ក្រុមហ៊ុន ទន្សាយ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការអភិវឌ្ឍជំនាញ និងការត្រៀមលក្ខណៈសម្រាប់អាជីពការងារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន ទន្សាយ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការអភិវឌ្ឍជំនាញ និងការត្រៀមលក្ខណៈសម្រាប់អាជីពការងារ

ក្រុមហ៊ុន ទន្សាយ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការអភិវឌ្ឍជំនាញ និងការត្រៀមលក្ខណៈសម្រាប់អាជីពការងារ

ភ្នំពេញ ៖ ក្រុមហ៊ុន ទន្សាយ សឹលូសិន (Tunsai Solutions Co., Ltd.) និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន (NPIT) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅសាលប្រជុំអង្គរធំ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន NPIT ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ ការចុះអនុវត្តការងារជាក់ស្តែង និងការត្រៀមលក្ខណៈសម្រាប់អាជីពការងាររបស់និស្សិត។

Advertisement

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក សោម សុខដារ៉ារីគីអូ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន ទន្សាយ និង លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន។ នៅក្រោមខ្លឹមសារនៃ MoU នេះ ភាគីទាំងពីរនឹងសហការគ្នាលើការផ្ដល់ឱកាសចុះកម្មសិក្សា និងការស្រាវជ្រាវ ការពិចារណាផ្ដល់ឱកាសការងារសម្រាប់និស្សិត និងសិក្ខាកាមដែលមានសមត្ថភាព ក៏ដូចជាការកំណត់អត្តសញ្ញាណ និងការផ្ដល់អនុសាសន៍លើនិស្សិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឱកាសកម្មសិក្សា និងការងារ។

ការអនុវត្តនឹងចាប់ផ្តើមដោយផ្ដោតជាចម្បងលើការផ្សារភ្ជាប់ទំនាក់ទំនង និងការកសាងស្ពានចម្លងរវាងវិទ្យាស្ថាន NPIT និងក្រុមហ៊ុន ទន្សាយ សឹលូសិន។ បន្ទាប់មក នឹងមានកម្មវិធីសាកល្បងដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរនិស្សិតក្នុងតួនាទីជាអ្នកបច្ចេកទេស។ កម្មវិធីសាកល្បងនេះ រួមមាន ការជ្រើសរើសបេក្ខជន ការពិនិត្យសមត្ថភាព ការបណ្តុះបណ្តាលតម្រង់ទិសលើវិន័យការងារ និងស្តង់ដារសេវាកម្ម ការចុះអនុវត្តការងារជាក់ស្តែង ការត្រួតពិនិត្យប្រចាំសប្តាហ៍ និងការវាយតម្លៃលទ្ធផលការងារ ដោយមានការពិនិត្យរួមគ្នានៅចុងបញ្ចប់នៃវគ្គ ដើម្បីកំណត់ពីការបន្ត ការកែសម្រួល ឬការពង្រីកវិសាលភាពកម្មវិធី។

លោក សម សុខដារ៉ារីគីអូ បានមានប្រសាសន៍ថា៖ «MoU នេះ បង្កើតឱ្យមានក្របខ័ណ្ឌការងារជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការរវាងវិស័យ TVET និងវិស័យឧស្សាហកម្ម។ សម្រាប់ក្រុមហ៊ុន ទន្សាយ ការអភិវឌ្ឍកម្លាំងពលកម្ម គឺមិនមែនផ្ដោតតែលើសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាមទារឱ្យមានវិន័យ ការទទួលខុសត្រូវ ការប្រាស្រ័យទាក់ទង និងទំនុកចិត្តផងដែរ។ ចំណុចទាំងនេះមានសារៈសំខាន់ណាស់ក្នុងការកសាងស្តង់ដារសេវាកម្មឱ្យកាន់តែរឹងមាំ និងកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់។»

លោក ម៉េង រិទ្ធិយ៉ា នាយកប្រតិបត្តិ (COO) នៃក្រុមហ៊ុន ទន្សាយ បានលើកឡើងថា៖ «ជំហានបន្ទាប់គឺការអនុវត្ត។ ភាពជាដៃគូនេះនឹងចាប់ផ្តើមជាមួយនឹងកម្មវិធីសាកល្បងដែលមានរចនាសម្ព័ន្ធច្បាស់លាស់ រាប់ចាប់តាំងពីការសម្រាំងបេក្ខជន ការបណ្តុះបណ្តាលការងារជាក់ស្តែង និងការវាយតម្លៃ។ គោលដៅរបស់យើងគឺធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះមានភាពសាមញ្ញ និងមានប្រសិទ្ធភាព ដោយផ្តល់ឱកាសអាជីពសម្រាប់កម្លាំងពលកម្មបច្ចេកទេសដែលមានជំនាញមកពីវិស័យ TVET។» លោក ច្រឹង ណារី បានមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងការផ្សារភ្ជាប់គ្នារវាងការបណ្តុះបណ្តាល និងការងារ ក៏ដូចជាផ្តល់ឱ្យនិស្សិតនូវការយល់ដឹងកាន់តែច្បាស់អំពីតម្រូវការជាក់ស្តែងនៅកន្លែងធ្វើការ។»

ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងគ្រឹះស្ថាន TVET និងវិស័យឧស្សាហកម្ម ក្នុងការកសាងជំនាញអនុវត្តជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កន្លែងធ្វើការ។ សម្រាប់ក្រុមហ៊ុន ទន្សាយ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែទូលំទូលាយក្នុងការពង្រឹងស្តង់ដារ អភិវឌ្ឍធនធានមនុស្ស និងកសាងទំនុកចិត្តតាមរយៈគុណភាពសេវាកម្ម វិន័យ និងការអនុវត្តការងារ ក្នុងវិស័យសម្អាត និងថែទាំអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ទន្សាយ សឹលូសិន (Tunsai Solutions Co., Ltd.) គឺជាក្រុមហ៊ុនផ្តល់សេវាកម្មសម្អាត និងថែទាំអចលនទ្រព្យដែលមានមូលដ្ឋាននៅភ្នំពេញ ហើយបេសកកម្មរបស់ក្រុមហ៊ុន គឺការផ្តល់នូវដំណោះស្រាយប្រកបដោយទំនុកចិត្ត៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា