តារាសម្ដែងលោកស្រី អេនជេលីណា ចូលី គ្រោងសាងសង់បណ្ណាល័យឌីជីថលបន្ថែមនៅវិទ្យាល័យសំឡូត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាសម្ដែងលោកស្រី អេនជេលីណា ចូលី គ្រោងសាងសង់បណ្ណាល័យឌីជីថលបន្ថែមនៅវិទ្យាល័យសំឡូត

តារាសម្ដែងលោកស្រី អេនជេលីណា ចូលី គ្រោងសាងសង់បណ្ណាល័យឌីជីថលបន្ថែមនៅវិទ្យាល័យសំឡូត

ភ្នំពេញ៖តារាហូលីវូតល្បីឈ្មោះ លោកស្រី អេនជេលីណា ចូលី(Angelina Jolie) គ្រោងសាងសង់បណ្ណា​ល័យឌីជីថល​មួយសម្រាប់​សិស្សវិទ្យា ល័យសំឡូត ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់វប្ប​ធម៌​អាន និងលើកកម្ពស់ការសិក្សា​របស់សិស្សានុសិស្សស្របទៅនឹងសម័យ​កាលឌីជីថល។

Advertisement

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លោកស្រី Angelina Jolie បានអញ្ជើញទស្សនកិច្ចវិទ្យាល័យសំឡូត កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីស្ថានភាពសិក្សារបស់សិស្ស និងវឌ្ឍនភាព​នៃការស្នាក់នៅអន្តេវាសិកដ្ឋាន ក្នុង​វិទ្យាល័យសំឡូត ដែលលោកស្រី​បានជួយឧបត្ថម្ភ។ក្រសួងបានចាត់ទុកដំណើរទស្សន​កិច្ចនេះថា បង្ហាញពីការយក​ចិត្តទុកដាក់​របស់តួកុនអាម៉េរិកាំង​រូបនេះចំពោះ វិស័យអប់រំ និងសុខុមាលភាពសិស្សនៅកម្ពុជា។

លោក ហួត សុខុម នាយកវិទ្យាល័យសំឡូត បានប្រាប់ បណ្ដាញ​ព័ត៌មានAMS ថា ដំណើរទស្សនកិច្ចរបស់លោក​ស្រីផ្តោតលើការ​ពិនិត្យវឌ្ឍនភាពសិក្សារបស់សិស្ស និងតម្រូវការចាំបាច់នានារបស់​សាលា។ លោកបានបញ្ជាក់ថា លោកស្រីក៏ជាស្ថាបនិក​មួយ​រូបក្នុង​គម្រោងកម្មវិធីបំណិនជីវិតដែលកំពុងអនុវត្តនៅសាលានេះផងដែរ។

លោកនាយកសាលាក៏បានគូសបញ្ជាក់ថា៖«វត្តមានរបស់លោកស្រី Angelina Jolie គឺជាការលើកទឹកចិត្តដ៏សំខាន់​សម្រាប់​សិស្សានុ​សិស្ស ដែលភាគច្រើនចាត់ទុកលោកស្រីជាគំរូ និងអាយដលមួយរូបរបស់​ពួកគេ»។

បច្ចុប្បន្នវិទ្យាល័យសំឡូតមានអគារអន្តេវាសិកដ្ឋានចំនួន ២ ខ្នង ដែលអាច​ផ្តល់កន្លែងស្នាក់នៅដល់សិស្សប្រមាណ ១៤០នាក់ មកពីតំបន់​ដាច់ស្រយាល។ ចាប់តាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន អន្តេវាសិកដ្ឋាន​នេះបានជួយសិស្សជិត ១.០០០នាក់ ក្នុងការបន្តការសិក្សា និងកាត់បន្ថយ​ការចំណាយរបស់គ្រួសារ។

លោក ហួត សុខុម នាយកវិទ្យាល័យសំឡូត គូសបញ្ជាក់ថា ៧០ភាគរយ នៃសិស្សនៅវិទ្យាល័យសំឡូត មកពីតំបន់ឆ្ងាយៗ ហើយសិស្សខ្លះរស់​នៅ​ឆ្ងាយពីសាលារហូតដល់ ១៨គីឡូម៉ែត្រ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត​សភាកម្ពុជា បានលើកឡើងថា វិភាគទានរបស់ លោកស្រី Angelina Jolieនៅវិទ្យាល័យសំឡូត​គឺជាការផ្តល់​កម្លាំងចិត្តដ៏ធំដល់សិស្ស ជាពិសេសស្រី។
លោកបញ្ជាក់ថា«គាត់ចាប់អារម្មណ៍ជាមួយកុមារខ្មែរ យុវជនខ្មែរ។ នេះជាការលើកទឹកចិត្តមួយ។ នេះជាការបង្ហាញការ​ចាប់អារម្មណ៍ ឲ្យតម្លៃដល់ការសិក្សារបស់ប្អូនៗ»។

លោកស្រី Angelina Jolie បានផ្តល់មូលនិធិអភិវឌ្ឍន៍នៅវិទ្យាល័យ​សំឡូត និងបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ជាប្រចាំ ក្រោយពី​លោកស្រីបានមកថតខ្សែភាពយន្តនៅកម្ពុជា ហើយទំនាក់ទំនងនេះ​បានក្លាយជាការងារមនុស្សធម៌ និងការគាំទ្រដល់​សង្គមកម្ពុជា ពិសេស​លើវិស័យអប់រំ៕
ដោយ៖សែន ដាវិត

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា