កម្ពុជាប្រឆាំងតវ៉ាចំពោះយោធាថៃ ដែលរាយលួសបន្លា និងពង្រឹងកម្លាំងក្បែរតំបន់ប្រាសាទព្រះវិហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រឆាំងតវ៉ាចំពោះយោធាថៃ ដែលរាយលួសបន្លា និងពង្រឹងកម្លាំងក្បែរតំបន់ប្រាសាទព្រះវិហារ

កម្ពុជាប្រឆាំងតវ៉ាចំពោះយោធាថៃ ដែលរាយលួសបន្លា និងពង្រឹងកម្លាំងក្បែរតំបន់ប្រាសាទព្រះវិហារ

ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់ និងកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ដែលថៃកាន់កាប់ដោយខុសច្បាប់ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

Advertisement

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃអាទិត្យ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ។ កងទ័ពថៃក៏បានរាយលួសបន្លាប្រវែងប្រមាណ ១០០ ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យខូចស្ថានការណ៍ ដោយបង្កើតការកាន់កាប់លើដីជាក់ស្តែង និងប្រកាសតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពទាំងឡាយ ដែលរំលោភអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង- សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

សកម្មភាពទាំងនោះក៏ផ្ទុយនឹងវិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងៗ និងត្រូវធ្វើសកម្មភាពបន្ថយភាពតានតឹង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងថែរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា កម្ពុជាមិនអាចជៀសផុតពីការកែទម្រង់វិស័យយោធានោះឡើយ ដោយលោកយល់ឃើញថា នេះជាតម្រូវការបន្ទាន់ក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។

បើតាមអ្នកជំនាញដដែល ទន្ទឹមនឹងការធ្វើទំនើបកម្មវិស័យយោធាឲ្យបានលឿន កម្ពុជាក៏ត្រូវបន្តជំរុញដំណើរការស្របគ្នា ផ្នែកការទូត និងច្បាប់អន្តរជាតិ ដែលត្រូវប្រើប្រាស់ជាឧបករណ៍ ដើម្បីការពារផលប្រយោជន៍ជាតិ។

វីរកងទ័ពកម្ពុជាត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈខ្ពស់ជានិច្ច ដើម្បីការពារទឹកដី និងតាមដានរាល់សកម្មភាពរបស់ភាគីថៃ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា