អ្នកបើកបរបុកមនុស្សស្លាប់៦នាក់នៅបាត់ដំបងត្រូវបញ្ជូនទៅតុលាការ ខណៈជនរងគ្រោះទារសំណង៣,៥ម៉ឺន ដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកបើកបរបុកមនុស្សស្លាប់៦នាក់នៅបាត់ដំបងត្រូវបញ្ជូនទៅតុលាការ ខណៈជនរងគ្រោះទារសំណង៣,៥ម៉ឺន ដុល្លារ

អ្នកបើកបរបុកមនុស្សស្លាប់៦នាក់នៅបាត់ដំបងត្រូវបញ្ជូនទៅតុលាការ ខណៈជនរងគ្រោះទារសំណង៣,៥ម៉ឺន ដុល្លារ

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ទៅកាន់សាលាដំបូងខេត្តបាត់ដំបងហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ បន្ទាប់ពីបុគ្គលរូបនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្ដាលឱ្យមានមនុស្សបានស្លាប់ច្រើននាក់។

Advertisement

ក្រោយរត់គេចខ្លួនបាន៥ថ្ងៃ យុវជន ស៊ីវ ជ័យសិដ្ឋ ដែលគេស្គាល់ថា ជាកូនប្រុសរបស់ស្នងការរងម្នាក់របស់ខេត្តបន្ទាយមានជ័យ បានចូលសារភាពនៅរសៀលថ្ងៃពុធ ទី១ ខែមេសាថា បានពិតជាបានបើកបរបុកអ្នកដំណើរនៅតាមដងផ្លូវជាតិលេខ ៥ ស្លាប់ជីវិត ៦នាក់ រាប់ទាំងទារកនៅក្នុងផ្ទៃម្នាក់ផង។

យោងតាមសេចក្តីប្រកាសព័ត៌របស់ស្នងការខេត្តបាត់ដំបង សង្ស័យសារភាពទៀតថា រូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី ២៧ ខែមីនា។

របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា ជនបង្ក ស៊ីវ ជ័យសិដ្ឋ មានវ័យ ២០ឆ្នាំ បានបើករថយន្តធុន Mercedes Benz មួយគ្រឿង ក្នុងទិសដៅពីភ្នំពេញ ទៅខេត្តបាត់ដំបង បានបុករះម៉ូតូចំនួន២គ្រឿងនៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់នៅនឹងកន្លែង ក្នុងនោះជនរងគ្រោះម្នាក់មានគភ៌៣ខែក្នុងផ្ទៃ។ ដោយឡែក កុមារ វ័យ៧ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខេត្តសៀមរាប។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់លើបណ្តាញសង្គមផ្លូវការថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម អង្គ វង្សវឌ្ឍានា បានចាត់តាំងមេធាវីការពារក្ដីជូនគ្រួសារសពទាំង ៦នាក់ ដើម្បីទទួលបានយុត្តិធម៌។

លោកស្រី លឹម ច័ន្ទលីដា មេធាវីការពារក្ដីឱ្យក្រុមគ្រួសារជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន AMS នាថ្ងៃព្រហស្បតិ៍ថា ភាគីជនរងគ្រោះបានប្ដឹងទាមទារសំណងចំនួន ៣,៥ម៉ឺនដុល្លារ ក្នុងមួយសព ប៉ុន្តែខាងភាគីជនបង្កបានស្នើសុំផ្ដល់ជូនត្រឹមតែ ១ម៉ឺនដុល្លារប៉ុណ្ណោះក្នុងម្នាក់។

លោកស្រីមេធាវីបានសង្កត់ធ្ងន់ថា ទោះបីជាមានការទូទាត់សំណងរដ្ឋប្បវេណីក៏ដោយ ក៏សំណុំរឿងព្រហ្មទណ្ឌនេះ នៅតែបន្តនីតិវិធីទៅដល់តុលាការ ដើម្បីផ្ដន្ទាទោសជនបង្កតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា