កម្ពុជាពង្រឹងកិច្ចសហការជាមួយ BYD ដើម្បីអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាពង្រឹងកិច្ចសហការជាមួយ BYD ដើម្បីអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី

កម្ពុជាពង្រឹងកិច្ចសហការជាមួយ BYD ដើម្បីអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី

ខណៈដែលពលរដ្ឋកម្ពុជាកំពុងមានទំនោរប្រើប្រាស់រថយន្តអគ្គិសនី រាជរដ្ឋាភិបាលបានគិតគូរលើការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តប្រភេទ EV នេះ ក្នុងនោះ ក្រសួងការងារ និងក្រុមហ៊ុន BYD កម្ពុជា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការពិនិត្យលទ្ធភាពបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្គោល និងសិស្ស ព្រមទាំងការចុះកម្មសិក្សា និងការធ្វើទស្សនកិច្ចសិក្សាខ្សែច្រវាក់ផលិតកម្មផ្ទាល់ជាដើម ។

Advertisement

កាលពីថ្ងៃទី១ ខែមេសា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបជាមួយលោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD Cambodia ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ។ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន BYD ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង អភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសការងារនៅកម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យ EV ។

ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកវត្តមានក្រុមហ៊ុន BYD គឺជាការផ្តល់ទំនុកចិត្តខ្ពស់ដល់កម្ពុជា និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុន BYD ទទួលបានជោគជ័យសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ជាក់ស្តែង នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធទាំងស្រុងលើការនាំចូលរថយន្ត EV ជាលក្ខណៈគ្រួសារ ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន BYD តាមរយៈការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា។ កំណើននៃការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន BYD នេះបង្ហាញពីតម្រូវការនៃការបង្គុំរថយន្ត និងការនាំចូល ដែលបន្ដកើនឡើង។ ដូចនេះ វាជាគឺជាឱកាសដ៏ល្អបំផុត ដែលក្រុមហ៊ុន និងក្រសួង ត្រូវសហការគ្នាក្នុងការបណ្តុះបណ្តាលយុវជនឱ្យទទួលបានជំនាញកាន់តែខ្ពស់។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមឆ្នាំ២០២៥ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីជិត ១ម៉ឺន៣ពាន់គ្រឿង គឺកើន ១២៧% ធៀបនឹងឆ្នាំ២០២៤។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសារធាណការ និងដឹកជញ្ជូន មានប្រសាសន៍ថា បច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ លោកបញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនី ផ្តល់អត្ថប្រយោជន៍ច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗ។

ចំណែកអាជ្ញាធរអគ្គិសនីកម្ពុជា កាលពីពេលថ្មីៗនេះ បានជំរុញឱ្យអ្នកវិនិយោគដែលកាន់អាជ្ញាបណ្ណផ្ដល់សេវាផ្គត់ផ្គង់អគ្គិសនី សិក្សាលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ព្រមទាំងជំរុញកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាបន្ថែមទៀត ៕

ដោយ វណ្ណលុក និង ង៉ាន ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា