សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ៖ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅទូទាំងផ្លូវទឹករបស់កម្ពុជា»។ យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមវត្តុបំណង ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ដែលជាផ្នែកមួយនៃគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក (The Plastic Circularity Project) ដែលគាំទ្រផ្នែកហិរញ្ញវត្តុដោយមូលនិធិកូកា-កូឡា (The Coca-Cola Foundation) ។

Advertisement

ទន្លេរបស់កម្ពុជា គឺជាអត្តសញ្ញាណទេសចរណ៍របស់ជាតិ និរន្តរភាពបរិស្ថាន និងជីវភាពរបស់សហគមន៍ នៅកម្ពុជា។ ទេសចរណ៍តាមដងទន្លេនៅតែបន្តពង្រីកសក្តានុពលរបស់ខ្លួន ដោយមានប្រតិបត្តិករទូកទេសចរណ៍ប្រមាណជា ៦០ប្លាយ ដែលបាននិងកំពុងធ្វើសកម្មភាពបម្រើ​ឱ្យវិស័យទេសចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលសកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះក៏នាំមកនូវបញ្ហាប្រឈមដល់បរិស្ថានផងដែរ។ ប្រតិបត្តិករទេសចរណ៍បច្ចុប្បន្នពឹងផ្អែកខ្លាំងលើប្លាស្ទិកដែលប្រើបានតែមួយដង (single use plastics) ដែលជំរុញឲ្យបរិមាណប្រើប្រាស់ខ្ពស់ ការប្រើប្រាស់រយៈពេលខ្លី និងមានលក្ខណៈចល័តនៅក្នុងវិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ តំបន់កម្សាន្ដ និងសេវាកម្មដឹកជញ្ជូនជាដើម។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ យុទ្ធនាការថ្ងៃនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយវិធីសាស្រ្ត ៤Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ) ក្នុងវត្ថុបំណងដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែមួយដង ដោយពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និងការលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយការទទួលខុសត្រូវក្នុងចំណោមប្រតិបត្តិករទេសចរណ៍ទាំងឡាយ។ ក្រោមពាក្យស្លោក «ទន្លេសម្រាប់ទេសចរណ៍ ទេសចរណ៍សម្រាប់ប្រជាជន ប្រជាជនសម្រាប់ទន្លេដែលគ្មានប្លាស្ទិក» យុទ្ធនាការនេះសបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងសុខភាពទន្លេ និងសុខុមាលភាពរបស់សហគមន៍ដែលពឹងផ្អែកជាប្រចាំលើទន្លេ រួមមាន៖

  • ទន្លេសម្រាប់ទេសចរណ៍៖ ទន្លេផ្តល់នូវសម្រស់ធម្មជាតិ និងតម្លៃវប្បធម៌ដែលជំរុញវិស័យទេសចរណ៍
  • ទេសចរណ៍សម្រាប់ប្រជាជន៖ ទេសចរណ៍បង្កើតការងារ ប្រាក់ចំណូល និងឱកាសសម្រាប់សហគមន៍មូលដ្ឋាន។
  • ប្រជាជនសម្រាប់ទន្លេដែលគ្មានប្លាស្ទិក៖ សហគមន៍ និងប្រតិបត្តិករទេសចរណ៍ការពារទន្លេតាមរយៈការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការការពារការបំពុលដោយប្លាស្ទិក។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ៖ «រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់វិស័យទេសចរណ៍ថាជា «មាសបៃតង» ដែលជាចលករសំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតឱកាសការងារ និងការអភិវឌ្ឍន៍ជាតិ។ នៅឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវអន្តរជាតិចំនួន ៦,៧ លាននាក់ លើសពីគោលដៅស្តារឡើងវិញមុនកូវីដ-១៩ នៅឆ្នាំ២០២៥។ ទោះបីជាមានបញ្ហាប្រឈមនៅតាមព្រំដែនក្នុងឆ្នាំ ២០២៥ ក៏ដោយ ក៏វិស័យនេះនៅតែមានភាពធន់ដដែល ដោយមានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៦ លាននាក់ និងអ្នកដំណើរក្នុងស្រុកចំនួន ២,៥លាននាក់។ ទោះជាយ៉ាងនេះក្តី ទេសចរណ៍តាមដងទន្លេប្រឈមមុខនឹងការគំរាមកំហែងជាបន្ទាន់ រួមទាំងការបំពុលប្លាស្ទិក ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់មានកម្រិតនៅលើទូកទេសចរណ៍ និងទម្លាប់នៃការចោលសំរាមជាបន្តបន្ទាប់។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីការពារទន្លេរបស់ប្រទេសកម្ពុជា និងធានាដល់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព»។

លោក ស្ហាគីល អាហម៉ាត់​ (Shakeel Ahmad) តំណាងរងប្រចាំប្រទេស កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP Cambodia) មានប្រសាសន៍ថា ៖ «ការដោះស្រាយការបំពុលប្លាស្ទិកទាមទារភាពជាដៃគូរឹងមាំ និងនិរន្តរភាព។ តាមរយៈយុទ្ធនាការនេះ UNDP និងក្រសួងទេសចរណ៍ បាននិងកំពុងធ្វើការរួមគ្នា ដោយមានការគាំទ្រពីមូលនិធិកូកា-កូឡា ដើម្បីដោះស្រាយកាកសំណល់ប្លាស្ទិកក្នុងវិស័យទេសចរណ៍ និងប្រែក្លាយគោលការណ៍និរន្តរភាពទៅជាការអនុវត្តតែម្តង។ កិច្ចសហការជាមួយវិស័យឯកជន រួមទាំងការជួយគាំទ្រពីមូលនិធិកូកា-កូឡា បានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព និងឆ្ពោះទៅចក្ខុវិស័យ  «គ្មានប្លាស្ទិក» សម្រាប់កម្ពុជា។ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងនានាដើម្បីកាត់បន្ថយការលេចធ្លាយប្លាស្ទិក ការពង្រឹងប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងលើកកម្ពស់វិធីសាស្រ្ត ៤Rs»។

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ «នៅរាជធានីភ្នំពេញ បរិមាណសំរាមសំណល់រឹងមានប្រមាណជា ៤.២០០តោន ក្នុង១ថ្ងៃ ដែលក្នុងនោះ ប្រមាណជា ៦៥% ជាសំរាមសើម ២០% ជាប្លាស្ទិក និង១០% ទៀតជាសំណល់រឹង។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ គឺចាំបាច់ត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ព្រមទាំងអង្គភាពរដ្ឋ និងដៃគូអភិវឌ្ឍន៍នានាផងដែរ»។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្ថែមថា ៖ «ទន្លេកម្ពុជា​ គឺមិនត្រឹមតែជាសម្បត្តិ   ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជា​ដង្ហើមសម្រាប់ទេសចរណ៍ និងសហគមន៍របស់កម្ពុជាផងដែរ។ ការការពារពួកគេពីការបំពុលប្លាស្ទិក មានន័យថាការពារអនាគតរបស់យើងទាំងអស់គ្នា។ តាមរយៈយុទ្ធនាការនេះ យើងខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់យកវិធីសាស្រ្ត ៤Rs ហើយធ្វើការរួមគ្នាដើម្បីជំរុញការកាត់បន្ថយប្លាស្ទិកក្នុង      វិស័យបដិសណ្ឋារកិច្ច និងធានាឱ្យទន្លេរបស់យើងបន្តស្អាត និងទាក់ទាញ តជំនាន់ទៅទៀត»។

សម្រាប់ការសាកសួរព័ត៌មានបន្ថែមណាមួយ សូមទំនាក់ទំនង

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា