កម្លាំងចម្រុះឃាត់ខ្លួនជនបរទេសជាង២០០នាក់នៅខណ្ឌសែនសុខ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្លាំងចម្រុះឃាត់ខ្លួនជនបរទេសជាង២០០នាក់នៅខណ្ឌសែនសុខ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្លាំងចម្រុះឃាត់ខ្លួនជនបរទេសជាង២០០នាក់នៅខណ្ឌសែនសុខ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ កម្លាំងចម្រុះរាជធានីភ្នំពេញបានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្ក្រាបទីតាំងសង្ស័យមួយកន្លែងដែលមានបង្កប់​ការប្រពឹ្រត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬស្កេម អនឡាញ ( Online scam)ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់​ស៊ីហ្គាដេន ស្ថិតក្នុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេសច្រើនជាតិសាសន៍ជាង
២០០ នាក់។

Advertisement

ប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)ដែលបណ្ដាញព័ត៌មានAMSទទួលបាននៅថ្ងៃទី៧ ខែមេសានេះបានឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំ​ឆ្មក់បង្ក្រាបទីតាំង​សង្ស័យបង្កប់​ការប្រពឹ្រត្តបទល្មើស ស្កេម អនឡាញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់​ស៊ីហ្គាដេន ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនឃាត់ខ្លួនមនុស្សចំនួន ២១៨នាក់ និងសម្ភារៈជាវត្ថុតាងជាច្រើនទៀត។
ប្រភពដដែលបន្តថា ក្នុងចំណោមជនបរទេសសរុប ២១៨នាក់មានស្រី្ត ១០នាក់ មាន ០៦ សញ្ជាតិ គឺជនជាតិចិនចំនួន ៩៣ នាក់, បង់ក្លាដេស ៩១ នាក់, វៀតណាម ១៧ នាក់, ជនជាតិឥណ្ឌា ១១ នាក់, ជប៉ុន ៥ នាក់ និងជនជាតិឡាវ ១ នាក់។
ក្នុងនោះមានមនុស្ស ១១៤ នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។

ក្នុងប្រតិបត្តិការដដែលក្រុមការងារបានដកហូតវត្ថុតាងកុំព្យូទ័រ All in one ១៣៣គ្រឿង, កុំព្យូទ័រយូរដៃ៤៤គ្រឿង, ទូរសព្ទដៃ ៣៩២ គ្រឿង, Monitor ១៦គ្រឿង, CPU ១៥គ្រឿង, Tablet ៥គ្រឿង, មួកនគរបាលជប៉ុន ២ មួក, អាវនគរបាលជប៉ុន ៥អាវ និងកាតនគរបាលជប៉ុន៤ សន្លឹក។

យោងតាមការ​ធ្វើកោសល្យវិច័យលើវត្ថុតាងឧបករណ៍អេឡិចត្រូនិក សមត្ថកិច្ចជំនាញបានសន្និដ្ឋានបានថា ទីតាំងខាងលើ​មានជាប់ពាក់ព័ន្ធអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន គោលដៅឆបោក​ជនជាតិជប៉ុន, និងការឆបោកក្រោមរូបភាព លួងលោមស្នេហា និងក្រោមរូបភាពវិនិយោគ ដែលមាន គោលដៅទៅប្រទេសចិន, ឥណ្ឌា, ប៉ាគីស្ថាន, បង់ក្លាដេស និង វៀតណាម។

បច្ចុប្បន្ន ជនសង្ស័យបរទេសទាំង ២១៨ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជ​ធានី​ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង២៤មាត្រា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

តាម​រយៈច្បាប់​នេះ​ បទ​ល្មើស​ព្រហ្មទណ្ឌថ្មី​ចំនួន​៥​ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត គឺ៖
១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,
២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,
៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា,
៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ, និង
៥- ការ​បង្កើត​ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។
បទ​ល្មើស​ទាំង​នេះ​ បានកំណត់ដាក់ទោស​ជនល្មើស​ត្រូវប្រឈមនឹងការ​ជាប់​ពន្ធនាគារ​​ខ្ពស់​បំផុតរហូត​ដល់​១​ជីវិត​ និង​ពិន័យ​ជា​ប្រាក់រហូត​ដល់​ ១ ០០០ លានរៀល​ ថែម​ទាំងការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ជន​ល្មើស​ផងដែរ​៕
ដោយ៖មុនី
រូបភាព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា