កម្ពុជា និងអង្គការ UNAIDS ប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់ជំងឺអេដស៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងអង្គការ UNAIDS ប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់ជំងឺអេដស៍

កម្ពុជា និងអង្គការ UNAIDS ប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់ជំងឺអេដស៍

ភ្នំពេញ៖ កម្ពុជា មានភាពខ្លាំងលើកម្មវិធីបញ្ចប់អេដស៍ ដោយបានសម្រេចនូវគោលដៅ ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧ ហើយឆ្នាំ២០២៤ សម្រេចបាន ៩២-១០០-៩៨ នៃគោលដៅ៩៥-៩៥-៩៥ ប៉ុន្តែកម្ពុជា នៅមានបញ្ហាប្រឈមមួយចំនួន ដោយករណីឆ្លងថ្មីប្រមាណជា ៩០% ជាក្រុមប្រជាជនគន្លឹះ និងដៃគូរបស់ពួកគេ។ ក្នុងន័យនេះ កម្ពុជា និងអង្គការ UNAIDS បានប្តេជ្ញាចិត្តមិនងាករេ ដើម្បីពង្រឹងសកម្មភាពកាត់បន្ថយ ឆ្ពោះទៅរកការឆ្លើយតបនឹងមេរោគអេដស៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា ។

Advertisement

ក្នុងកិច្ចប្រជុំក្រុមការងារបចេ្ចកទេសចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវ ធានាចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ឆ្នាំ២០២៣-២០២៩ លោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា បានបង្ហាញពីភាពខ្លាំងរបស់កម្ពុជា បានសម្រេចនូវគោលដៅ ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០២៤ សម្រេចបាន ៩២-១០០-៩៨ នៃគោលដៅ៩៥-៩៥-៩៥ ។ ចំណែកករណីឆ្លងថ្មី នៃមេរោគអេដស៍បានចុះប្រមាណជា ៤៥% និងករណីស្លាប់ទាក់ទងនឹងមេរោគអេដស៍ចុះប្រមាណជា ២៨% ពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២៤ ។

លោកស្រី បន្តថា ទន្ទឹមនឹងភាពខ្លាំង កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន ដូចជា ៤៤% នៃករណីឆ្លងថ្មីជាក្រុមយុវវ័យអាយុពី១៥-២៤ឆ្នាំ និងប្រមាណជា ៩០% ជាក្រុមប្រជាជនគន្លឹះ និងដៃគូរបស់ពួកគេ។ ៦៤% នៃការចំណាយលើការឆ្លើយតបនឹងមេរោគអេដស៍ និងប្រមាណជា ៩៨% នៃការចំណាយលើការបង្ការ បានមកពីប្រភពដៃគូអភិវឌ្ឍ។ បច្ចុប្បន្ននេះ ធនធានពីប្រភពដៃគូអភិវឌ្ឍបានធ្លាក់ចុះជាបន្តបន្ទាប់ ។

ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ លោកស្រី បានជំរុញឱ្យកម្ពុជា មានការផ្លាស់ប្តូរទស្សនទានពីអ្នកគ្រប់គ្រងជំនួយ មកជាអ្នកកសាងប្រព័ន្ធ ដោយមិនមែនគ្រាន់តែជាការផ្លាស់ប្តូរវដ្តថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិវត្តជាមូលដ្ឋាននៃអភិបាលកិច្ចដើម្បីជោគជ័យ ក្នុងនោះក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបោះជំហានឱ្យផុតពីតួនាទីជាអ្នកគ្រប់គ្រងជំនួយ ហើយក្លាយជាអ្នកកសាងប្រព័ន្ធសុខាភិបាលជាតិ ដែលមានភាពធន់ពិតប្រាកដ ។

ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ កម្ពុជា មានមោទនភាព ដែលសម្រេចបានជិតដល់គោលដៅ ៩៥-៩៥-៩៥ ហើយ។ ទោះជាយ៉ាងណា ដំណាក់កាលចុងក្រោយ ឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០ គឺជាដំណាក់កាលដែលពិបាកបំផុត និងត្រូវចំណាយខ្ពស់បំផុត ខណៈទិន្នន័យបច្ចុប្បន្ន បានបង្ហាញពីការពិតដែលត្រូវយកចិត្តទុកដាក់ ទោះបីយើងបានកាត់បន្ថយការឆ្លងថ្មី បានរហូតដល់ ៤៥% ក៏ដោយ ប៉ុន្តែការរីករាលដាលនៅតែមានកម្រិតខ្ពស់ ក្នុងចំណោមយុវជន និងក្រុមប្រជាជនគន្លឹះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ស្របពេលដែលកម្ពុជា នឹងចាកចេញពីចំណាត់ថ្នាក់ ប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ ២០២៩ ពេលវេលា នៃការពឹងផ្អែកលើជំនួយក្រៅប្រទេស ក៏កាន់តែខ្លីទៅដែរ ។ ដូច្នេះ កម្ពុជា មិនត្រូវបណ្តោយឱ្យជោគជ័យក្លាយជាចំណុចខ្សោយនោះទេ ត្រូវតែផ្លាស់ប្តូរពីគំរូ ដែលពឹងផ្អែកលើម្ចាស់ជំនួយ មកជាប្រព័ន្ធមួយដែលមានភាពធន់ សមាហរណកម្ម និងមានហិរញ្ញប្បទានផ្ទាល់ខ្លួនក្នុងស្រុក តាមរយៈការធ្វើសមាហរណកម្មសេវាសុខាភិបាល ដោយបញ្ចូលសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ទៅក្នុងសេវាថែទាំសុខភាពបឋម ។ នេះគឺជាចំណុចសំខាន់សម្រាប់និរន្តរភាព។ ចំណែកការគាំពារសង្គមត្រូវបន្តពង្រឹងការបញ្ចូលអ្នករស់នៅជាមួយមេរោគអេដស៍ ទៅក្នុងប្រព័ន្ធប័ណ្ណក្រីក្រ ដើម្បីធានាថា ពួកគេទទួលបានសេវាគាំពារពីរដ្ឋ ។

ទន្ទឹមនេះ ទាំងកម្ពុជា និង អង្គការ UNAIDS បានបញ្ជាក់រួមគ្នាថា ភាពជោគជ័យ មិនត្រូវបានវាស់វែងដោយចំនួនទឹកប្រាក់ជំនួយដែលទទួលបាននោះទ ប៉ុន្តែវាស់វែងដោយប្រសិទ្ធភាព នៃការបញ្ចូលសេវាសង្គ្រោះជីវិតទាំងនេះ ទៅក្នុងរចនាសម្ព័ន្ធជាតិ និងសូមឱ្យយុគសម័យនិរន្តរភាពនេះត្រូវបានកំណត់និយមន័យដោយភាពជាម្ចាស់របស់កម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេ ដើម្បីឆ្ពោះទៅរកការបង្កើតជំនាន់ដែលគ្មានជំងឺអេដស៍ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា