កម្ពុជា-កូរ៉េខាងត្បូងចាប់ដៃគ្នាបង្ក្រាបការចែកចាយទំនិញក្លែងក្លាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-កូរ៉េខាងត្បូងចាប់ដៃគ្នាបង្ក្រាបការចែកចាយទំនិញក្លែងក្លាយ

កម្ពុជា-កូរ៉េខាងត្បូងចាប់ដៃគ្នាបង្ក្រាបការចែកចាយទំនិញក្លែងក្លាយ

ភ្នំពេញ៖ទីភ្នាក់ងារគយរបស់ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងជាមួយអាជ្ញាធរគយកម្ពុជា កាលពីថ្ងៃពុធទី១ ខែមេសា ឆ្នាំ២០២៦ ដើម្បីធ្វើការបង្ក្រាបរួមគ្នា លើអ្នកដែលផ្គត់ផ្គង់ ឬចែកចាយ​ទំនិញក្លែងក្លាយនៃម៉ាកកូរ៉េ។

Advertisement

សារព័ត៌មាន Korea JoongAng Daily ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងចំពេលមានការកើន​ឡើងនៃផលិតផល​ក្លែងក្លាយនៃម៉ាកយីហោកូរ៉េ រួមទាំងអាហារ និងគ្រឿងសម្អាង ដែលត្រូវ​បានចែកចាយនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ សម្រាប់កម្ពុជា ការប្រើប្រាស់​ផលិតផលពីកូរ៉េខាងត្បូង ពិសេសគ្រឿងសម្អាង និងចំណីអាហារ មានការពេញ​និយមគួរឱ្យ​កត់សម្គាល់ពីពលរដ្ឋកម្ពុជា។

ទីភ្នាក់ងារគយកូរ៉េបាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងសម្គាល់ចំណុច​របត់មួយក្នុងការការពារកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនកូរ៉េ នៅអាស៊ីអាគ្នេយ៍ ហើយប្តេជ្ញាជំរុញបរិយាកាសសុវត្ថិភាពសម្រាប់អ្នកនាំចេញក្នុងស្រុក។

ស្របពេលជាមួយគ្នានេះ ភាគីកម្ពុជា និងកូរ៉េ ក៏បានយល់ព្រមអនុវត្ត​ប្រតិបត្តិការ IPR Border-Lock 2026 ដែលជាការស៊ើប​អង្កេតរួម​គ្នាមួយសំដៅលើក្រុមឧក្រិដ្ឋជនដែលចែកចាយផលិតផលក្លែងក្លាយម៉ាក K ឆ្លងកាត់ព្រំដែនក្នុងឆ្នាំនេះ។

លោក គឹម មាសសុខសីហា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង បានប្រាប់បណ្ដាញព័ត៌មាន AMS ថាកិច្ច​សហការរវាងកម្ពុជា និងកូរ៉េខាងត្បូង នេះធ្វើឡើងក្នុងគោលបំណង​ធានាការពារសុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងធានាការធ្វើធុរកិច្ច​ប្រកបដោយភាពស្មោះត្រង់។ លោកបន្តថា កន្លងមក ភាគីទាំងពីរ​ធ្លាប់សហការបង្រ្កាបផលិតផល​មិនសមស្រប ផលិតផលមិនអនុលោម​តាមស្តង់ដារ និងផលិតផលបំពានកម្មសិទ្ធិបញ្ញា។

តាមការសិក្សាវាយតម្លៃពីអង្គការ OECD ទំនិញក្លែងក្លាយមានការចរាចរ​ធ្វើពាណិជ្ជកម្មទូទាំងពិភពលោកគិតជាតម្លៃប្រមាណជាង ៤៥០ពាន់លាន​ដុល្លារ គឺប្រមាណ ២,៣ភាគរយ ធៀបនឹងទំនិញនាំចូលទូទាំងពិភព​លោក។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថានៅរយៈ​ពេល ២ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជា បាននាំចូលទំនិញ​ពីកូរ៉េខាងត្បូង ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លារ។ ទំនិញភាគច្រើនដែលកម្ពុជា បាននាំចូលពីកូរ៉េខាងត្បូង មានដូចជា ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ ឧបករណ៍ផ្ទះបាយ និងរថយន្តដឹកទំនិញ។

ចំណែកការនាំចេញទំនិញកម្ពុជា ទៅកូរ៉េខាងត្បូងវិញ មានទំហំទឹក​ប្រាក់ជាង ៦៥លានដុល្លារ ដោយទំនិញភាគ​ច្រើនជា​ផលិតផល​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិត​ផលកសិកម្ម៕
ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា