អយ្យការបានចោទប្រកាន់ជនសង្ស័យបើកបុកមនុស្សស្លាប់៥នាក់នៅខេត្តបាត់ដំបង ដែលអាចប្រឈមការដាក់ទោសជាប់​ពន្ធនាគាររហូតដល់ ៥ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អយ្យការបានចោទប្រកាន់ជនសង្ស័យបើកបុកមនុស្សស្លាប់៥នាក់នៅខេត្តបាត់ដំបង ដែលអាចប្រឈមការដាក់ទោសជាប់​ពន្ធនាគាររហូតដល់ ៥ឆ្នាំ

អយ្យការបានចោទប្រកាន់ជនសង្ស័យបើកបុកមនុស្សស្លាប់៥នាក់នៅខេត្តបាត់ដំបង ដែលអាចប្រឈមការដាក់ទោសជាប់​ពន្ធនាគាររហូតដល់ ៥ឆ្នាំ

ភ្នំពេញ៖សាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់​ជនសង្ស័យ ស៊ីវ ជ័យសិដ្ឋ នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ ពីបទ​បើកបរ​ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ និងបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យ​របួសដល់អ្នកដទៃ និងរត់គេចខ្លួន។នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​អយ្យការ​អម​សាលាដំបូង ខេត្តបាត់ដំបង។

Advertisement

បទចោទទាំងពីរដោយផ្អែកលើមាត្រា៨៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជា​ណា​ចក្រកម្ពុជា ហើយ​ប្រសិនបើតុលាការរកឃើញកំហុសជនជាប់សង្ស័យអាចនឹងប្រឈមការដាក់ទោសជាប់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជា​ប្រាក់ពី​១លានរៀល ដល់ ២៥លានរៀល។

កូនប្រុសរបស់ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យអាយុ ២០ឆ្នាំ រូបនេះ បានសារភាពនៅចំពោះមុខនគរបាល​ខេត្ត​បាត់ដំបង កាលពី​រសៀលថ្ងៃពុធម្សិលមិញនេះ ថាខ្លួនជាអ្នកបានបង្កគ្រោះថ្នាក់​ចរាចរណ៍​បុករះអ្នកដំណើរចំនួន ៥នាក់ស្លាប់ នៅភូមិកកោះ ឃុំកកោះ ស្រុកមោង​ឫស្សី ខេត្តបាត់ដំបងក្នុងនោះក៏មានស្ត្រីកំពុងមានផ្ទៃពោះម្នាក់ផងដែរ។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៧ ខែមីនា ដែល​ជំរុញឱ្យមានប្រតិកម្មពីមហាជនជាច្រើន រួមទាំងអន្តរាគមន៍ពី​សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។

មេធាវីការពារក្តីដោយឥតគិតថ្លៃដល់គ្រួសារជនរងគ្រោះ លោកស្រី លឹម ច័ន្ទលីដា បានប្រាប់បណ្តាញព័ត៌មាន AMS ថា ភាគី​ជនរងគ្រោះ និង​ភាគីជនបង្កបានចាប់ផ្តើមពិភាក្សាគ្នាអំពីសំណងរដ្ឋប្បវេណី នៅកាល​ពីថ្ងៃពុធ ប៉ុន្តែមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ។
បើតាមលោកស្រី មេធាវី លឹម ចន្ទ័លីដា ភាគីជនរងគ្រោះបានទាមទារ​សំណង ៥ម៉ឺនដុល្លារក្នុងមួយគ្រួសារ បន្ទាប់មកទម្លាក់​មកត្រឹម ៣៥.០០០​ដុល្លារវិញ។ ប៉ុន្តែភាគីគ្រួសារជនបង្កស្នើសុំផ្តល់សំណងត្រឹមតែ១ម៉ឺនដុល្លារសម្រាប់ជនរងគ្រោះម្នាក់ ហើយ​ភាគីទាំងពីរមិនទាន់ឈានដល់ចំណុចត្រូវរ៉ូវ​ណាមួយ​នៅឡើយ។

លោកស្រីមេធាវី បញ្ជាក់ថា ដូច្នេះរឿងក្តីនេះនឹងបន្តនីតិវិធីទៅកាន់​តុលាការទៀត ដើម្បីផ្ដន្ទាទោសជនបង្កតាមច្បាប់ និងដើម្បីផ្តល់​សំណងទៅកាន់គ្រួសារជនរងគ្រោះ៕
ដោយ៖សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា