សម្តេចតេជោ ហ៊ុន សែន : ជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន : ជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង
Politico 360 02/04/2026

សម្តេចតេជោ ហ៊ុន សែន : ជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ទៅកាន់ឯកឧត្តម អគ្គរដ្ឋទូតរបស់សិង្ហបុរីថា ជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង ។ ជាមួយនេះ កម្ពុជា នៅតែរក្សាចំហ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ នាពេលកន្លងមក ។ ការបញ្ជាក់របស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ផាង ឈីវី (Pang Chee Wee) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ក្នុងព្រះបរមនាមព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័ស របស់ឯកឧត្តម មកកាន់តំណែងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជានាពេលនេះ បញ្ជាក់យ៉ាងច្បាស់ពីការផ្ដល់តម្លៃរបស់សិង្ហបុរី ចំពោះទំនាក់ទំនងជាមួយនឹងកម្ពុជា ។

នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម បានជួបជូនសារតាំងក្នុងឱកាសនេះ ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងជាយូរអង្វែងជាមួយគ្នា ដែលកាលពីឆ្នាំ២០២៥ កន្លងទៅ ប្រទេសទាំងពីរ បានប្រារព្ធគ្រប់ ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ហើយការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ច ទៅវិញទៅមក រវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ គឺបានបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសិង្ហបុរី ។

ឯកឧត្តមបានលើកឡើងផងដែរថា នៅក្នុងអាណត្តិរបស់ឯកឧត្តម ជាអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងក្នុងការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស ការពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលការវិនិយោគនេះ ឯកឧត្តមសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែងកៀងគរអ្នកវិនិយោគសិង្ហបុរី ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយនេះ ឯកឧត្តម ក៏នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកលើផ្នែកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែមានភាពស្អិតល្មួត តាមរយៈបង្កើតនូវផ្នែកទេសចរណ៍ឱ្យប្រជាជន ប្រទេសទាំងពីរ ធ្វើទស្សនាទៅវិញទៅមក កាន់តែច្រើនថែមទៀត ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើង របស់ឯកឧត្តមអគ្គរដ្ឋទូតថ្មី លើការប្ដេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
សម្ដេចតេជោ ឯកភាពនៅការលើកឡើងរបស់ឯកឧត្តម ចំពោះការផ្លាស់ប្ដូរ នៃទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលបង្ហាញយ៉ាងច្បាស់ អំពីចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងពីរ ។

សម្ដេចតេជោ ក៏បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា បានទស្សនកិច្ច នៅប្រទេសសិង្ហបុរី នាឆ្នាំ២០២៤ ហើយនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានមកទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២៥ កន្លងទៅ ដែលជានិមិត្តរូបមួយនៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី ។បន្ថែមលើនេះ សម្ដេចតេជោ ក៏បានអរគុណចំពោះសិង្ហបុរី ក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានឆ្លៀតលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយក៏អរគុណចំពោះសិង្ហបុរី បានចូលរួមចំណែក ជាពិសេស ការបញ្ជូនអ្នកសង្កេតការណ៍ ក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជា និងថៃនេះ។
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា