ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញប្តូរវិធីសាស្រ្តធ្វើសកម្មភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញប្តូរវិធីសាស្រ្តធ្វើសកម្មភាព

ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញប្តូរវិធីសាស្រ្តធ្វើសកម្មភាព

ក្នុងប្រតិបត្តិការបោសសម្អាតករណីឆបោកតាមបច្ចេកវិទ្យាទូទាំងប្រទេស ក្រុមសមត្ថកិច្ចជំនាញបានចុះបង្រ្កាប និងបំបែកសំបុកឧក្រិដ្ឋជនទាំងនោះតាមកាស៊ីណូ ឬ អគារធំៗជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យក្រុមឧក្រិដ្ឋជនឆបោក បានប្ដូរយុទ្ធសាស្ត្រ ដោយបំបែកគ្នាជាក្រុមតូចៗ ទៅលបលួចធ្វើសកម្មភាពនៅតាមបុរី ផ្ទះល្វែង ឬខុនដូវិញ ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច ។

Advertisement

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា នាឱកាសអញ្ជើញធ្វើជាវាគ្មិន ធ្វើបទបង្ហាញស្តីពី «ការបង្ក្រាប និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា» ក្រោមវត្តមានឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នាថ្ងៃទី១ ខែមេសា នៅវិមានសាមគ្គីភាព។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភាជាតិ ថា ក្នុងក្របខណ្ឌប្រតិបត្តិការបោសសម្អាតទូទាំងប្រទេសរយៈពេល៩ខែចុងក្រោយនេះ ពោលគឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាទូទាំងប្រទេសបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានជាង២៥០ករណី និងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការចំនួន ៨០ករណី ដោយជាប់ពាក់ព័ន្ធជនសង្ស័យប្រមាណ៧៥០នាក់ ក្នុងនោះមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរផងដែរ។

ឯកឧត្តមបន្តថា ជនបរទេសចំនួន ១ម៉ឺន ១ពាន់នាក់ រួមមានជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងថៃ ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធ Online Scams ។ ជាមួយគ្នានេះ អាជ្ញាធរបានបន្តចុះត្រួតពិនិត្យទីតាំងដែលមានការសង្ស័យ ក្នុងរាជធានី ខេត្ត ចំនួនជាង ១ម៉ឺនកន្លែង ដែលមានវត្តមានជនបរទេសប្រមាណ៨ម៉ឺននាក់ស្នាក់នៅ ស្មើនឹង ៧៨ សញ្ជាតិ ។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បញ្ជាក់ថា ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញលែងប្រមូលផ្តុំគ្នានៅក្នុងកាស៊ីណូ ឬអគារធំៗ ដូចមុនទៀតហើយ ដោយសារកិច្ចខិតខំចុះបង្រ្កាប បានបំបែកសំបុកឧក្រិដ្ឋជនទាំងនោះ។ ក្រុមឧក្រិដ្ឋជនសេសសល់ បានរត់គេចពីសមត្ថកិច្ច ដោយបានបំបែកគ្នាជាក្រុមតូចៗទៅលបលួចជួលផ្ទះធ្វើសកម្មនៅតាមបុរី, ផ្ទះល្វែង ឬខុនដូ ជាលក្ខណៈដាច់ដោយឡែកៗ ហើយបន្លំខ្លួនជាមួយប្រជាពលរដ្ឋ ដើម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ច។

ទម្រង់នៃការឆបោក ដែលក្រុមសមត្ថកិច្ចជំនាញបានប្រមូល និងចងក្រងជាភស្តុតាង រួមមាន ការបោកប្រាស់ក្រោមរូបភាពបង្កើតទំនាក់ទំនងស្នេហា ការឆបោកឱ្យដាក់ទុនក្នុងគម្រោងវិនិយោគដើម្បីទទួលផលចំណេញ ឬការប្រើកម្មវិធីឈ្នះរង្វាន់ជាធ្នាក់ដើម្បីឱ្យពលរដ្ឋផ្ទេរប្រាក់ ក៏ដូចជាសកម្មភាពលួចយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់, និងការបោកប្រាស់ការងារដែលផ្តល់ប្រាក់ខែច្រើនជាដើម។

ដើម្បីពង្រឹងប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់ការប្រឆាំងអំពើឆបោកអនឡាញនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ហើយនឹងត្រូវឆ្លងព្រឹទ្ធសភានៅថ្ងៃទី៣ ខែមេសា។ រាជរដ្ឋាភិបាលកម្ពុជា មានការជឿជាក់ថា ច្បាប់នេះ ក្រោយពេលត្រូវបានប្រកាសដាក់ឱ្យអនុវត្តហើយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាមិនឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាវិលត្រលប់មកកម្ពុជាវិញឡើយ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា