋានគួរគោរពបូជា សម្រាប់បរិស័ទទូទៅ ហើយត្រូវចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបានសមរម្យ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។

ជាងនេះទៅទៀត មន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ត្រូវណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបរិស័ទទូទៅបានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជាប្រិយនានាក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ អុកចត្រង្គ ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរផ្សេងៗ ដើម្បីបង្កើតភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្តសញ្ញាណ ប្រពៃណីជាតិខ្មែរ។

ប៉ុន្តែក្រសួងណែនាំកុំឱ្យលេងល្បែង ដូចជាបាញ់ទឹក គប់ស្បោងទឹកកក ប៉ាតម្សៅ។ល។ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ម៉្យាងទៀត វត្តអារាមត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងប្រទីបផ្សេងៗ ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា