នាយករដ្ឋមន្រ្តីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ស្របពេលពិព័រណ៍ផលិតផលខ្មែរជិតចាប់ផ្តើម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្រ្តីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ស្របពេលពិព័រណ៍ផលិតផលខ្មែរជិតចាប់ផ្តើម

នាយករដ្ឋមន្រ្តីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ស្របពេលពិព័រណ៍ផលិតផលខ្មែរជិតចាប់ផ្តើម

ការលើកកម្ពស់ទំនិញខ្មែរ មិនត្រឹមតែជួយដល់ផលិតករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រស្នូល ក្នុងការកសាងសេដ្ឋកិច្ចឱ្យមានភាពធន់ និងបង្កើតតម្លៃបន្ថែមក្នុងប្រទេស ចំពោះមុខភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពតានតឹងតាមព្រំដែនដែលកំពុងកើតមាន។ នេះជាការលើកឡើងរបស់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី នៅក្នុងសារអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។

Advertisement

ស្របពេលជាមួយគ្នានេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានប្រកាសរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែមេសា នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានលើកឡើងថា គោលដៅសំខាន់នៃពិព័រណ៍នេះ គឺចង់ឱ្យពលរដ្ឋខ្មែរមានមោទនភាពក្នុងការប្រើប្រាស់ និងជូនកាដូជាផលិតផលជាតិដល់សាច់ញាតិនៅស្រុកកំណើត។ ផលិតផលខ្មែររាប់រយមុខដែលនឹងត្រូវដាក់តាំងបង្ហាញ សុទ្ធសឹងតែឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពត្រឹមត្រូវតាមស្ដង់ដារ។

ក្រៅពីការលក់ដូរ ពិព័រណ៍នេះក៏មានវេទិកា “ផ្គូរផ្គងពាណិជ្ជកម្ម” ដើម្បីបើកឱកាសឱ្យអ្នកផលិត និងអ្នកចែកចាយជួបពិភាក្សាគ្នា ពង្រីកទីផ្សារផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀតផងដែរ។

ចលនាគាំទ្រផលិតផលក្នុងស្រុក និងការធ្វើពហិការទំនិញថៃនាពេលថ្មីៗនេះ បានក្លាយជាកម្លាំងចលករយ៉ាងសកម្មដែលជំរុញឱ្យវិស័យសហគ្រាសធុនតូច និងមធ្យមខ្មែរមានសន្ទុះងើបឡើងយ៉ាងឆាប់រហ័ស។ លោកឧកញ៉ា តែ តាំងប៉ បានលើកទឹកចិត្តសហគ្រាសក្នុងស្រុកទាំងអស់ ត្រូវពង្រីកច្រវ៉ាក់ផលិតកម្ម និងពង្រឹងគុណភាពជាបន្ទាន់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើងខ្ពស់បំផុតមិនធ្លាប់មាននេះ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងសម្រុកអនុវត្តគោលនយោបាយគាំទ្រសហគ្រាសក្នុងស្រុកយ៉ាងពេញទំហឹង ទាំងការលើកកម្ពស់គុណភាព ការពង្រីកទីផ្សារ និងការបង្កើតអត្តសញ្ញាណផលិតផលកម្ពុជា ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងលើឆាកអន្តរជាតិ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា